ភ្នំពេញ ៖ ផ្អើលពេញខណ្ឌពោធិ៍សែនជ័យ ខណ:លោកឧត្តមសេនីយ៍ផ្កាយ២ម្នាក់ បានលក់ផ្ទះលែល្វែងក្នុងបុរីធូលន ឲ្យស្ត្រីម្នាក់រយៈពេល៣ឆ្នាំ មកហើយបែរជាមកកាត់សោម្ចាស់ផ្ទះថ្មីចោល ហើយចាក់សោថ្មីមិនឲ្យម្ចាស់ផ្ទះថ្មីចូលមកនៅនោះទេ។
នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២នេះ ក្រុមគ្រួសាររបស់ម្ចាស់ផ្ទះថ្មីទ្រាំលែងបាន ក៏បានរាយការណ៍ជូនអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដើម្បីសុំកាត់សោចូលមកនៅវិញ។

តាមការបញ្ជាក់ពីស្ត្រីផ្ទះថ្មីឈ្មោះឈុំ សុផា អាយុ៣៩ឆ្នាំនិងស្វាមីឈ្មោះ សោម សុភ័ក្រ្តអាយុ៤០ឆ្នាំ បានឲ្យដឹងថា រូបគាត់និងស្វាមីបានទិញផ្ទះពីលោកឧត្តមសេនីយ៍ផ្កាយ២ ជ័យ សារុន តម្លៃ៦២.០យៈ០០ដុល្លារ សហរដ្ឋអាមេរិក នៅក្នុងបុរីធូ កន ស្ថិតនៅភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រយៈពេល៣ឆ្នាំមកហើយតាំងតែពីថ្ងៃ១០ ខែ៩ឆ្នាំ២០១៩ ដោយមានការផ្ទេរកម្មសិទ្ធនិងមានឯកសារគ្រប់គ្រាន់ និងទទួលស្គាល់ពីអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ តាំងពីថ្នាក់ភូមិរហូតដល់ថ្នាក់ខណ្ឌ ដោយភាគីខាងម្ចាស់ផ្ទះថ្មី បានប្រគល់លុយគ្រប់ចំនួនឲ្យខាងភាគីលោកផ្កាយ២រួចរាល់ផងដែរ ហើយរូបគាត់បានចូលមកនៅផ្ទះខាងលើនេះ បានរយៈពេលជាង១ឆ្នាំ ខណ:ពេលដែលផ្ទុះរាតត្បាតជំងឺកូវីដ១៩ រូបគាត់និងក្រុមគ្រួសារបានទៅរស់នៅផ្ទះម្តាយក្មេក នៅខេត្តកំពង់ស្ពឺហើយក៏បានជួលឲ្យជនចិនរយៈពេល៥ខែផងដែរ លុះនៅថ្ងៃទី១៨ខែកក្កដា ឆ្នាំ២០២១លោកផ្កាយ២ ជ័យ សារុន បាននាំបក្ខពួកមួយក្រុមស្លៀកពាក់ ជាឯកសណ្ឋានយោធា បាននាំគ្នាមកកាត់សោរគាត់ចោល និងយកខោអាវនិងរូបថតមកដាក់តាំងក្នុងផ្ទះ ហើយចាក់សោពីខាងក្រៅដោយសំឡុតទារលុយ ពីម្ចាស់ផ្ទះថ្មីចំនួន៥០០០ដុល្លារ ហើយដេញអ្នកជួលផ្ទះចេញ ហើយចាក់សោចេញទៅបាត់តែម្តង
ក្រោយមកម្ចាស់ផ្ទះថ្មី បានទៅប្តឹងសមត្ថកិច្ចមូលដ្ឋាន សង្កាត់ចោមចៅទី២ ដើម្បីឲ្យជួយអន្តរាគមន៍ដល់ពួកគាត់តែខាងលោកចៅសង្កាត់ចោមចៅទី២ មិនហ៊ានទទួលពាក្យបណ្តឹងទេ ដោយគាត់ខ្លាចអំណាចលោកផ្កាយ២ ក៏បានឲ្យស្ត្រីដែលជាម្ចាស់ផ្ទះថ្មី ទៅប្តឹងនៅសាលាខណ្ឌពោធិ៍សែនជ័យវិញទៅ ក្រោយពេលលោកអភិបាលរងខណ្ឌពោធិ៍សែនជ័យ បានទទួលពាក្យបណ្តឹងពីស្ត្រីរងគ្រោះដែលជាម្ចាស់ផ្ទះថ្មី រួចមកក៏បានកោះហៅភាគីទាំងខាង ឲ្យទៅជួបគ្នាដោះស្រាយតាមផ្លូវច្បាប់ តែខាងភាគីលោកផ្កាយ២ មិនបានទៅជួបតាមការណាត់ របស់មន្ត្រីអាជ្ញាធរខណ្ឌនោះទេ រូបគាត់បែរជាឲ្យស្ត្រីដែលជាម្ចាស់ផ្ទះផ្ទះថ្មី ជួយរកប្រពន្ធឲ្យគាត់ឲ្យឃើញសិនទើបគាត់ទៅចេញមុខដោះស្រាយឲ្យ។
ទោះជាយ៉ាងណាក្រុមគ្រួសាររបស់ម្ចាស់ផ្ទះថ្មី គាត់បានពឹងពាក់លើប្រព័ន្ធផ្លូវច្បាប់ ដោយរូបគាត់ក៏បានដាក់ពាក្យបណ្តឹង នៅសាលាដំបូងរាជធានីភ្នំពេញ រួចរាល់ផងដែរតែរយៈពេល១ឆ្នាំ មកហើយនៅតែមិនទាន់ឃើញមានចំណាត់ការ ជូនក្រុមគ្រួសារពួកគាត់៕ រក្សាសិទ្ធិដោយ ៖ សួងសាម























