Wednesday, December 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការបង្គាប់ឱ្យចាប់ខ្លួន លោកសៀម ភ្លុក ពាក់ព័ន្ធនឹងការក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែងក្នុងការបង្កើតគណបក្សបេះដូងជាតិ

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោកលិ សុខា កាលពីថ្ងៃទី៤ខែមេសា ឆ្នាំ២០២២ បានចេញដីកាបង្គាប់ឱ្យនាំខ្លួន ជនត្រូវចោទ ឈ្មោះ សៀម ភ្លុក ភេទប្រុស អាយុ ៥២ ឆ្នាំ ជាតំណាងស្ថាបនិក នៃគណបក្សបេះដូងជាតិ ឱ្យបានមុនថ្ងៃទី ២៥ ខែ មេសា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងករណី ក្លែងបន្លំ និង ប្រើប្រាស់លិខិតក្លែង ក្នុងការបង្កើតគណបក្សបេះដូងជាតិ។

យោងតាមដីការបស់លោកចៅក្រមស៊ើបសួរ លិ សុខា ចុះកាលបរិច្ឆេទ ថ្ងៃទី៤ ខែ មករា ឆ្នាំ ២០២២ បានឱ្យដឹងថា នៅក្នុងសំណុំរឿងក្តីនេះ ជនត្រូវចោទ ឈ្មោះ សៀម ភ្លុក មានទីលំនៅ នៅផ្ទះលេខ ៩២E១ ផ្លូវ១៦៣ ភូមិ៤ សង្តាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ត្រូវបាន តំណាងអយ្យការចោទប្រកាន់ចំនួន២បទល្មើស រួមមាន បទក្លែងបន្លំ និង បទប្រើប្រាស់លិខិតក្លែង តាមមាត្រា៦២៦, មាត្រា៦២៧ និងមាត្រា៦២៨ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២១ ។

សូមបញ្ជាក់ថា ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ បានចេញប្រកាស ដោយសម្រេចលុបឈ្មោះ «គណបក្សបេះដូងជាតិ» ចេញពីបញ្ជីគណបក្សនយោបាយ។

ការប្រកាសលុបឈ្មោះគណបក្សបេះដូងជាតិ បានធ្វើឡើងបន្ទាប់ពី តុលាការកំពូល កាលពីថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០២១ បានបើកសវនការ និងបានប្រកាសសាលដីកា សម្រេចទាត់ចោលបណ្ដឹងរបស់ លោក សៀម ភ្លុក ដែលប្រឆាំងនឹងការបដិសេធក្រសួងមហាផ្ទៃ ចំពោះសំណើបង្កើតគណបក្សបេះដូងជាតិ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×