អ្នកលេងបណ្តាញសង្គម ពិតជាសម្តែងនូវក្តីរំជួលចិត្ត ខ្លោចចិត្ត អាណិតអាសូរយ៉ាងខ្លាំង ក្រោយពីបានឃើញក្មេងស្រីដ៏កំសត់ម្នាក់ បានបង្ហាញពីឆន្ទៈតស៊ូក្នុងជីវិត ចង់រៀនមានចំណេះនឹងគេ បន្ទាប់ពីម្តាយរបស់នាងជាអ្នករើសអេតចាយ បានស្លាប់កាលពីពេលថ្មីៗនេះ បន្យល់ទុកឲ្យរូបនាងត្រូវរស់នៅតែលតោលតែម្នាក់ឯង ខណៈឪពុកបង្កើតក៏មិនដែលស្គាល់មុខ ចាប់តាំងពីនាងកើតមក។
ក្មេងស្រីអាយុ ១៣ ឆ្នាំ រូបនេះ បច្ចុប្បន្ន នាងបានផ្អាកការសិក្សាត្រឹមថ្នាក់ទី២ នៅសាលាភ្នំពេញថ្មី ដោយសារជីវភាពគ្រួសារ ត្រូវរកលុយចិញ្ចឹមម្តាយ បន្ទាប់ពីម្តាយធ្លាក់ខ្លួនឈឺ។ ប៉ុន្តែ ពេលនេះ នាងរស់កាន់តែលំបាកខ្វះភាពកក់ក្តៅ ព្រោះតែម្តាយរបស់នាងបានលាចាកលោកទៅហើយ។ នាងបានប្រាប់ថា ដោយសារតែមិនមែនលទ្ធភាពបង់ថ្លៃផ្ទះជួលមួយខែ ៦០ ដុល្លារ នៅពេលនេះ នាងត្រូវអ៊ុំរស់នៅជិតខាងអាណិតទទួលយកនៅជាមួយផងដែរ។
តែយ៉ាងណាមិញ អ្វីដែលធ្វើឲ្យគ្រប់គ្នាទប់ទឹកភ្នែកពុំបាននោះ គឺថាក្មេងស្រីរូបនេះ បើទោះជានាងនៅក្មេងខ្ចីក៏ពិតមាន តែឆន្ទៈដ៏មុះមុតរបស់នាងគឺធំធេងណាស់ ដោយធំឡើងនាងមានបំណងប្រាថ្នាចង់ធ្វើជាទាហាន ដោយនាងចង់រៀនសូតបានខ្ពង់ខ្ពស់ និងចង់ចេះភាសាអង់គ្លេសជាខ្លាំង។
នៅក្នុងបន្ទប់ជួលដ៏តូចចង្អៀត នាងបានអុជធូបនិយាយទៅកាន់វិញ្ញណក្ខន្តម្តាយ ខណៈពេលក្រុមហ៊ុនថ្នាំលាបពណ៌ YOCEE បានមកជួបឧបត្ថម្ភសម្លៀកបំពាក់ សម្ភារៈសិក្សា និងថវិកាមួយចំនួន ដោយបានរៀបថា សូមម៉ែកុំបារម្ភពីកូនអី សូមម៉ែបានទៅកាន់សុគតិភពណាម៉ែណា៎! សូមវិញ្ញាកន្ខន្ធម៉ែកុំនៅវិលវល់នឹងកូនទៀតអី ព្រោះពេលនេះ កូនមានពូៗ អ៊ុំៗ ជួយផ្គត់ផ្គង់ការរស់នៅ និងការសិក្សាដល់កូនហើយ…។
ក្មួយស្រីដ៏មានការតស៊ូរូបនេះ ក៏ប្រាប់ថា មុនពេលស្លាប់ ម្តាយរបស់នាងបានផ្តាំថា នៅជាមួយអ៊ុំ ត្រូវចេះជួយធ្វើការអ៊ុំ ព្រោះគាត់ចាស់ហើយ ជួយធ្វើការងារផ្ទះទៅ កុំឲ្យខ្ជិល ហើយត្រូវចេះយល់ចិត្តគេ កុំដើរលេងផ្តេសផ្តាស….។ តាមរយៈពាក្យបណ្តាំរបស់ម្តាយទាំងនេះ ក្មួយស្រីបានអះអាងថា ក្មួយនឹងតស៊ូធ្វើឲ្យបាន មិនឲ្យម្តាយ និងពូៗ អ៊ុំៗ ខកចិត្តនោះទេ។
ក្រោយពីបានឃើញក្មួយស្រី ហាក់មានការយល់ដឹងនិងចេះគិតជ្រៅជ្រះបែបនេះ បងប្អូនអ្នកលេងបណ្តាញសង្គម បានបង្ហាញសម្តែងនូវអារម្មណ៍មួយនេះថា៖ «ស្អាតហើយចេះទៀត ហេតុអីក៏កំសត់ម៉្លេះ, កូនស្រីនេះ គ្រាន់តែមេីលខ្ញុំក៏ដឹងថាទៅថ្ងៃអនាគត ជីវិតគាត់នឹងរីកចម្រេីន ខ្ញុំថាក្មេងស្រីម្នាក់នេះស៊ូណាស់ ស្តាប់សំដីរបស់គាត់ក៏យល់ដល់ចរិត, ត្រូវហើយណព្វ ក្រទេតែមានឆន្ទៈចង់រៀនកូន យើងមានលុយរៀនហើយ ខ្ចិលទៀត, ខ្ញុំយល់ពីអារម្មណ៍មួយនេះច្បាស់ណាស់ ប្អូនតស៊ូឡើង,…»។
បើតាមប្រភពបានឲ្យដឹងថា ក្មួយស្រីដ៏កំសត់មានការតស៊ូរូបនេះ ត្រូវបានក្រុមហ៊ុនថ្នាំលាបពណ៌ខាងលើ ធានាឲ្យរៀនដល់ចប់ ដោយជួយឧបត្ថម្ភក្នុង១ខែចំនួន ១០០ ដុល្លារ និងថែមទាំងយកក្មួយស្រីទៅធ្វេីការនៅក្រុមហ៊ុនរបស់គាត់ផងដែរ។ តាមរយៈនេះ ក៏សូមបងប្អូនសប្បុរសធម៌ដទៃ ដែលមានទឹកចិត្តអាណិតអាសូរដល់ក្មួយស្រី មេត្តាបន្តចែករំលែកនូវក្តីស្រឡាញ់ ដើម្បីឲ្យទំពាំងកំពុងខំប្រឹងលូតមួយនេះ មានអនាតគល្អផង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង