Saturday, May 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកអភិរក្សធម្មជាតិ និងសត្វព្រៃ ស្នើឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ ចំពោះអ្នកមានអន្ទាក់ក្នុងដៃ និងការបណ្តើរឆ្កែចាប់សត្វព្រៃ

ភ្នំពេញ ៖ ក្នុងពិធីបើកយុទ្ធនាការអន្ទាក់សូន្យ នៅខេត្តស្ទឹងត្រែង ក្នុងខែមេសា ឆ្នាំ២០២២ នាពេលថ្មីៗនេះ លោក សេង ទៀក ប្រធានអង្គការមូលនិធិសាកលដើម្បីធម្មជាតិ (WWF) បានលើកឡើងថា លោកចង់ឱ្យសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ពិនិត្យលើមាត្រានៃច្បាប់មួយចំនួន ដែលពាក់ព័ន្ធនឹងការដាក់ទោសទណ្ឌទៅលើអ្នកបំផ្លាញសត្វព្រៃ ដើម្បីបង្កើនការដាក់ទោសទណ្ឌ និងការផាកពិន័យឱ្យបានធ្ងន់ធ្ងរដល់ជនទាំងឡាយណាដែលមានអន្ទាក់ក្នុងដៃ និងការបណ្តើរឆ្កែចាប់សត្វព្រៃ។

ក្នុងនាមជាអង្គការដៃគូ (អង្គការមូលនិធិសាកលដើម្បីធម្មជាតិ = WWF) ដែលបានចូលរួមយ៉ាងសកម្មជាមួយក្រសួងបរិស្ថាន តាំងពីយូរមកហើយនោះ លោក សេង ទៀក បានគាំទ្រយ៉ាងពេញទំហឹងដល់គំនិតផ្តួចផ្តើមរៀបចំជាយុទ្ធនាការអន្ទាក់សូន្យ ក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដឹកនាំដោយក្រសួងបរិស្ថាន ក្រោមកិច្ចសហការជាមួយដៃគូអង្គការពាក់ព័ន្ធជាដើម, ហើយគួរបង្កើតក្រុមអនុវត្តច្បាប់ចម្រុះចល័តតាមខេត្តគោលដៅនៃយុទ្ធនាការអន្ទាក់សូន្យនេះ ឲ្យបានច្រើនគោលដៅច្បាស់លាស់ ម៉ឺងម៉ាត់ ដើម្បីចុះត្រួតពិនិត្យតាមទីផ្សារសត្វព្រៃក្នុងទីរួមខេត្ត ស្រុក ឃុំ ភោជនីយដ្ឋាន សណ្ឋាគារ និងរមណីយដ្ឋានទេសចរណ៍នានា កុំឲ្យមានការទិញ-លក់សត្វព្រៃតទៅទៀត។

ទាក់ទងទៅនឹងការស្នើឱ្យពិនិត្យលើមាត្រានៃច្បាប់មួយចំនួន ដែលពាក់ព័ន្ធនឹងការដាក់ទោសទណ្ឌទៅលើអ្នកបំផ្លាញសត្វព្រៃនេះ ព្រោះថា អន្ទាក់ គឺជាដើមចមសំខាន់ដែលធ្វើឱ្យមានការបាត់បង់សត្វព្រៃសំខាន់ៗនៅកម្ពុជា ដូចជា ខ្លាធំ និង សត្វកម្រផ្សេងៗទៀត, អន្ទាក់ធ្វើថយចុះប្រភេទសត្វព្រៃមួយចំនួនយ៉ាងគំហុគ និងលឿនបំផុត ដូចជា ខ្លារខិន ខ្លាពពក ឆ្មាដាវ ឆ្កែព្រៃ ខ្លាឃ្មុំ និង ឈ្មុសប្រែង ឈ្មុសស្បូវ (ពួកសំពោច) ជាដើម។ល។

សូមបញ្ជាក់ថា ខេត្តស្ទឹងត្រែង គឺជាចំណុចចាប់ផ្តើមដំបូងគេបង្អស់នៃយុទ្ធនាការអន្ទាក់សូន្យ ក្នុងបណ្តាខេត្តទាំង ៦ រួមមាន ស្ទឹងត្រែង រតនគីរី ក្រចេះ មណ្ឌលគិរី ព្រះវិហារ និងកំពង់ធំ ដែលជាខេត្តគោលដៅសម្រាប់យុទ្ធនាការនេះ, ដោយហេតុថា ខេត្តទាំងនេះ មានតំបន់ការពារធម្មជាតិជាច្រើនដែលកំពុងប្រឈម និងវិបត្តិអន្ទាក់ធ្ងន់ធ្ងរ ការបំពុលសត្វ ការបរបាញ់ និងការជួញដូរសត្វព្រៃខុសច្បាប់។ បទល្មើសទាំងនេះ ចាំបាច់ត្រូវតែបញ្ឈប់ជាបន្ទាន់ បើពុំនោះទេសត្វព្រៃរបស់យើងមួយចំនួន នឹងបាត់បង់ពូជក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ជាមិនខាន។

ទាក់ទងនឹងបញ្ហាអន្ទាក់ចាប់សត្វព្រៃនេះ មន្ត្រីនៃក្រសួងបរិស្ថាន បានថ្លែងឱ្យដឹងថា ក្នុងការអនុវត្តច្បាប់របស់ក្រសួងបរិស្ថានទប់ស្កាត់បទល្មើសធនធានធម្មជាតិ បទល្មើសត្វព្រៃ នៅក្នុងឆ្នាំ២០២១កន្លងទៅ ក្រសួងបរិស្ថាន និងស្ថាប័នអង្គការដៃគូរបស់ខ្លួនបានដកហូតអន្ទាក់សរុបចំនួន ៦១,៦១១អន្ទាក់ ចេញពីតំបន់ការពារធម្មជាតិចំនួន៧៣ និងច្រករបៀងជីវចម្រុះចំនួន៣ ក្នុងប្រទេសកម្ពុជា។

ជាមធ្យមក្នុងមួយឆ្នាំមានអន្ទាក់សរុបចំនួនប្រមាណជាង ៤០,០០០ ត្រូវបានដកចេញពីតំបន់ការពារធម្មជាតិខាងលើ។ កាលពីឆ្នាំ២០២១ កន្លងទៅ ក្រុមសង្គ្រោះសត្វព្រៃបន្ទាន់ដែលជាអង្គភាពចម្រុះ បានចុះប្រតិបត្តិការក្នុងការបង្ក្រាបការជួញដូរសត្វព្រៃ ចំនួន ៦២៥លើក, សង្គ្រោះសត្វព្រៃបាន ១,២៧១ក្បាល, រឹបអូសសាច់សត្វព្រៃចំនួន ៣,៦០៩ក្បាល និងរឹបអូសសាច់សត្វព្រៃគ្រប់ប្រភេទចំនួន ៣៥៤គីឡូក្រាម បញ្ជូនសំណុំរឿងចំនួន ១១ ទៅតុលាការ និងបានដោះលែងសត្វព្រៃឱ្យចូលទៅព្រៃធម្មជាតិវិញចំនួន ៨៦៤ក្បាល។

មន្ត្រីក្រសួងបរិស្ថាន បញ្ជាក់ទៀតថា ក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក្នុងនោះមានបទល្មើសកាប់បំផ្លាញព្រៃឈើ និងសត្វព្រៃ ក្រសួងបរិស្ថាន បាននិងកំពុងសហការជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការដៃគូអភិរក្ស ដើម្បីបង្កើតសេដ្ឋកិច្ចនៅមូលដ្ឋាន ផ្លាស់ប្តូរទម្លាប់ពលរដ្ឋមួយចំនួន ដែលមានទម្លាប់ចូលព្រៃប្រកបមុខរបរកាប់ឈើ និងប្រមាញ់សត្វព្រៃ ឱ្យមានជម្រើសថ្មី មុខរបរថ្មី សម្រាប់ពួកគេដែលរស់នៅជុំវិញ និងក្នុងតំបន់ការពារធម្មជាតិ, ពាក់ព័ន្ធនឹងការពិនិត្យមើលមាត្រាច្បាប់ប្រឆាំងបទល្មើសសត្វព្រៃ ដូចជា ការប្រើប្រាស់អន្ទាក់ចាប់បានជាក់ស្ដែង និងដឹកឆ្កែចូលព្រៃចាប់សត្វ ក្រសួងបរិស្ថាន សូមគាំទ្រពេញទំហឹង ប៉ុន្តែថា ក្រសួង បាននិងអនុវត្តតឹងរ៉ឹងហើយ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×