ភ្នំពេញ ៖ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីសូត្រមន្តរាប់បាត្រព្រះសង្ឃចំនួន៦៨អង្គ ក្នុងន័យចូលរួមទទួលទេវតាឆ្នាំថ្មី ព្រះនាមកិរិណីទេវី ជាបុត្រីទី៥របស់ កបិលមហាព្រហ្ម ដែលនឹងចុះមកគ្រប់គ្រងភពផែនដី ជំនួសទេវតាឆ្នាំចាស់ ដោយមានការអញ្ជើញចូលរួមជាអធិបតីពី ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ, ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ។

ពិធីនេះក៏បានបង្ហាញឲ្យឃើញពីការគោរពប្រតិបត្តិប្រពៃណីទំនៀមទម្លាប់ ជាតិពិសេសក្នុងឱកាសទទួលទេវតាឆ្នាំថ្មី ដើម្បីបណ្តេញគ្រោះចង្រៃឱបទ្រពផងទាំងពួង ដែលកើតមានពីឆ្នាំចាស់ នឹងសុំពរជ័យពីទេវតាឆ្នាំថ្មី ក៏ដូចរួមចំណែកថែរក្សាប្រពៃណីទំនៀមទម្លាប់ និងវប្បធម៌ជាតិដ៏ល្អផូរផង់។
នេះជាការចាប់ផ្តើមនៃការប្រារព្ធពិធីសូត្រមន្ត រាប់បាត្ររបស់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចស្ថាប័ននានានិងបងប្អូនប្រជាពលរដ្ឋក្រោយពីអាក់ខាន មិនបានរៀបចំពិធីនេះ អស់រយៈពេល២ឆ្នាំ ដោយសារការរីករាលដាលនៃជំងឺកូវីដ.១៩។ ប៉ុន្តែឆ្នាំនេះ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឲ្យធ្វើពិធី និងមានការជួបជុំកំសាន្តសប្បាយជាធម្មតាឡើងវិញ។ រយះពេល២ឆ្នាំចុងក្រោយនេះ រដ្ឋបាលរាជធានីភ្នំពេញ មន្ត្រីរាជការ និងប្រជាពលរដ្ឋកងកម្លាំងប្រដាប់អាវុធ មន្ត្រីសុខាភិបាលដែលជាកងទព័អាវស បានឆ្លងកាត់ស្ថានភាពដ៏លំបាកនៃការរីករាលដាលជំងឺកូវីដ.១៩, បញ្ហាគ្រោះទឹកជំនន់ទឹកភ្លៀងទំនប់សណ្តរស្ទឹងព្រែកត្នោត បញ្ហាសំរាមជាដើម។ តែពេលនេះ បញ្ហាខាងលើត្រូវបានដោះស្រាយជាបន្តបន្ទាប់ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការដឹកនាំអនុវត្តដោយឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ រួមទាំងការអភិវឌ្ឍន៏ទីក្រុងផងដែរ។ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសជូនដំណឹងពីការប្រារព្ធកម្មវិធីសង្ក្រាន្តវត្តភ្នំ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំរយៈពេល៣ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិ។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានជូនដំណឹងពីការហាមឃាត់ មិនអនុញ្ញាតឲ្យលេងល្បែងដែលមិនមែនជាប្រពៃណីវប្បធម៌ជាតិ ប្រកាន់ខ្ជាប់សេចក្តីថ្លៃថ្នូរ ចូលរួមទប់ស្កាត់រាល់បទល្មើសផ្សេងៗ ដែលអាចកើតមានឡើងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចូលរួមទប់ស្កាត់ពីគ្រោះអគ្គីភ័យ បើកបរគោរពច្បាប់ចរាចរផ្លូវគោក បើកបរកុំពិសាគ្រឿងស្រវឹងជាដើម៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី













