Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន ស្នើពង្រីកកិច្ចសហប្រតិបត្តិការជាដៃគូជាមួយអូស្ត្រាលី លើវិស័យកសិកម្ម កសិឧស្សាហកម្ម ដើម្បីជំរុញ ចង្វាក់ផលិតកម្ម សម្រាប់ការនាំចេញផលិតផលកសិកម្មកម្ពុជា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារ ជាមួយឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា។

ក្នុងជំនួបនោះ ឯកឧត្តម Pablo Kang បានគោរពជូនសម្ដេចតេជោនូវលិខិតរបស់ឯកឧត្តម Scott Morrison​ នាយករដ្ឋមន្រ្តីអូស្រ្តាលី ជូនសម្ដេចតេជោក្នុងឱកាសខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសអូស្ត្រាលី និងកម្ពុជា។ ឯកឧត្តម Pablo Kang បានធ្វើការអធិប្បាយអំពីអត្ថន័យនៃលិខិតរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលីដែលមានលក្ខណៈជាវិជ្ជមាន ហើយឆ្លៀតនៅក្នុងឱកាសនោះផងដែរ ឯកឧត្តមក៏បានគោរពជម្រាបជូនសម្តេចតេជោថា ទី១)អូស្ត្រាលីនឹងផ្តល់ជំនួយជាទូត្រជាក់ចំនួន ៣៣គ្រឿង សម្រាប់រក្សាវ៉ាក់សាំងPfizer ទី២)ឯកឧត្តមបានគោរពជម្រាបជូនសម្តេចតេជោថាអូស្ត្រាលីនឹងបើកប្រទេសឡើងវិញនៅ២សប្តាហ៍ខាងមុខ នោះប្រទេសអូស្ត្រាលី នឹងអនុញ្ញាតឲ្យប្រជាជនធ្វើដំណើរចូលប្រទេសអូស្ត្រាលីដោយមិនបាច់ត្រូវការធ្វើតេស្តកូវីដទៀតទេ និងទី៣) អូស្ត្រាលី នឹងផ្ដល់ជំនួយកិច្ចសហប្រតិបត្តិការជាដៃគូលើវិស័យកសិកម្ម កសិឧស្សាហកម្ម ដើម្បីផលិត កសិផល ក្នុងការនាំចេញទៅប្រទេសក្រៅ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បាន ថ្លែងអំណរគុណចំពោះឯកឧត្តម Pablo Kang ចំពោះការពាំនាំនូវលិខិតរបស់ ឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលីមកជូនសម្ដេចនៅពេលនេះ។
សម្តេចតេជោក៏បានមានប្រសាសន៍ថា កម្ពុជាតែងតែវាយតម្លៃខ្ពស់ចំពោះប្រទេសដែលទទួលស្គាល់កម្ពុជា មុនកម្ពុជាទទួលបានឯករាជ្យ។
ដោយឡែកអូស្ត្រាលីបានទទួលស្គាល់កម្ពុជាមុនកម្ពុជាទទួលបានឯករាជ្យ ហើយជាចរន្តជំរុញឲ្យកម្ពុជាទទួលបានឯករាជ្យពីបារាំង។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានសំដែងនូវការអបអរសាទរដល់រដ្ឋាភិបាលអូស្ត្រាលី ក្នុងការគ្រប់គ្រង ការរីករាលដាលជំងឺកូវីដ-១៩ និងការបើកប្រទេសឡើងវិញ នៅ២សប្តាហ៍ខាងមុខនេះ ។

សម្ដេចតេជោក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលី ដែលបានផ្ដល់វ៉ាក់សាំង​ និងទូត្រជាក់រក្សាវ៉ាក់សាំង និងកិច្ចសហប្រតិបត្តិការជាដៃគូជា ពិសេសលើវិស័យកសិកម្ម កសិឧស្សាហកម្ម ដើម្បីជំរុញ ចង្វាក់ផលិតកម្ម សម្រាប់ការនាំចេញផលិតផលកសិកម្មកម្ពុជា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។

មុននឹងបញ្ចប់ សម្តេចតេជោនាយករដ្ឋមន្ត្រី​ បានស្នើឲ្យឯកឧត្តម Pablo Kang ធ្វើការពិនិត្យលើវិស័យផ្សេងៗទៀត ដើម្បីពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ៕ រក្សាសិទ្ធិដោយ៖សុទ្ធ លី

×