Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លទ្ធផលបណ្ដោះអាសន្ន នៃការចាប់ឆ្នោត កំណត់លំដាប់លេខរៀង លើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) នៅទូទាំងប្រទេស ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទទួលបាន គិតត្រឹមថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ការចាប់ឆ្នោតកំណត់លំដាប់លេខរៀងបញ្ជីបេក្ខជនលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ សម្រេចបានចំនួន ១.៦២២ ឃុំ សង្កាត់ នៃចំនួនឃុំ សង្កាត់សរុប ១.៦៥២ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២២។

គ.ជ.ប បានបញ្ជាក់ថា ក្នុងចំណោមរាជធានី ខេត្តទាំង ២៥ គឺមានខេត្ត ចំនួន ១៩ បានបញ្ចប់ទាំងស្រុងនូវការចាប់ឆ្នោត កំណត់លំដាប់លេខរៀងបញ្ជីបេក្ខជនលើសន្លឹកឆ្នោតនៃឃុំ សង្កាត់នីមួយៗ ដែលខេត្តទាំងនោះ រួមមាន៖ ខេត្តបាត់ដំបង កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កំពត កណ្ដាល កោះកុង ក្រចេះ មណ្ឌលគិរី ព្រះវិហារ ព្រៃវែង សៀមរាប ព្រះសីហនុ ស្ទឹងត្រែង តាកែវ កែប ប៉ៃលិន ឧត្ដរមានជ័យ និងខេត្តត្បូងឃ្មុំ។

តាមបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បន្ទាប់ពីបញ្ជីបេក្ខជនដំបូង ក្លាយជាបញ្ជីបេក្ខជនផ្លូវការហើយ គឃ.សប ត្រូវធ្វើការចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀងបញ្ជីបេក្ខជនលើសន្លឹកឆ្នោត ជាសាធារណៈដោយព្រះសង្ឃ ឬឥស្សរជនចូលនិវត្តន៍ ឬចាស់ព្រឹទ្ធាចារ្យដែលមានជំហរអព្យាក្រឹត និងដែលអាចទទួលយកបានពីគ្រប់គណបក្សនយោបាយ។

សូមជម្រាបជូនថា ការចាប់ឆ្នោតកំណត់លំដាប់លេខរៀងបញ្ជីបេក្ខជនលើសន្លឹកឆ្នោត គឺដើម្បីអាចឱ្យ គ.ជ.ប បោះពុម្ពសន្លឹកឆ្នោតសម្រាប់ឃុំ សង្កាត់នីមួយៗ ដោយផ្អែកតាមចំនួនបញ្ជីបេក្ខជនផ្លូវការនៅក្នុងឃុំ សង្កាត់នោះ និងលទ្ធផលនៃការចាប់ឆ្នោត។

គួរបញ្ជាក់ថា ការទទួលពាក្យសុំចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ សម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលបានប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ កាលពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ កន្លងទៅ មានគណបក្សនយោបាយដាក់ពាក្យសុំចំនួន ១៧ ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×