Wednesday, December 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជំរុញមន្ត្រីរាជការ-ពលរដ្ឋ ថែរក្សាបរិស្ថាន និងអនាម័យមូលដ្ឋានឲ្យបានល្អ ដើម្បីទាក់ទាញទេសចរ យកមូលដ្ឋានចិញ្ចឹមមូលដ្ឋាន

ថែរក្សាបរិស្ថាន និងអនាម័យឲ្យបានល្អ គឺជាការចូលរួមលើកស្ទួយវិស័យទេសចរណ៍ដើម្បីយកមូលដ្ឋានចិញ្ចឹមមូលដ្ឋាន ពោលគឺ បង្កើតកញ្ចប់អេកូទេសចរណ៍ ហើយស្រូបទាញប្រាក់ចំណូលពីវិស័យនេះចូលទៅដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានតែម្ដង, នេះជាការណែនាំរបស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងឱកាសអញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនប្រទេសជាតិ នៅលើខ្នងភ្នំគូលែន នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសា ឆ្នាំ២០២២។

លោកជំទាវកិត្តិសង្គហបណ្ឌិត ឧបនាយករដ្ឋមន្រ្តី បានណែនាំទៅកាន់ប្រជាពលរដ្ឋ និងមន្ត្រីរាជការដែលចូលរួមក្នុងពិធីបួងសួងទៀតថា អ្នករស់នៅមូលដ្ឋានណា ត្រូវចេះថែរក្សាបរិស្ថាន និងធ្វើអនាម័យទៅលើមូលដ្ឋាននោះ ជាពិសេស នៅតាមតំបន់បុរាណប្រវត្តិសាស្រ្ត ដើម្បីជាកត្តាទាក់ទាញភ្ញៀវទេសចរមកទស្សនាតំបន់នេះ ហើយពេលនោះពួកគេនឹងចាយវាយទៅលើកញ្ចប់ទេសចរណ៍ច្រើន ដែលនាំមកនូវការផ្ដល់ប្រាក់ចំណូលលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។ ទោះជាយ៉ាងណា មិនភ្លេចទេការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩, លោកជំទាវកិត្តិសង្គហបណ្ឌិត បានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវគោរព តាមវិធានការណ៍របស់ក្រសួងសុខាភិបាល និងវិធានការ «៣ការពារ និង៣កុំ» ហើយត្រូវទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ចាប់ពីដូសទី១ រហូតដល់ដូសជំរុញ ដើម្បីបន្ស៊ាំទៅក្នុងសហគមន៍ បញ្ជាក់អំពីសុវត្ថិភាពគ្មានកូវីដ-១៩ក្នុងមូលដ្ឋាន។

ងាកមកពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនប្រទេសជាតិវិញ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបួងសួងព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនិនាថ សីហនុ ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា មន្រ្តីរាជការ ព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នា, ជាពិសេស សូមឲ្យប្រទេសជាតិរួចផុតពីជំងឺតម្កាត់ គ្រោះកាចចង្រៃចៀសផុតពីគ្រោះរាំងស្ងួត និងសម្បូរណ៍សប្បាយតរៀងទៅ។

ក្នុងពិធីបួងសួងនេះដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត បាននាំយកថវិការបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋ រួមមាន ៖ កងកម្លាំងទាំង៣ប្រភេទ បុគ្គលិកអាជ្ញាធរអប្សារា អ្នកអនាម័យ មន្ត្រីឧទ្យាននុរក្ស សរុបចំនួន ៥២១គ្រួសារ ក្នុងមួយគ្រួសារទទួលបានថវិកា ៤ម៉ឺនរៀល និងបានប្រគេនព្រះសង្ឃនូវបច្ច័យចំនួន ២.០០០ដុល្លារសម្រាប់កសាងបុណ្យកុសលផ្សេងៗ៕ ពិសិដ្ឋ CEN

×