រដ្ឋធានីគៀវ ៖ ការវាយប្រយុទ្ធគ្នាយ៉ាងខ្លាំង នៅក្នុងភូមិមួយ នៅភាគខាងជើង រដ្ឋធានីគៀវ បានធ្វើឲ្យកងទ័ពរុស្ស៊ី ស្លាប់កាន់តែច្រើន ហើយបោះបង់ចោលសាកសព នៅតាមផ្លូវ នៅក្នុងភូមិនោះ
សារព័ត៌មាន VOA Kurdish បានចេញផ្សាយ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ថា កម្លាំងទាហានរុស្ស៊ី បានវាយប្រយុទ្ធគ្នាយ៉ាងខ្លាំងជាមួយនឹងកងទ័ពអ៊ុយក្រែន នៅក្នុងភូមិមួយ នាភាគខាងជើង រដ្ឋធានីគៀវ។ ប៉ុន្ដែរុស្ស៊ី មិនអាចទប់ទល់នឹងកម្លាំងរបស់អ៊ុយក្រែនបាន ក៏ដកកម្លាំងចេញពីភូមិនោះ មុនពេលកម្លាំងកងទ័ពអ៊ុយក្រែន បានចូលទៅគ្រប់គ្រងវិញ កាលពីថ្ងៃពុធ ទី៣០ ខែមីនា។ នៅទីនោះ កម្លាំងអ៊ុយក្រែ រវល់តែដើរ ប្រមូលគ្រឿងយុទ្ធោបករណ៍ ដែលទាហានរុស្ស៊ី បោះបង់ចោល ហើយបានឃើញសាកសពរបស់ទាហានរុស្ស៊ីជាច្រើន នៅតាមផ្លូវ ក្នុងភូមិនោះ។

ដោយឡែក ទីភ្នាក់ងារសារព័ត៌មាន Reuters បានផ្សាយថា នៅក្នុងភូមិលុខ្យ៉ានីវកា (Lukyanivka) នៅជាយរដ្ឋធានីគៀវ ជាកន្លែងវាយប្រយុទ្ធគ្នាយ៉ាងស្រួចស្រាល់ រវាងកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន និង កម្លាំងទាហានឈ្លានពានរបស់រុស្ស៊ី កាលពីសប្ដាហ៍មុន។ ការប៉ះទង្គិចគ្នាយ៉ាងខ្លាំងនេះ បានធ្វើឲ្យរថក្រោះ ចំនួន២គ្រឿង និង រថពាសដែកជាច្រើនគ្រឿងរបស់រុស្ស៊ី ត្រូវឆេះ។ ចំណែកទាហានរុស្ស៊ី ជាច្រើននាក់ ក៏ត្រូវសម្លាប់ ហើយសាកសព ត្រូវចោល នៅតាមផ្លូវ នៅក្នុងភូមិនោះ។
លោក វីល្លៀម ប៊ឺនស៍ (William Burns) នាយកទីភ្នាក់ងារស៊ើបការណ៍កណ្ដាល ហៅកាត់ CIA របស់សហរដ្ឋអាមេរិក បានថ្លែង កាលពីដើមខែមីនា ឆ្នាំ២០២២ ថា មហិច្ឆតារបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ត្រូវតែរឹបអូសយករដ្ឋធានីគៀវ ត្រឹមតែ រយៈពេល២ថ្ងៃ បន្ទាប់ពីការបើកការវាយលុកលុយ ចូលឈ្លានពាន នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ លោក ពូទីន និង មន្ត្រីក្រុងមូស្គូ នៅតែអះអាងថា ប្រតិបត្តិការយោធារបស់រុស្ស៊ី នៅអ៊ុយក្រែន បានប្រព្រឹត្តឡើង ទៅតាមផែនការ។
ទោះជាយ៉ាងណាក៏ដោយ ឧបសគ្គដំបូងចំនួនពីរ បានបង្ហាញថា វានឹងមិនអាចប្រព្រឹត្ដទៅដោយស្រួល សម្រាប់កម្លាំងរុស្ស៊ី ដែលត្រូវបានអ្នកការទូតមួយចំនួន បានប៉ាន់ប្រមាណ មុនពេលសង្គ្រាម ថា រុស្ស៊ីនឹងប្រើប្រាស់ កម្លាំងទ័ពប្រហែល ១៩០ ០០០នាក់ សម្រាប់ការឈ្លានពាន នៅក្នុងប្រទេសអ៊ុយក្រែន ថ្វីបើក្រុងមូស្គូ មិនបានផ្តល់តួលេខ សម្រាប់ការដាក់ពង្រាយកងទ័ព នៅក្នុងប្រទេសអ៊ុយក្រែន យ៉ាងណាក្ដី។

បើតាមសារព័ត៌មាន Wall Streel Journal បានផ្សាយថា ទាហានឆត្រយោងរបស់រុស្ស៊ី បានវាយប្រហារយ៉ាងខ្លាំង ទៅលើអាកាសយានដ្ឋានហូស្ដូម៉ែល (Hostomel) ដែលជាអាកាសយានដ្ឋានដ៏សំខាន់មួយ នៅភាគពាយព្យ នៃរដ្ឋធានីគៀវ (Kyiv) នាថ្ងៃដំបូង នៃការលុកលុយ។ ប៉ុន្តែការប្រយុទ្ធគ្នាយ៉ាងខ្លាំង នៅទីនោះ បានពន្យឺតដល់ការវាយលុក រុលចូលទៅមុខរបស់កម្លាំងទាហានឈ្លានពានរបស់រុស្ស៊ី នៅក្នុងដំណើរឆ្ពោះទៅកាន់រដ្ឋធានីគៀវ។
ដោយឡែក មន្រ្ដីយោធាអ៊ុយក្រែន បានអះអាងថា រុស្ស៊ី បានបាត់បង់កម្លាំងទ័ព ជាង១៧ ០០០នាក់ ហើយក្នុងនោះមានមេបញ្ជាការ ថ្នាក់ឧត្ដមសេនីយ៍ ចំនួន៧នាក់ និង ថ្នាក់វរសេនីយ៍ឯក ចំនួន៨នាក់ផងដែរ។ ក្រៅពីនេះ កងទ័ពរុស្ស៊ី បានខាតបង់គ្រឿងយុទ្ធោបករណ៍យ៉ាងច្រើន រួមទាំងយន្ដហោះចម្បាំង និង ឧទ្ធម្ភាគចក្ររាប់រយគ្រឿងទៀត៕រក្សាសិទ្ធិដោយ ៖ សារាយsn














