Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន ប្រតិកម្មទៅនឹងអ្នកដែលចង់អភិវឌ្ឍន៍អចលនទ្រព្យធ្វើអគារខ្ពស់ៗក្នុងក្រុងសៀមរាប ប្រៀបដូចជាកាប់មេមាន់ឆ្ងាញ់មួយពេល

សៀមរាប ៖ ក្នុងពេលប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ និងការកែលម្អស្ទឹងសៀមរាប ដើម្បីប្រែមុខមាត់ថ្មី និងទាក់ទាញភ្ញៀវទេសចរ ទាំងជាតិ និងបរទេសនោះ, នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងប្រតិកម្មទៅនឹងអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ដែលព្យាយាមចង់ឱ្យមានអគារខ្ពស់ៗនៅក្នុងក្រុងសៀមរាប ជាក្រុងអភិរក្សវប្បធម៌ , អភិរក្សធម្មជាតិ និងប្រវត្តិសាស្រ្ត ចុះបើយើងបើកឱ្យគេធ្វើអគារខ្ពស់ៗ ឬធ្វើអ្វីផ្សេងទៀតដែលប៉ះពាល់ ទៅនឹងការចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ តើប្រាសាទអង្គរវត្ត និងរមណីយដ្ឋានអង្គរ ទាំងមូល ទៅជាយ៉ាងណា។

ថ្លែងទៅកាន់ក្រុមមន្ត្រី និងប្រជាពលរដ្ឋរាប់រយនាក់ដែលចូលរួមក្នុងពិធីសម្ពោធហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ និងអភិវឌ្ឍកែលម្អស្ទឹងសៀមរាប សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ប្រសិនបើធ្វើអគារខ្ពស់ៗបែបនោះមែន អង្គរវត្តនឹងត្រូវដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោកទៅហើយ។ ដូច្នេះ នេះជាដំបូន្មានមួយទៅដល់អ្នកដែលចង់អភិវឌ្ឍន៍អចលនទ្រព្យនៅក្រុងសៀមរាបរូបនោះថា ត្រូវមើលព្រៃទាំងមូល កុំមើលឈើមួយដើម។

សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបង្ហាញថា មានសម្បត្តិបេតិកភណ្ឌនៅប្រទេសមួយចំនួន ត្រូវបានដកចេញពីបញ្ជី ព្រោះតែការបំពាននឹងលក្ខខណ្ឌរបស់អង្គការយូណេស្កូ។ ចំពោះករណីនេះ រូបសម្ដេចផ្ទាល់ ក៏បានជម្រាបទៅកាន់ អង្គការយូណេស្កូរួចហើយ សូមកុំបារម្ភចំពោះការអនុវត្តន៍នូវលក្ខខណ្ឌទាំងឡាយចំពោះការអភិរក្សនៅតំបន់ក្រុងសៀមរាប គឺកម្ពុជាមិនកាប់មេមាន់ដើម្បីឆ្ងាញ់មួយពេលនោះទេ ផ្ទុយទៅវិញ គឺត្រូវចិញ្ចឹមមេមាន់ឱ្យធំធាត់ ដើម្បីយកពង ភ្ញាស់កូនយូរអង្វែង។

ឆ្លើយតបទៅនឹងសំណួរលើកឡើងថា ហេតុអ្វី អភិវឌ្ឍកែលម្អស្ទឹងសៀមរាប ម៉េចក៏មិនចាក់បេតុងឱ្យស្អាតរឹងមាំ នៅតាមដងស្ទឹងសៀមរាប នេះផងទៅ ?! សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា មិនលំបាកទេក្នុងការចាក់បេតុងនៅតាមច្រាំង និងមាត់ស្ទឹងសៀមរាប, តែយើយមិនអាចធ្វើបានទេ ព្រោះថា ទីតាំងនេះជាតំបន់អភិរក្ស និងជាលក្ខខណ្ឌរបស់អង្គការយូណេស្កូ ដែលប្រាសាទអង្គរត្រូវបានដាក់ចូលបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។

ទាក់ទងនឹងការអភិរក្ស អភិវឌ្ឍ លើទឹកដីប្រជុំជនក្រុងសៀមរាបនេះទៀត សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា បានចុះហត្ថលេខាបន្តការងារជាមួយ ICC-Angkor ក្នុងការអភិរក្សប្រាសាទអង្គរ និងការអភិវឌ្ឍក្នុងក្រុងសៀមរាប រយៈពេល១០ឆ្នាំបន្តទៀត បន្ទាប់ពីអនុវត្តបាន៣០ឆ្នាំរួចមកហើយ, ដូច្នេះ យើងគួរតែអរគុណដល់ ICC-Angkor ដែលបានចូលរួមអភិរក្សប្រាសាទអង្គរ និងក្រុងសៀមរាប រហូតមានលទ្ធផលដូចសព្វថ្ងៃនេះ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×