Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គប្រជុំគណៈរដ្ឋមន្ត្រី បានសម្រេចឱ្យបង្កើនចំនួនគណៈអភិបាលរាជធានី-ខេត្ត និងសុវត្ថិភាពម្ហូបអាហារ

ភ្នំពេញ ៖ ថ្ងៃនេះ អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី០១ ខែមេសា ឆ្នាំ២០២២នេះ បានសម្រេចអនុម័តទាំងស្រុងលើ «សេចក្ដីព្រាងច្បាប់ ស្ដីពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ» មានន័យថា បើកផ្លូវឱ្យបង្កើនចំនួនគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ ច្រើនជាងមុន ព្រមទាំងច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ។

ការធ្វើវិសោធនកម្មច្បាប់ មាត្រា១៤០ថ្មី ដែលត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តនាព្រឹកនេះ បានកំណត់ចំនួនគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌដូចខាងក្រោម៖

  • គណៈអភិបាលរាជធានីភ្នំពេញមានចំនួនយ៉ាងច្រើន ១១រូប, (មុននេះមានចំនួន ៧រូប)។
  • គណៈអភិបាលខេត្តមានចំនួនពី ៧រូប ទៅ ១១រូប, (មុននេះមានចំនួនពី ៣រូប ទៅ ៧រូប)។
  • គណៈអភិបាលក្រុង ស្រុក ខណ្ឌ មានចំនួនពី ៥រូប ទៅ ៧រូប (មុននេះមានចំនួនពី ៣រូប ទៅ ៥រូប)។

ចំនួនជាក់ស្តែងនៃគណៈអភិបាលសម្រាប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវកំណត់ដោយអនុក្រឹត្យតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ការបង្កើនចំនួនគណៈអភិបាលសម្រាប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនីមួយៗនេះ ត្រូវបានធ្វើការសិក្សា និងពិនិត្យឡើងវិញ ដោយធ្វើការគិតគូរផ្អែកលើកត្តាមួយចំនួនដែលរួមមាន ចំនួនសមាជិកក្រុមប្រឹក្សានៃរាជធានី ខេត្ត ក្រុង ស្រុកខណ្ឌនីមួយៗ កត្តាភូមិសាស្ត្រ និងកត្តាប្រជាសាស្ត្រនៃរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនីមួយៗ ដើម្បីងាយស្រួលគ្រប់គ្រង និងអនុវត្តការងារក្នុងដែនគ្រប់គ្រងរដ្ឋបាលមូលដ្ឋាន។

ចំណែក ការអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ វិញ ត្រូវបានឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានពន្យល់ថា សេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារនេះ ត្រូវបានរៀបចំឡើងដោយយោងតាមតម្រូវការនៃនិន្នាការសាកលនៃពាណិជ្ជកម្មអន្តរជាតិ និងស្របទៅតាមកម្មវិធីការងាររបស់រាជរដ្ឋាភិបាល ឆ្នាំ២០១២-២០១៥ ពាក់ព័ន្ធវិស័យពាណិជ្ជកម្ម ដែលកម្ពុជាមានកាតព្វកិច្ចត្រូវរៀបចំប្រព័ន្ធច្បាប់ឱ្យបានរឹងមាំ ដើម្បីឆ្លើយតបទៅនឹងឧត្តមានុវត្តន៍អន្តរជាតិ នៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជា ទៅក្នុងតំបន់ និងសាកល។

ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារនេះ មានសារៈសំខាម់ណាស់ ព្រោះស្របតាមគោលការណ៍នៃប្រព័ន្ធច្បាប់ពិភពលោក, ដូច្នេះ ក្រសួងពាណិជ្ជកម្ម បានសហការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារនេះឡើង ដើម្បីគ្រប់គ្រងប្រតិបត្តិករអាជីវកម្មម្ហូបអាហារ នៅគ្រប់ដំណាក់កាលនៃខ្សែចង្វាក់ផលិតកម្ម និងធានាថា ផលិតផលម្ហូបអាហារទាំងអស់ ដែលចរាចរនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានគុណភាព សុវត្ថិភាព និងអនាម័យល្អ សម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×