ភ្នំពេញ ៖ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ខាងមុខនេះ ទោះបីស្ថិតក្នុងបរិបទនៃការឆ្លងជំងឺកូវីដ១៩ យ៉ាងណាក្តី ក៏រាជរដ្ឋាភិបាលនៅតែមានឆន្ទៈនៅក្នុងការរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២២ នេះ ដោយគ្មានការលើកពេលនោះទេ។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នឹងធ្វើឡើងជាទៀងទាត់រៀងរាល់ ៥ឆ្នាំម្តង។ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នេះ រាជរដ្ឋាភិបាលបានធានាទៅលើការចំណាយទាំងស្រុងសម្រាប់ដំណើរការបោះឆ្នោតនេះ ដោយគ្មានការជួយឧបត្ថម្ភថវិកាពីភាគីពាក់ព័ន្ធណាទេ។ ដែលនេះបង្ហាញអំពីសមត្ថភាព និងលទ្ធភាពរបស់រាជរដ្ឋាភិបាលមានគ្រប់គ្រាន់ក្នុងការគាំទ្រដល់ដំណើរការរៀបចំការបោះឆ្នោតនេះ។ នេះជាការបញ្ជាក់របស់ឯកឧត្តម សោម សូរីដា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប)។

ឯកឧត្តម សោម សូរីដា បានបន្តថា ថ្វីត្បិតតែរាជរដ្ឋាភិបាលធានាចំណាយទាំងស្រុងទៅលើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ក៏មានការជួយឧត្តម្ភគាំទ្រពីរដ្ឋាភិបាលជប៉ុនផងដែរ គឺតាមរយៈអង្គការ jica របស់ជប៉ុន បានផ្តល់មកឲ្យគ.ជ.ប នៅអ្នកជំនាញការដែលនឹងជួយកម្ពុជាក្នុងការងារអប់រំអ្នកបោះឆ្នោត ហើយកិច្ចនេះកំពុងតែដំណើរការរលូនល្អ ហើយលទ្ធផល សកម្មភាព និងអនុវត្តនៅពេលខាងមុខ គឺជាការបញ្ជ្រាបការយប់ដឹងអំពីការបោះឆ្នោតជូនដល់ប្រជាពលរដ្ឋកម្ពុជា ។ ពិសេសគឺការបញ្ជ្រាបការយល់ដឹងនៅក្នុងគ្រឹះស្ថានសិក្សា។ ហើយគ.ជ.ប ក៏បានបង្កើតក្រុមការងារបច្ចេកទេសដែលដឹកនាំដោយឯកឧត្តម ហង្ស ពុទ្ធា ក្នុងកិច្ចការបញ្ជា្របការយល់ដឹង ដូចដែលបានធ្វើកន្លងមកសម្រាប់ឆ្នាំ២០១៧-២០១៨ កន្លងមក។
អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា “ដោយសាររាជរដ្ឋាភិបាលមានសមត្ថភាព និងមានលទ្ធភាពគ្រប់គ្រាន់ គឺថវិកាចំណាយលើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ គឺរាជរដ្ឋាភិបាលធានាទាំងស្រុង នេះបង្ហាញអំពីលទ្ធភាពរបស់ប្រទេសយើង ដែលមានសន្តិភាព ហើយមានការអភិវឌ្ឍន៍ នាំមកនូវសេចក្តីសុខ សេចក្តីចំរើនសម្រាប់ប្រទេសជាតិ ពិសេសកំណើនសេដ្ឋកិច្ចកំពុងតែមានវិវត្តយ៉ាងល្អ”៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

