Wednesday, December 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បញ្ជាឱ្យកម្លាំងនគរបាលកុំដើរចោលប៉ុស្ដិ៍ប្រចាំបញ្ជា និងទទួលទូរស័ព្ទពីប្រជាពលរដ្ឋ Hotline 117

ភ្នំពេញ ៖ ដោយការកត់សម្គាល់ពីសំណាក់ប្រជាពលរដ្ឋបានមើលឃើញថា ប៉ុស្ដិ៍ប្រចាំបញ្ជាដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋតាមមូលដ្ឋាន ដែលរាយប៉ាយក្នុងរាជធានីភ្នំពេញមួយចំនួន ខ្លះឃើញមានសមត្ថកិច្ចប្រចាំការ ខ្លះទៀតក៏អត់ឃើញមានទេ, ហើយមិនតែប៉ុណ្ណោះ ប៉ុស្ដិ៍ប្រចាំបញ្ជាខ្លះ ថែមទាំងកន្ទ្រួកទ្រុឌទ្រោមទៀតផង ដូច្នេះទេ ទើប នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាឱ្យកម្លាំងនគរបាលទូទាំងប្រទេស ត្រូវផ្តោតការយកចិត្តទុកដាក់ទៅលើការងារប្រចាំបញ្ជា ដោយត្រូវមានមនុស្សប្រចាំការជាប់ និងត្រូវប្រកាស លេខ១១៧ ឱ្យប្រជាពលរដ្ឋបានដឹងកាន់តែច្រើន ដើម្បីរាយការណ៍មកកាន់ប៉ុស្តិ៍ប្រចាំបញ្ជា នៅពេលមានសភាពការណ៍អសន្តិសុខណាមួយកើតឡើងឲ។

ការចាត់បញ្ជាបែបនេះរបស់ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ធ្វើឡើងក្នុងឱកាស នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត ដឹកនាំកិច្ចប្រជុំសរុបសភាពការណ៍ និងលទ្ធផលនៃកិច្ចប្រតិបត្តិការប្រចាំត្រីមាសទី១ ឆ្នាំ២០២២ និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០២២ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២, នាយឧត្តមសេនីយ៍ នេត សាវឿន បានលើកឡើងទៀតថា កន្លងទៅនេះ មានប្រជាពលរដ្ឋរាយការណ៍មកលោកផ្ទាល់ថា ពេលមានបទល្មើសផ្សេងៗ ពួកគាត់បានទូរស័ព្ទទៅនគរបាលមូលដ្ឋានដើម្បីសុំកិច្ចអន្តរាគមន៍ ប៉ុន្តែនគរបាលមិនលើក ទូរស័ព្ទទាល់តែសោះ អីចឹងទេ រឿងនេះ ត្រូវតែពង្រឹងគោលការណ៍ការងារសន្តិសុខឡើងវិញ។

មិនត្រឹមតែការងារប៉ុស្ដិ៍សប្រចាំបញ្ជាប៉ុណ្ណោះទេ នាយឧត្តមសេនីយ៍ អគ្គស្នងការ ក៏បានក្រើនរំលឹកដល់ស្នងការរាជធានី-ខេត្ត ទាំងអស់នៅពេលប្រជាពលរដ្ឋទូរស័ព្ទទៅសូមឱ្យលើកផង។ ទាក់ទងនឹងរឿងនេះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេតសាវឿន លោកថា បានជួបជាមួយរដ្ឋមន្ត្រី ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ដើម្បីស្នើសុំឱ្យនគរបាលរ៉ាប់រងទាំងអស់រាល់លេខទំនាក់ទំនង Hotline លើកលែងតែផ្នែកសុខាភិបាល ដែលបច្ចុប្បន្នមានភាពរលូន។

ដូច្នេះលោកដាក់បទបញ្ជាឱ្យនគរបាលទាំងអស់ ត្រូវតែពង្រឹងយកចិត្តទុកដាក់ទៅលើការងារប្រចាំបញ្ជា ជាពិសេស នៅពេលមានប្រជាពលរដ្ឋទូរស័ព្ទសុំអន្តរាគមន៍តាមរយៈ លេខ១១៧ ហើយសមត្ថកិច្ច១១៧ បញ្ជូនព័ត៌មានទៅ សមត្ថកិច្ចមូលដ្ឋាន ត្រូវតែដោះស្រាយឱ្យបានលឿន និងមានប្រសិទ្ធភាព។

សូមបញ្ជាក់ថា លេខទូរស័ព្ទ Hotline 117 នេះ គឺជាមជ្ឈមណ្ឌលប្រចាំបញ្ជារបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលរង់ចាំទទួល និងឆ្លើយតបបន្ទាន់ភ្លាមៗ នៅពេលក្នុងមូលដ្ឋានប្រជាពលរដ្ឋជួបបញ្ហាអសន្តិសុខណាមួយកើតឡើង។ ជាការកត់សម្គាល់ផងដែរថា បន្ទាប់ពីអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រកាសលេខទូរស័ព្ទ Hotline 117 សម្រាប់ប្រជាពលរដ្ឋរាយការណ៍រាល់អសន្តិសុខកើតឡើងពិតប្រាកដ នៅទូទាំងប្រទេស ពេញ២៤ម៉ោង លើ២៤ ម៉ោង នោះមក ឃើញថា ប្រជាពលរដ្ឋពេញចិត្ត និងសាទរយ៉ាងខ្លាំង ហើយសង្ឃឹមថា ពួកគាត់លែងព្រួយបារម្ភទៀតហើយ ពេលមានលេខទូរស័ព្ទ Hotline 117 នេះ គឺដូចជាមានសមត្ថកិច្ចនៅក្បែរខ្លួនអីចឹង៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×