ភ្នំពេញ ៖ តារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហាញហេតុផលសំខាន់មួយ ដែលនាងសម្រេចចិត្តមិននៅច្រៀងនៅស្រុកខ្មែរ ហើយចេញទៅប្រទេសបារាំង នាឱកាសបុណ្យចូលឆ្នាំខ្មែរ ខណៈពេលដែលមានតារាជាច្រើនកំពុងត្រូវប៉ាន់កើបលុយនារដូវកាលនេះ។
ហេតុផលសំខាន់តែមួយគត់ ដែលតារាស្រីរូបនេះ សម្រេចមកប្រទេសបារាំង គឺដោយនាងត្រូវមកមើល និងផ្តល់ភាពកក់ក្តៅសម្រាប់កូនប្រុសរបស់នាង ដែលកំពុងបន្តការសិក្សានៅទីនេះ ក្នុងនោះនាងក៏ឆ្លៀតឱកាសចេញច្រៀង ឲ្យបងប្អូនខ្មែរនៅទីនេះ សប្បាយរីករាយក្នុងរដូវកាលចូលឆ្នាំខ្មែរផងដែរ។

អ្នកនាង ម៉េង កែវពេជ្ជតា បានកលើកឡើងថា ចូលឆ្នាំអ្នកសិល្បៈគ្រប់គ្នាគេនៅកើបលុយក្នុងស្រុក ប្លែកតែខ្ញុំ ឆ្នាំនេះបែរជាចេញក្រៅទៅវិញ តើមកពីក្នុងស្រុកខ្ញុំអត់ការងារធ្វើ ឬយ៉ាងម៉េច ? ចម្លើយ : មិនមែនទេ បុព្វហេតុគឺដើម្បីកូន កូនប្រុសដែលនៅរៀនម្នាក់ឯង បើទោះជាមានអ៊ំពូមីង មានលោកតាលោកយាយ ក៏គេនៅតែត្រូវការម្តាយដែរ ។
នាងបញ្ជាក់ថា ខ្ញុំមកនេះមិនមែនមកកើបលុយទុកខ្លួនឯងទេ ក៏មិនមែនមកដើរលេងដែរ តែខ្ញុំមកផ្តល់ភាពកក់ក្តៅឲ្យកូន សូមអរគុណបងប្អូនទស្សនិកជន និងហ្វ៊ែន ២ខែទៀត ពេជ្ជតាវិលទៅស្រុកខ្មែរវិញហើយ ចាំទទួលផងណា៎អលណព្វ ។
គួររំលឹកថា កាលពីដើមឆ្នាំ២០២២កន្លងទៅ អ្នកនាង ម៉េង កែវពេជ្ជតា ក៏ធ្លាប់បានស្កាត់មកជួបកូនប្រុស របស់អ្នកនាងនៅប្រទេសបារាំង ម្តងរួចមកហើយ បន្ទាប់ពីអ្នកនាងបានខកខាន មិនបានមកជួបមុខកូនប្រុសតែមួយ អស់រយៈពេល២ឆ្នាំ ដោយសារជំងឺកូវីដ១៩។

អំឡុងពេលនោះ អ្នកនាង ម៉េង កែវពេជ្ជតា បានធ្វើឲ្យអ្នកលេងហ្វេសប៊ុកជាច្រើន បានមានការរំជួលចិត្តយ៉ាងខ្លាំងបន្ទាប់ពីអ្នកនាង បានស្កាត់ទៅជួបមុខកូនប្រុសរបស់ខ្លួន ដល់ក្រៅប្រទេស ដោយគ្រាន់តែបានឃើញកូនភ្លាមអ្នកនាង ម៉េង កែវពេជ្ជតា ស្រក់ទឹកភ្នែកព្រោះតែនឹកកូន ដោយសារខានជួបមុខកូនអស់រយៈពេល២ឆ្នាំ ព្រោះរូបគេកំពុងតែបន្តការសិក្សា នៅប្រទេសបារាំង ហើយពេលនេះ កូនប្រុសរបស់នាងក៏ធំធាត់ ពេញរូបពេញរាងកំលោះស្តូក និងចេះរៀនចេញធ្វើការរកលុយចិញ្ចឹមជីវិតខ្លួនឯងផងដែរ។
ជាមួយគ្នានោះអ្នកនាង ម៉េង កែវពេជ្ជតា ក៏បានបង្ហាញពីអារម្មណ៍របស់ខ្លួន នៅក្នុងនាមជាម្តាយ ដែលមានចំពោះកូនយ៉ាងថា ៖ « ថ្ងៃនេះប្រុសធំទៅបន្តការងារចុះ ប្រត្តិបត្តិការ ដែលសាលាតម្រូវ ធ្លាប់តែឃើញពីមុនរត់លេងតត្រុកពីរនាក់បងប្អូន ញើសផង ក្លិនដីផង.. តែពេលនេះកូនធំចេះរៀបចំខ្លួន ហើយចេញរៀនធ្វើការទៀត ខ្ញុំពិតជារំភើបរីករាយរកអ្វីប្រៀបគ្មានឡើយ ។ សូមអរគុណចំពោះបង Vatha នូវការមើលថែទាំយ៉ាងយកចិត្តទុកដាក់ លើសពីឪពុកបង្កើត ទើបកូនៗបានធំធាត់លូតលាស់ល្អ ត្រកាលយ៉ាងដូច្នេះ » ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV





