Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដឹកនាំកិច្ចប្រជុំ អ.អ.ផ ពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពការងារ ក្នុងការរៀបចំរបាយការណ៍វឌ្ឍនភាព ជុំទី៩ របស់កម្ពុជា

ភ្នំពេញ ៖ អនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាពការងារ របស់ក្រុមការងារត្រួតពិនិត្យរួម នៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក អំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (អ.អ.ផ.) និងសហការីនៃក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ បានបើកកិច្ចប្រជុំលើកទី៣ របស់ អ.អ.ផ. ដែលប្រព្រឹត្តឡើងក្រោមអធិបតីភាពឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធាន អ.អ.ផ.នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ ២០២២ ។

កិច្ចប្រជុំលើកទី៣ នៃអ.អ.ផ មានការចូលរួមពីអនុប្រធាន និងសមាជិកនៃ អ.អ.ផ. ដែលសុទ្ធសឹងជាឥស្សរជនជាន់ខ្ពស់ មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងការងារប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ។

អង្គប្រជុំបានពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពការងារក្នុងការរៀបចំ របាយការណ៍វឌ្ឍនភាពជុំទី៩ របស់កម្ពុជា ដើម្បីដាក់ជូនក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (ICRG-JG) នៅពេលដ៏ខ្លីខាងមុខ ក៏ដូចជា ការត្រៀមលក្ខណៈ និង យុទ្ធសាស្រ្តក្នុងការការពាររបាយការណ៍វឌ្ឍនភាពជុំទី៩នេះ នៅក្នុងកិច្ចប្រជុំផ្ទាល់ជាមួយ ICRG-JG នៅចុងខែមេសា ឆ្នាំ២០២២នេះ។

ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.អ.ផ. បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់អំពីវឌ្ឍនភាព ជាវិជ្ជមាននៃការអនុវត្តការងារ ហើយឯកឧត្តមក៏បានស្នើឱ្យក្រុមការងារនីមួយៗ ក៏ដូចជា ក្រសួង-ស្ថាប័ន ដែលមានការពាក់ព័ន្ធត្រូវបន្តយកចិត្តទុកដាក់ បំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ លើបេសកកម្មប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានប្រឆាំងអាវុធមហាប្រល័យ ក្នុងបុព្វហេតុជាតិ និងប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា អនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាព ការងាររបស់ក្រុមការងារត្រួតពិនិត្យរួម នៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (អ.អ.ផ.) ត្រូវបានបង្កើតឡើងតាមរយៈសេចក្តីសម្រេចលេខ០០១ សសរ/គសហ ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ របស់គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដែលមានភារកិច្ចចម្បងក្នុងការអនុវត្តសកម្មភាពការងារដែលនៅសេសសល់ សំដៅដកកម្ពុជាចេញពីបញ្ជីប្រផេះ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×