Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសុខាភិបាល ណែនាំពីការការពារសុខភាព រួមទាំងការការពារការចម្លងវីរុសកូវីដ-១៩ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២២

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២ខែមេសាឆ្នាំ២០២២ បានចេញសេចក្តីណែនាំ ស្តីពីការការពារសុខភាព រួមទាំងការការពារការចម្លងវីរុសកូវីដ-១៩ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២២។

យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ឱ្យបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ ប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក្នុងឆ្នាំ២០២២នេះជាធម្មតា បន្ទាប់ពីមានការខកខានអស់រយៈពេល ២ឆ្នាំ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ-១៩ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូន សាធារណជន ស្ថាប័នពាក់ព័ន្ធ អង្គភាពសាធារណៈ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងសេវាឯកជនទាំងអស់ថា ក្រសួងសូមធ្វើការក្រើនរំលឹកពញ្ញាក់ស្មារតី និងជំរុញលើកទឹកចិត្ដ ឱ្យមានការចូលរួមរបស់បុគ្គល គ្រួសារ និងសហគមន៍ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់សូមរួមគ្នាបន្តអនុវត្តនូវវិធានការចាំបាច់នានា ដើម្បីការពារ សុខភាពរួមទាំងការការពារការចម្លងវីរុសកូវីដ-១៩ ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សម្រាប់ឆ្នាំ២០២២នេះប្រកបដោយសុវត្ថិភាពនិងភាពរីករាយក្នុងក្រុមគ្រួសារ ក្រសួងសុខាភិបាល សូមធ្វើ ការអំពាវនាវដោយទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយអនុវត្តឱ្យ បានខ្ជាប់ខ្ជួននិងគ្រប់ៗគ្នានូវវិធានការដូចខាងក្រោមនេះ ៖

៣ការពារ ៖

១). ពាក់ម៉ាស់ ៖ ជាពិសេសេនៅពេលកំពុងពាក់ម៉ាស់ សូមកុំយកដៃប៉ះផ្ទៃមុខនៃម៉ាស់ ឬ ទាញម៉ាស់ដាក់ ក្រោមចង្ការនិង ត្រូវដូរម៉ាស់ថ្មី នៅពេលវាសើម។

២). លាងដៃឱ្យញឹកញាប់ ជាមួយសាប៊ូក្នុងរយៈពេល ៤០ វិនាទី ឬ ជាមួយអាល់កុលដែលក្នុងរយៈពេល ២០ វីនាទី។

៣). រក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនគម្លាតសុវត្ថិភាពនេះ ទោះបីជាបងប្អូន សមាជិកគ្រួសារ សាច់ញាតិ ដែលពួកគាត់មានការស្នាក់នៅក្នុងគេហដ្ឋានផ្សេងពី លោកអ្នក ឬក៏មិត្តភ័ក្រ្តជិតស្និទ្ធក៏ដោយ។

៣កុំ ៖

១). កុំទៅកន្លែងមានមនុស្សច្រើន ក្នុងន័យនេះរាប់ទាំងការកាត់បន្ថយឱ្យបានជាអតិបរមានូវការជួបជុំពិសារ អាហារជុំៗ គ្នាច្រើនពេក ដែលមិនមានរក្សាគម្លាតសុវត្តិភាពបុគ្គល។

២). កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើន។

៣).កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា ពេលជួបភ្ញៀវ សូម្បីតែសមាជិកគ្រួសារ សាច់ញាតិ ដែលមាន ការស្នាក់នៅក្នុងគេហដ្ឋានផ្សេងពីលោកអ្នក ឬ មិត្តភ័ក្តិជិតស្និទ្ធ ជាដើម។

ដើម្បីចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩នៅក្នុងសហគមន៍ទ្រង់ទ្រាយធំ ទៅតាមការណែនាំដ៏ខ្ពង់ខ្ពស់ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងបរិបទដែលប្រទេសកម្ពុជាយើងបាននិងកំពុងបើកដំណើរការឡើងវិញ នូវសកម្មភាពសេដ្ឋកិច្ចនិងសង្គម ទោះបីជាស្ថានភាពនៃការចម្លងនៃវីរុសកូវីដ-១៩ នៅព្រះរាជាណាចក្រកម្ពុជា មានការថមថយ និងទោះបីជាការចាក់ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ មានអត្រាគ្របដណ្តប់ខ្ពស់ក៏ដោយក៏សូមឱ្យបុគ្គលគ្រប់រូប ក្រុមគ្រួសារ និងអ្នកគ្រប់គ្រង ព្រមទាំងម្ចាស់ទីតាំងទាំងអស់ បន្តអនុវត្តការការពារការចម្លងជំងឺដោយ៖

១.លើកទឹកចិត្តអនុវត្តការធ្វើតេស្ករហ័សក្នុងករណីសង្ស័យវិជ្ជមានវីរុសកូវីដ-១៩ ក្រសួងសុខាភិបានសូមលើកទឹកចិត្តដល់បុគ្គលម្នាក់ៗ អនុវត្តធ្វើតេស្តរហ័សដោយខ្លួនឯងក្នុងករណីដែល មានរោគសញ្ញាណាមួយដែលសង្ស័យដើម្បីចៀសវាងការចម្លងទៅកាន់បុគ្គលដទៃទៀត ដែលអាចបង្ក ឱ្យមានការចម្លងទ្រង់ទ្រាយធំនៅក្នុងសហគមន៍។

សូមរដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរសុខាភិបាលរាជធានី-ខេត្ត និងអាជ្ញាធរមូលដ្ឋានរៀបចំទីតាំង ផ្តល់សេវាធ្វើ តស្តរហ័សរកវីរុសកូវីដ-១៩ ដល់បងប្អូនប្រជាពលរដ្ឋដែលមិនមានលទ្ធភាពក្នុងការធ្វើតេស្តដោយខ្លួនឯង។ សូមរាយការណ៍នូវភាពវិជ្ជមានកូវីដ-១៩ របស់បុគ្គលជូនក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលរាជធានី-ខេត្ត។

២. នៅក្នុងទីវត្តអារ៉ាមត្រូវពាក់ម៉ាស់ រក្សាអនាម័យដ និងរក្សាគម្លាតសុវត្ថភាពបុគ្គល៖

អាជ្ញាធររាជធានី-ខេត្ត គណៈបញ្ជាការឯកភាពឃុំ/សង្កាត់/ខណ្ឌ គណៈកម្មាធិការថែរក្សាសន្តិសុខនិងសណ្តាប់ ធ្នាប់របៀបរៀបរយក្នុងទីវត្តអារាម និងគណៈកម្មការវត្ត ត្រូវចាត់ចែងណែនាំឱ្យមានការអនុវត្តវិធានការសុខាភិបាល (មានដូចខាងក្រោមនេះ) បង្កើនសកម្មភាពត្រួតពិនិត្យ តាមដាន លើពុទ្ធបរិស័ទ ដែលចេញ-ចូលក្នុងទីវត្តអារាម វិហារ សាលាឆាន់ និងកុដិនីមួយៗ ឱ្យបានហ្មត់ចត់ និងខ្ជាប់ខ្ជួន ហើយបុគ្គលគ្រប់រូប ត្រូវចូលរួមអនុវត្តកិច្ចការពារខ្លួនកុំឱ្យមានការចម្លងវីរុសកូវីដ-១៩ ដោយអនុវត្តវិធានការដូចតទៅ៖ អ្នកដែលអនុញ្ញាតឱ្យចូលទៅទីវត្តអារាម វិហារ សាលាឆាន់ និងកុដិ នីមួយៗត្រូវពាក់ម៉ាស់ជាចាំបាច់និងជាប្រចាំ។

រៀបចំឱ្យមានកន្លែងលាងដៃនៅច្រកចេញ-ចូល និងរក្សាការលាងសម្អាតដៃឱ្យបានញឹកញាប់។ ធ្វើការវាស់កំដៅ និងបាញ់ទឹកអាល់កុលលាងដៃ ឬទឹកអាល់កុលដែលលាងដៃ សម្រាប់រាល់ពុទ្ធបរិស័ទទាំងអស់កុំឱ្យមានការធ្វេសប្រហែសនៅមុខច្រកចេញ-ចូលក្លោងទ្វារនីមួយៗ។ កំណត់នូវចំនួនពុទ្ធបរិស័ទដែលត្រូវអនុញ្ញាតឱ្យចូលតាមវេន ឬតាមក្រុមតូចៗ ទៅក្នុងទីវត្តអារាម វិហារ សាលាឆាន់ និងកុដិ នីមួយៗ ទៅតាមទំហំនៃវត្តអារាម វិហារ សាលាឆាន់ និងកុដិ ដោយលយ៉ាងណាកុំឱ្យ មានមនុស្សច្រើនកកកុញ និង ចាត់ចែងឱ្យមានគម្លាតសុវត្ថិភាពបុគ្គល ដោយរក្សាគម្លាតពីគ្នា លើសពីមួយ ម៉ែត្រកន្លះ (១.៥ម៉ែត្រ) ឡើង ទោះដើរ អង្គុយ ឈរ ឬវេរចង្ហាន់ និងទេយ្យទាន ពីបុគ្គលម្នាក់ទៅម្នាក់ ។

ក្រសួងសុខាភិបាលសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះការយកចិត្តទុកដាក់ចូលរួមទប់ ស្កាត់ការចម្លងវីរុសកូវីដ-១៩របស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ហើយក្រសួងក៏សូមអំពាវនាវដល់ សាធារណជន ទាំងអស់សូមចូលរួមអនុវត្តតាមការណែនាំខាងលើនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ដើម្បីរួមចំណែកកាត់ផ្តាច់ការចម្លងវីរុសកូវីដ-១៩ពីបុគ្គលម្នាក់ទៅម្នាក់។ ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានបញ្ហាសុខភាព ឬមានជំងឺ ឬសង្ស័យថាមានការឆ្លងជំងឺ សូមប្រញាប់ ទៅស្វែងរកការពិនិត្យពិគ្រោះនៅមន្ទីរពេទ្យរដ្ឋ ឬទំនាក់ទំនងតាមលេខផ្ដល់ជូនខាងក្រោមនេះ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×