អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមជាច្រើន កំពុងចែករំលែករូបភាពស្រ្តីរូបស្រស់ស្អាតម្នាក់ ស្ថិតក្នុងឯកសណ្ឋានយោធាអ៊ុយក្រែន ហើយនិយាយថា នាងបានបំផ្ទុះរថក្រោះជាច្រើនរបស់កងទ័ពរុស្ស៊ី។
ជាក់ស្តែង ថ្មីៗនេះ គណនី Twitter មួយបានចែករំលែករូបភាពនារីម្នាក់ពាក់ឯកសណ្ឋានយោធា ជាមួយនឹងមេដាយកិត្តិយសជាច្រើនដោយភ្ជាប់ចំណងជើងថា៖ “សម្រស់អ៊ុយក្រែនបានបំផ្ទុះរថក្រោះរុស្ស៊ីចំនួន ៥២ …”។ Tweet នេះបានទទួលការចូលចិត្តច្រើនជាង 65,000 ចាប់តាំងពីពេលដែលបង្ហោះនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២។
គណនីបណ្តាញសង្គម Facebook ជាច្រើនផ្សេងទៀត ក៏បានបង្ហោះរូបភាព និងព័ត៌មានស្រដៀងគ្នានេះផងដែរ។
តែទោះបីជាយ៉ាងណាក៏ដោយ យោងតាម Reuters ទីភ្នាក់ងារសារព័ត៌មានមិនអាចរកឃើញភស្តុតាងសាធារណៈណាមួយ ដែលថាស្ត្រីរូបនោះបានចូលរួមក្នុងការប្រយុទ្ធនោះទេ ហើយក៏មិនមានភស្តុតាងណាមួយដែលថានាងបានបំផ្លាញរថក្រោះរុស្ស៊ីចំនួន ៥២ ចាប់តាំងពីពីទីក្រុងមូស្គូបានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសរបស់ខ្លួន មកលើប្រទេសអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ។
អ្វីទៅជាការពិត?
យោងតាមទីភ្នាក់ងារសារព័ត៌មានអង់គ្លេស រូបភាពនេះទំនងជាលេចឡើងចាប់ពីខែមីនា ឆ្នាំ២០២១ ដែលបង្ហោះដោយ Army Inform -ទីភ្នាក់ងារព័ត៌មានរបស់ក្រសួងការពារជាតិអ៊ុយក្រែន ដែលបានបង្កើតឡើងក្នុងខែធ្នូ ឆ្នាំ ២០១៨។
យោងតាម Army Inform ស្ត្រីរូបក្នុងរូបថតនេះ គឺជាវរសេនីយ៍ត្រី Victoria Palamarchuk ជាគ្រូពេទ្យជំនាញខាងរបួស និងបានធ្វើការក្នុងកងកម្លាំងអ៊ុយក្រែនជាវេជ្ជបណ្ឌិតតាំងពីឆ្នាំ២០១៤។
នៅពេលប្រកាស (ថ្ងៃទី៣ ខែមីនា ឆ្នាំ ២០២១) Palamarchuk គឺជាវេជ្ជបណ្ឌិតជាន់ខ្ពស់នៃនាយកដ្ឋានរបួសនៃអង្គភាពវេជ្ជសាស្ត្រអន្តរជាតិ ប្រចាំនៅភាគខាងកើតអ៊ុយក្រែន។ នាងមានបទពិសោធន៍ចូលរួមក្នុងការវះកាត់ធ្ងន់ធ្ងរ។
ចំណែកអត្ថបទមួយទៀតដែលបានចុះផ្សាយនៅខែតុលា ឆ្នាំ ២០២១ ក៏បាននិយាយថា Palamarchuk គឺជាសមាជិកនៃក្លឹបម៉ូតូយោធា។
ជាមួយគ្នានេះ ក្រសួងការពារជាតិអ៊ុយក្រែន បាននិយាយកាលពីថ្ងៃទី១៩ ខែមេសា ថា កងកម្លាំងរុស្ស៊ីបានបាត់បង់រថក្រោះយ៉ាងហោចណាស់ ៨០២ គ្រឿង ក្នុងជម្លោះ ខណៈក្រសួងការពារជាតិរុស្ស៊ីមិនបានបង្ហាញពីចំនួនរថក្រោះដែលត្រូវបានបំផ្លាញនោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






