Tuesday, May 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខការទូតកម្ពុជា ជួបអ្នកសម្របសម្រួលរបស់ UN ចូលជួបសម្ដែងការគួរសម និងជម្រាបលា ក្រោយបញ្ចប់បេសកកម្មការងារនៅកម្ពុជា

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញទទួលលោកស្រី Pauline Tamesis អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកស្រី បានបញ្ចប់បេសកកម្មការងារនៅកម្ពុជា។

សូមរំលឹកផងដែរថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២នេះ បានអនុញ្ញាតឲ្យលោកជំទាវ ប៉ូលីន ថាំមីស៊ីស (Pauline Tamesis) ប្រធានសម្របសម្រួលអង្គការសហប្រជាជាតិ (អ.ស.ប) ប្រចាំនៅកម្ពុជា បានជួបពិភាក្សាការងារ និងជម្រាបលា ក្រោយលោកជំទាវបានចប់បេសកកម្មការងារនៅកម្ពុជា ដែលជំនួបនេះត្រូវបានធ្វើឡើងនៅវិមានសន្តិភាព ។

ក្នុងជំនួបនេះ លោកជំទាវ ប៉ូលីន ថាំមីស៊ីស បានគោរពជម្រាបជូនសម្តេចតេជោថា លោកជំទាវពិតជាមានកិត្តិយសណាស់ដែលបានមកបម្រើការងារជាអ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិរយៈពេលកន្លងមកនេះ។លោកជំទាវ សូមគោរពវាយតម្លៃខ្ពស់ចំពោះភាព ជាដៃគូល្អ កិច្ចសហប្រតិបត្តិការល្អ ការប្ដេជ្ញាខ្ពស់ចំពោះពហុភាគីនិយម ការចូលរួមចំណែកក្នុងការរក្សាសន្តិភាព ស្ថេរភាពពិភពលោក និងការដឹកនាំប្រកបដោយប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលទាំងអស់នេះសុទ្ឋសឹងជាភាពជោគជ័យដែលជាគំរូមិនត្រឹមតែសម្រាប់ប្រទេសនានាទេ ប៉ុន្តែជាបទពិសោធន៍ដែលអាចយកទៅប្រើប្រាស់បាននាពេលអនាគត។

លោកជំទាវ ប៉ូលីន ថាំមីស៊ីស គោរពជម្រាបជូនសម្ដេចតេជោថា ប្រព័ន្ធអង្គការសហប្រជាជាតិប្ដេជ្ញាចិត្តបន្តគាំទ្រកម្ពុជា តាមរយៈវិស័យដែលមានសក្តានុពល ដូចជាទី១ វិនិយោគលើវិស័យធនធានមនុស្ស ទី២ ជំរុញការប្រើប្រាស់ប្រព័ន្ធឌីជីថល និងទី៣ ការប្រែប្រួលអាកាសធាតុ និងសេដ្ឋកិច្ចបៃតង។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានយល់ស្របចំពោះការលើកឡើងរបស់ លោកជំទាវ ប៉ូលីន ថាំមីស៊ីស។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះលោកជំទាវ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ជាពិសេសថ្មីៗនេះ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ សម្ដេចតេជោបានមានប្រសាសន៍លើកឡើង អំពីការចូលរួមរបស់ប្រព័ន្ធអង្គការសហប្រជាជាតិ ក្នុងការទទួលឲ្យចូលចតនូវនាវា Wasterdam ដែលពេលនោះប្រសិនបើកម្ពុជាមិនអនុញ្ញាតឲ្យចូលចតនោះទេ មិនដឹងជាវាសនាអ្នកធ្វើដំណើរនៅលើនាវានោះទៅជាយ៉ាងណានោះទេ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានជម្រាបជូនលោកជំទាវប៉ូលីន នូវយុទ្ធសាស្ត្រផ្ការីកដែលបានប្រើសម្រាប់ប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា ជាមួយការបន្តយកចិត្តទុកដាក់លើកិច្ចគាំពារសង្គម និងវិស័យសុខាភិបាល ។

មុននឹងបញ្ចប់ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោកជំទាវប៉ូលីន និងថ្លែងអំណរគុណចំពោះប្រព័ន្ធអង្គការសហប្រជាជាតិទាំងអស់ដែលបានចូលរួមចំណែក និងឆ្លងកាត់ការលំបាកជាមួយកម្ពុជា ហើយសម្តេចតេជោក៏បានជូនពរចំពោះលោកជំទាវប៉ូលីន ឲ្យទទួលបាននូវភាពជោគជ័យលើរាល់ភារកិច្ចជាបន្តបន្ទាប់ទៀត៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×