រដ្ឋធានីវ៉ាស៊ីនតោន៖ រហូតមកដល់ពេលនេះ សង្គ្រាមកំពុងតែវាយប្រយុទ្ធគ្នា យ៉ាងក្ដៅគគុក រវាងកម្លាំងការពារទឹកដីរបស់អ៊ុយក្រែន និង កម្លាំងទាហានរុស្ស៊ី ហើយសហរដ្ឋអាមេរិក ក៏បានបានបញ្ជូនកញ្ចប់ជំនួយយោធាយ៉ាងច្រើន ទៅកាន់ក្រុងគៀវ ដោយរួមទាំង ដ្រូនពិឃាត ប្រភេទ Switchblades ចំនួន១០០គ្រឿងបន្ថែមទៀត ដើម្បីវាយប្រយុទ្ធ ប្រឆាំងនឹងការឈ្លានពានរបស់ក្រុងមូស្គូ។
សារព័ត៌មាន The Hill បានផ្សាយ កាលពីថ្ងៃទី៣១ ខែមីនា ថា មន្រ្ដីមន្ទីរបញ្ចកោណរបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានប្រាប់ដល់សភាថា សហរដ្ឋអាមេរិក នឹងបញ្ជូនកញ្ចប់ជំនួយយោធាបន្ថែមទៅកាន់ប្រទេសអ៊ុយក្រែន ហើយក្នុងនោះមានដ្រូន១០០គ្រឿងផងដែរ។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymir Zelenskyy) បានស្នើសុំគ្រឿងយុទ្ធោបករណ៍ ពីសហរដ្ឋអាមេរិក សម្រាប់វាយប្រយុទ្ធ ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ ជាមួយនឹងសំណើរបស់ក្រុងគៀវនេះ សហរដ្ឋអាមេរិក បានបញ្ជូនកញ្ចប់ជំនួយគ្រឿងសព្វាវុធ ទៅកាន់ប្រទេសអ៊ុយក្រែន ដោយរួមបញ្ចូលទាំងដ្រូនពិឃាត ប្រភេទ Switchblades ចំនួន១០០គ្រឿង ផងដែរ។
ក្រុមមន្រ្ដីជាន់ខ្ពស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ បានបញ្ជាក់ថា លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក នៅដើមខែនេះ បានអនុញ្ញាតផ្ដល់ កញ្ចប់ជំនួយការពារជាតិដ៏ច្រើនបំផុត ដល់ប្រទេសអ៊ុយក្រែន ដោយរួមទាំងដ្រូនពិឃាត ចំនួន១០០គ្រឿង។
លោកស្រី សេលេស្ដេ វ៉ាលឡែនដឺរ (Celeste Wallander) ឧបការីរដ្ឋមន្រ្ដីក្រសួងការពារជាតិសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការសន្ដិសុខអន្ដរជាតិ បានប្រាប់ដល់សភា ថា ក្រុងគៀវ (Kyiv) បានស្នើសុំគ្រឿងយុទ្ធោបករណ៍ ដែលគេហៅថា «យន្តហោះគ្មានមនុស្សបើក ឬដ្រូន ប្រភេទ Kamikaze » ដើម្បីវាយប្រយុទ្ធ ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។

លោកស្រី Wallander បានបញ្ជាក់ នៅក្នុងការផ្ដល់សក្ខីកម្ម នៅចំពោះមុខគណៈកម្មាធិការសេវាកម្មប្រដាប់អាវុធរបស់សភាសហរដ្ឋអាមេរិក ថា «យើងបានសម្រេចផ្ដល់ប្រព័ន្ធការពារដែនអាកាសគ្មានមនុស្សបើកយុទ្ធសាស្ត្រ ឬដ្រូន ប្រភេទ Switchblade ចំនួន១០០គ្រឿង នៅក្នុងចំណោមកញ្ចប់ចុងក្រោយ នៃការផ្ដល់គ្រឿងសព្វាវុធរបស់លោកប្រធានាធិបតី ចូ បៃដិន»។
ដ្រូនពិឃាត Switchblade នេះ មានចំនួន២ប្រភេទ រួមមាន Switchblade Model 300 មានប្រវែង ៤៩,៥សង់ទីម៉ែត្រ និង Switchblade Model 600 មានប្រវែង ១៣០សង់ទីម៉ែត្រ។ ដូ្រន Switchblade Model 300 មានតម្លៃ ៦ ០០០ដុល្លារ។ ដ្រូនប្រភេទនេះ អាចហោះបាន នៅក្នុងរយៈកម្ពស់១៥០ម៉ែត្រ ហើយត្រូវបានផលិតឡើង នៅក្នុងអំឡុងឆ្នាំ២០១១ ដោយក្រុមហ៊ុន AeroVironment ។ ដោយឡែក ដ្រូន ប្រភេទ Kamikaze ក៏មានតម្លៃ ប្រហែល ៦ ០០០ដុល្លារដែរ ក្នុង១គ្រឿង ហើយវាអាចហោះបានចម្ងាយ ១១គីឡូម៉ែត្រ សម្រាប់វាយកម្ទេចគោលដៅរបស់សត្រូវ៕រក្សាសិទ្ធិដោយ ៖ សារាយSN












