សៀមរាប ៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “ខ្ញុំកំពុងគិតពីការសាកល្បង នៃការដកកាតព្វកិច្ចនៃការពាក់ម៉ាសនៅតាមខេត្តក្រុង១ ឬ២ សិន ព្រោះថាវ៉ាក់សាំង យើងបានចាក់គ្របដណ្តប់ពាសពេញផ្ទៃប្រទេសរួចទៅហើយ”។
ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវ ៣៨ខ្សែក្នុងក្រុងសៀមរាប ដែលមានប្រវែងសរុប ១០៨.៧៤គីឡូម៉ែត្រ នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ខ្ញុំកំពុងគិតថា នៅពេលណាមួយ នឹងអាចប្រើប្រាស់វិធីសាស្ដ្របញ្ឈប់ការប្រើម៉ាស់ នៅក្នុងខេត្ដណាមួយ ឬខេត្តពីរ ដើម្បីសាកល្បង ព្រោះម៉ាស់ចំណាយច្រើន។ បើសិនជាអនុញ្ញាតឲ្យខេត្ដណាមួយ គឺអនុញ្ញាតអាចឲ្យប្រជាពលរដ្ឋនៅក្នុងខេត្តនោះ ដើរតាមសារធារណៈដោយមិនចាំបាច់ពាក់ម៉ាស់នោះទេ ប៉ុន្ដែបើចេញពីខេត្តខ្លួន ចូលទៅខេត្តផ្សេងត្រូវតែពាក់ម៉ាស់ តែបើខេត្តផ្សេងទៀតនោះ ត្រូវបានអនុញ្ញាតដែរ គឺមិនចាំបាច់ពាក់ម៉ាស់នោះទេ។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ប្រទេសមួយចំនួន បានលើកលែងបម្រាម នៃការពាក់ម៉ាស់តាមទីធ្លាសាធារណៈ រួចស្រេចទៅហើយ នៅពេលដែលគេ មានអ្នកជំងឺយ៉ាងធ្ងន់នៃជំងឺកូវីដ-១៩។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២នេះ មានអ្នកឆ្លងជំងឺកូវីដ-១៩ ត្រឹមជាង៣០នាក់ ហើយភាគច្រើន នៅក្នុងទីក្រុងភ្នំពេញ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលលេងកម្សាន្ត ក្នុងពេលបុណ្យចូលឆ្នាំថ្មី នាខាងមុខនេះ នៅតែបន្ដការពាក់ម៉ាស់ដដែរ បើសិនជាមិនទាន់មានការប្រកាសអនុញ្ញាត មិនឲ្យមានការពាក់ម៉ាស់ និងត្រូវបន្ដអនុវត្ដវិធានការ ៣កុំ ៣ការពារ។
ជាថ្មីម្ដងទៀត នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ សម្ដេចតេជោសូមឲ្យបងប្អូនប្រជាពលរដ្ឋ អាចកម្សាន្តសប្បាយរីករាយ តាមប្រពៃណីទំនៀមទម្លាប់ខ្មែរយើង ប៉ុន្តែត្រូវអនុវត្តវិធានការ សុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ពីការចម្លងជំងឺកូវីដ-១៩៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី






