Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងរ៉ែនិងថាមពល រកឃើញនូវអំពើចោរកម្ម ប្រព្រឹត្តដោយមន្ត្រីក្រសួងមួយរូប មានតួនាទីជាអនុប្រធានការិយាល័យគ្រប់គ្រងចំណូល ពិតជាបានលួចលុយអង្គភាព ជាង៥០ម៉ឺនដុល្លារ

ភ្នំពេញ ៖ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២២នេះ ក្រសួងរ៉ែ និងថាមពល បានចេញសេចក្ដីប្រកាសព័ត៌មាន ទទួលស្គាល់ថា មន្ដ្រីរបស់ខ្លួនមួយរូប ដែលមានតួនាទីជា អនុប្រធានការិយាល័យគ្រប់គ្រងចំណូល ពិតជាបានលួចលុយរបស់ក្រសួងជាង ៥០ ម៉ឺនដុល្លារពិតប្រាកដមែន។

ក្រសួងរ៉ែនិងថាមពល សូមជម្រាបសាធារណជនឱ្យបានជ្រាបថា កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ ក្រសួងរ៉ែនិងថាមពល បានរកឃើញនូវអំពើចោរកម្ម ប្រព្រឹត្តដោយមន្ត្រីក្រសួងរ៉ែនិងថាមពលមួយរូប មានតួនាទីជាអនុប្រធានការិយាល័យគ្រប់គ្រងចំណូល និងជារជ្ជទេយ្យករចំណូលរងទទួលបន្ទុកលើការងារ ប្រាក់រង្វាន់របស់ក្រសួងឈ្មោះ ជិន លក្ខិណា ភេទ ស្រី ដែលមន្ត្រីរូបនេះ បានចូលបម្រើការងារនៅក្រសួងរ៉ែនិង ថាមពល ចាប់តាំងពីឆ្នាំ២០១៥ ហើយកន្លងមក ពុំដែលបង្កជាបញ្ហាធ្វើឱ្យប៉ះពាល់ ដល់ទំនុកចិត្តពីប្រធានអង្គភាពឡើយ។

ក្រសួងរ៉ែ និងថាមពល បានអះអាងថា បន្ទាប់ពីបានដឹងនូវអំពើខាងលើ ប្រធានអង្គភាពបានរៀបចំផ្ទៀងផ្ទាត់បញ្ជីបឋមហើយឃើញថា ថវិកាដែលបានបាត់បង់ជាប្រាក់ដុល្លារ មានចំនួន១៦០,២៣៧.៩២ (មួយរយហុកសិបពាន់ ពីររយសាមសិប ប្រាំពីរ និងកៅសិបពីរសេន) ដុល្លារអាមេរិក និងប្រាក់រៀលចំនួន១,៤៣១,២៨៤,៥៩៧.៨០ (មួយពាន់បួនរយ សាមសិបមួយលាន ពីររយប៉ែតសិបបួនពាន់ ប្រាំរយកៅសិបប្រាំពីរ និងប៉ែតសិបសេន) រៀល ដែលក្នុងនោះជាខ្ទង់ថវិកាប្រាក់រង្វាន់បានមកពី ចំណូលសេវាសាធារណៈរបស់ក្រសួងរ៉ែ និងថាមពល តាមប្រកាសអន្តរក្រសួង។

ថវិកាទាំងអស់នេះ សម្រាប់បើកជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់របស់ក្រសួងរ៉ែនិងថាមពល និងប្រាក់ពង្រឹងយន្តការ ដែលថ្នាក់ដឹកនាំទាំងអស់របស់ក្រសួង បានចូលរួមសន្សំចាប់តាំងពីឆ្នាំ២០១៧ មកសម្រាប់ដោះស្រាយការងារទូទៅរបស់ក្រសួងលើមុខការផ្សេងៗ របស់ក្រសួងដែលគ្មានថវិការដ្ឋសម្រាប់ចំណាយ។ ថវិកាសរុបដែល បាត់បង់ខាងលើនេះពុំមែនជាថវិកាសម្រាប់បង់ចូលថវិការដ្ឋទេ។

សូមរំលឹកថា កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែមី ឆ្នាំ២០២២ បានឃាត់ខ្លួនស្ត្រីម្នាក់ ដែលមានតំណែងជាអនុប្រធានគ្រប់គ្រងចំណូលក្រសួងរ៉ែ និងថាមពល ពាក់ព័ន្ធនឹងករណីលួចលុយចេញពីទូដែកក្រសួងរ៉ែ និងថាមពល ជាង៥០ម៉ឺនដុល្លារ។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួននេះមានឈ្មោះ ជិន លក្ខិណា ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិ សញ្ជាតិខ្មៃរ មុខរបរ អនុប្រធានគ្រប់គ្រងចំណូល នៃក្រសួងរ៉ែ និងថាមពល ស្នាក់នៅផ្ទះលេខ២៥Eo ផ្លូវលេខ១៩ ភូមិ៣ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមសមត្ថកិច្ច បានឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ជនរងគ្រោះ ឈ្មោះ ហ៊ាន ថាវី ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ ប្រធាននាយកដ្ឋានគ្រប់គ្រងចំណូលរ៉ែ និងថាមពល បានសុំអនុញ្ញាតច្បាប់ចំនួន៨ថ្ងៃ ដោយសារក្រុមគ្រួសារ និងរូបគាត់ផ្ទាល់បានផ្ទុកនូវជំងឺកូវីដ៩ លុះដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ជនសង្ស័យបានផ្ញើសារទៅជនរងគ្រោះតាមទូរស័ព្ទថា សុំសោរបន្ទប់ឲ្យជាងធ្វើសោរទូដែក គាត់ក៏ឲ្យជនសង្ស័យទៅយក ពីប្រធានរដ្ឋបាលពេលបានសោរ ហើយជនសង្ស័យក៏ចូលទៅឆ្កឹះទូដែក និងសែងទូដែកចេញប្តូរទូដែកថ្មី មកជំនួសវិញ។

សមត្ថកិច្ចបានរៀបរាប់ទៀតថា លុះដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង៩ព្រឹក ជនរងគ្រោះក៏មកធ្វើការវិញ ពេលចូលដល់ក្នុង បន្ទប់ចាក់សោរ យកប្រាក់ឲ្យថ្នាក់ដឹកនាំ ស្រាប់តែចាក់សោរពុំត្រូវ និងខុសលេខកូដ ទើបគាត់ហៅជនសង្ស័យមកសួរ ហើយឆែកមើល តាមកាមេរ៉ាសុវត្ថិភាព ស្រាប់តែឃើញជនសង្ស័យ សែងទូដែកចេញក្រៅ ទើបជនសង្ស័យសារភាពថាខ្លួនជាអ្នកឆ្កឹះទូដែក និងប្តូរទូដែកតែម្ដង៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×