ភ្នំពេញ៖ បន្ទាប់ពីការបើកប្រទេសឡើងវិញ និងស្របតាមបរិបទសង្គមបច្ចុប្បន្ន មន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានជម្រុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ទាំងអស់ ត្រូវចាប់យកបច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗ ដើម្បីកែលម្អកម្មវិធីសិក្សាឲ្យស្របទៅបដិវត្តន៍ឧស្សាហកម្ម ៤.០។
ឯកឧត្តម ប៉ាក សុខុម រដ្ឋលេខាធិការ នៃក្រសួងទេសចរណ៍ បានលើកឡើងថា វិស័យទេសចរណ៍កម្ពុជា បានចូលរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការការពារបរិស្ថាន ពោលគឺចូលរួមដល់ការកសាងសេដ្ឋកិច្ចបៃតងនៅកម្ពុជា ដែលជាផ្នែកគាំទ្រដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកប ដោយចីរភាព ឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ ។ ឯកឧត្តមបន្តថា ពិតណាស់ថា ដើម្បីសម្រេចបាននូវការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ជាពិសេស ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងបដិសណ្ឋារកិច្ចវាចាំបាច់ត្រូវមានការចូលរួម និងគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធទាំងវិស័យរដ្ឋ និងឯកជន។
ឯកឧត្តម បន្តថា សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ទាំងអស់ ក្នុងខេត្តសៀមរាប សូមចាប់យកបច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗ ដើម្បីកែលម្អកម្មវិធីសិក្សា និងវិធីសាស្ត្របណ្តុះបណ្តាលរបស់ខ្លួនឲ្យស្របទៅបដិវត្តន៍ឧស្សាហកម្ម ៤.០។ សមាគឧស្សាហកម្មទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ ក្នុងការជំរុញផ្សព្វផ្សាយស្មារតីនៃកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា នៅក្នុងមូលដ្ឋានអាជីវកម្ម និងសមាជិករបស់ខ្លួន ហើយគណៈកម្មការគ្រប់គ្រងគម្រោង ហូកា រីករាយនឹងផ្តល់កិច្ចសហប្រតិបត្តិការ និងជំនួយបច្ចេកចាំបាច់នានា។
តាមរយៈរបាយការណ៍របស់លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងគម្រោង ហូកា បានបញ្ជាក់ថា គ្រូបង្គោលដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលហូកា ថ្មីៗនេះ បានចូលរួមបណ្តុះបណ្តាលបន្តដល់អ្នកជំនាញក្នុងមូលដ្ឋានអាជីវកម្មរបស់ខ្លួនក្នុងទម្រង់ In-House Training ដោយត្រឹមរយៈពេលតែ៤សប្តាហ៍ បានបណ្តុះបណ្តាលអ្នកជំនាញសរុបចំនួន ១១៦រូប (ស្រី៦៧រូប) ដែលនេះបង្ហាញឲ្យឃើញពីផលវិជ្ជមាន ដែលទទួលបានពីការបណ្តុះបណ្តាល និងការគាំទ្រពីអង្គការអន្តរជាតិខាងការងារ ILO។
គួរបញ្ជាក់ថា ក្រសួងទេសចរណ៍ បានបន្តជំរុញការបណ្តុះបណ្តាលក្នុងទម្រង់បណ្តុះបណ្តាលខាងក្នុង ឲ្យបានកាន់តែផុលផុសបន្ថែមទៀត ដោយប្រើប្រាស់ឯកសារបណ្តុះបណ្តាល ហូកា ដែលមានការទទួលស្គាល់ និងវិធីសាស្ត្របណ្តុះបណ្តាលសកម្ម ដើម្បីបង្កើនមូលធនមនុស្សក្នុងវិស័យទេសចរណ៍ ក្នុងដំណាក់កាលស្តាវិស័យទេសចរណ៍ឡើងវិញ៕