ភ្នំពេញ ៖ មហាជនបានសម្តែងការសប្បាយរីករាយ និងសាទរក្នុងពេលដែលលោក ព្រហ្ម ម៉ាញ ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារជា «កិត្តិឧទ្ទេសបណ្ឌិត» បន្ទាប់ពីតារាចម្រៀងអាយ៉ៃរូបនេះទើបតែជាសះស្បើយពីជំងឺ។
នៅព្រឹកថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២២នេះតាមរយះព្រះរាជក្រឹត្យដែលត្រូវបានចុះហត្ថលេខាដោយសម្តេចវិបុលសេនាភក្កី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយស ជូនលោក ព្រហ្ម ម៉ាញ ជា «កិត្តិឧទ្ទេសបណ្ឌិត»។
ព្រះរាជក្រឹត្យខាងលើនេះត្រូវបានផ្សព្វផ្សាយពេញបណ្តាញសង្គមហ្វេសប៊ុក ដោយនៅក្នុងនោះគេឃើញមានមហាជន អ្នកលេងហ្វេសប៊ុកជាច្រើនបាននាំគ្នាចែកចាយបន្ត ជាមួយនឹងសម្លេងអបអរសាទរយ៉ាងខ្លាំង ក្នុងពេលដែលពួកគេយល់ថា ការផ្តល់គោរមងារនេះ ជាការត្រឹមត្រូវ និងលើកកិត្តិយសដែលអ្នកសិល្បះដ៏មានទេពកោលស្យរូបនេះ។

ជាការកត់សម្គាល់លោក ព្រហ្ម ម៉ាញ ទើបតែវិលត្រឡប់មកគេហដ្ឋានត្រឹមប៉ុន្មានថ្ងៃនេះប៉ុណ្ណោះ បន្ទាប់ពីលោកបានសម្រាកព្យាបាលជំងឺ លើសសម្ពាធឈាមអស់មួយរយះខ្លី ខណះពេលដែលអាការៈជំងឺរបស់លោក ដែលបានកើតឡើងភ្លាមៗ នាពេលកន្លងមកនេះក៏បានក្លាយជាក្តីបារម្ភសម្រាប់ក្រុមគ្រួសាររបស់លោក និងមហាជនផងដែរ។
យ៉ាងណា ក្នុងអំឡុងពេលនេះលោក ព្រហ្ម ម៉ាញ បានវិលត្រឡប់មកសុខភាពល្អឡើងវិញជាបណ្តើរហើយ ក្រោយការយកចិត្តទុកដាក់ព្យាបាល ពីសំណាក់ក្រុមគ្រូពេទ្យ ហើយមហាជនរំពឹងថា លោកនឹងអាចមានកម្លាំងឡើងវិញ ដើម្បីឡើងសម្តែងជាថ្មីឡើងវិញ និងបន្តបេសកម្មភាពក្នុងការបង្ហាត់បង្រៀនអាយ៉ៃ ដល់កូនសិស្សរបស់លោកផងដែរ។
តារាចម្រៀងអាយ៉ៃលោក ព្រហ្ម ម៉ាញ បានចំណាយពេលស្ទើរពេញមួយជីវិត នៅក្នុងអាជីពសិល្បៈចម្រៀងអាយ៉ៃ ខណៈពេលដែលលោកបានខិតខំកសាងកេរ្តិ៍ឈ្មោះ លើផ្នែកសិល្បៈមួយនេះយ៉ាងល្បីល្បាញមិនថា ទស្សនិកជនក្នុងស្រុក និងក្រៅស្រុកឡើយ។

លោក ព្រហ្មម៉ាញ ដែលជាសិល្បករចម្រៀងអាយ៉ៃជើងចាស់ម្នាក់ ដោយរូបលោកមានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ ហើយរូបលោកបានចាប់ផ្តើមចូលវិស័យសិល្បៈតាំងពីឆ្នាំ ១៩៧០ មកម្ល៉េះ ដោយកាលណោះលោកទើបតែមានអាយុ ២០ ឆ្នាំប៉ុណ្ណោះ ដែលគិតមកដល់ឆ្នាំ ២០២២ នេះ លោក ព្រហ្មម៉ាញ បានប្រឡូកក្នុងសិល្បៈប្រមាណជា ៥០ ឆ្នាំមកហើយ ។
ប្រឡូកក្នុងវិស័យនេះអស់ជាច្រើន និង ទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញនោះ លោក ព្រហ្មម៉ាញ ក៏ធ្លាប់បានចេញទៅសម្តែងនៅក្រៅប្រទេសផងដែរ ដូចជាចេញទៅសម្តែងនៅប្រទេសបារាំង អូស្ត្រាលី និង អាមេរិក ជាដើម ។ ក្នុងដែរលោក ព្រហ្មម៉ាញ ចេញទៅសម្តែងនៅសហរដ្ឋអាមេរិកនោះ លោកត្រូវបានសភាអាមេរិកផ្តល់បណ្ណសរសើរលោកជាសិល្បករដ៏ល្បីល្បាញមួយរូបថែមទៀតផង៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

