Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មិនត្រូវការកងទ័ពបរទេសនោះទេ គឺត្រូវការតែអ្នកទេសចរ

សៀមរាប ៖ ជាការប្រាប់ទុកមុន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសអញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងពិនិត្យមើលវឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ នៅក្រុងសៀមរាប នៃខេត្តសៀមរាប នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ បានថ្លែងថា សូមក្រុមអ្នកវិភាគទាំងឡាយ តិចមានការវិភាគថា អានេះ (អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ថ្មី) ជាមូលដ្ឋានចុះយន្តហោះរបស់ចិនទៅ ?!

សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី គ្រោងចំណាយទុនវិនិយោគប្រមាណ ៨៨០លានដុល្លារអាមេរិក ស្ថិតនៅចម្ងាយប្រមាណជាង ៥០គីឡូម៉ែត្រ ពីក្រុងសៀមរាប នៃខេត្តសៀមរាប ហើយបើតាមគម្រោងត្រូវដាក់ឲ្យដំណើរការជាជំហានដំបូងនៅចុង ឆ្នាំ២០២៣នោះ ត្រូវបាន សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ទៅកាន់ក្រុមអ្នកវិភាគថា កុំនាំគ្នាវិភាគអាធុនហ្នឹងណា ! គឺអាធុនដែលថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ថ្មីនេះ ជាមូលដ្ឋានចុះយន្តហោះរបស់ចិន។

សម្ដេចសង្កត់ថា បើគេចង់ចុះ… និយាយឲ្យត្រង់ទៅ គេចុះនៅឯណាក៏បានដែរ។ បើគេចង់ចុះ ឧបមាថា គេបើកប្រតិបត្តិការយោធា គេចុះនៅឯណាក៏បានដែរ។ សង្ឃឹមថា អ្នកវិភាគ ឬអ្នកធ្វើអត្ថាធិប្បាយ សូមកុំចាត់ទុកថា អាកាសយានដ្ឋានថ្មីនេះ ជាផ្នែកមួយនៃការពង្រឹងសមត្ថភាពយោធាចិន នៅក្រៅប្រទេស ឬនៅក្នុងប្រទេសកម្ពុជាឱ្យសោះ។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះ គ្រោងចំណាយទុនវិនិយោគប្រមាណ ៨៨០លានដុល្លារអាមេរិក, សាងសង់លើផ្ទៃដីប្រមាណជា ៧០០ហិកតា ស្ថិតនៅក្នុងភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ អាកាសយានដ្ឋាននេះ មានចម្ងាយប្រមាណជាង ៥០គីឡូម៉ែត្រ ពីទីប្រជុំជនក្រុងសៀមរាប និងចម្ងាយ ៤០គីឡូម៉ែត្រ ពីរមណិយដ្ឋានអង្គរដែលចម្ងាយនេះ មិនធ្វើឱ្យប៉ះពាល់ដល់តំបន់ការពារបេតិកភណ្ឌនោះទេ។

គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះ បានចាប់ផ្តើមដំណើរការសាងសង់នៅ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ដោយប្រើរយៈពេលសាងសង់សរុបចំនួន ៣៦ខែ ឬ ៣ឆ្នាំ និងត្រូវបានប្រើប្រាស់កម្មករប្រមាណជាង ១,០០០នាក់ ក្នុងនោះ ៧០ភាគរយជាពលករខ្មែរ។ តាមគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះ គ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ និងដំណើរការសាកល្បង ជាលើកដំបូងនៅខែតុលា ឆ្នាំ២០២៣។ បច្ចុប្បន្នការសាងសង់សម្រេចបានប្រមាណ ២២ភាគរយ នៃផែនការសរុប។

សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គឺជាផ្លែផ្កា ដែលកើតចេញពីសុខសន្តិភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-ចិន។ នៅពេលអាកាសយានដ្ឋាននេះ សាងសង់រួចរាល់ នឹងផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរ មិនមែនផ្តល់ការងារជូនចិននោះឡើយ។

ដូច្នេះ បើនិយាយពីនយោបាយយោធាវិញ កម្ពុជាមិនត្រូវការកងទ័ពបរទេសនោះទេ, ប៉ុន្តែ បើនិយាយពីសេដ្ឋកិច្ច គឺត្រូវការតែអ្នកទេសចរបរទេសប៉ុណ្ណោះ ហើយកម្ពុជាមិនល្ងង់រហូតទៅដល់ឱ្យទឹកដីរបស់ខ្លួនក្លាយជាទីតាំងទ័ពបរទេស ខុសពីរដ្ឋធម្មនុញ្ញនោះឡើយ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×