ប្រិយមិត្តក្នុងបណ្តាញសង្គមបានដឹងរួចហើយ ពីករណីផ្ទុះអាវុធក្នុងប្រតិបត្តិការបង្រ្កាបគ្រឿងញៀន នៅភូមិចន្ទ្រាថ្មី ឃុំទួលព្រេច ស្រុកអង្គស្នួល កាលពីម្សិលមិញនេះ (២១ ខែមេសា) ដោយជនល្មើសគ្រឿងញៀន បានបាញ់ស្រោចមកលើមន្ត្រីសមត្ថកិច្ច២រូប ក្នុងនោះជាមេប៉ុស្ដិ៍នគរបាលទួលព្រិច និងម្នាក់ទៀតជានាយរងផ្នែកគ្រឿងញៀន បណ្តាលឲ្យស្លាប់គួរឲ្យអាសូរ។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានប្រាប់ឲ្យដឹងថា ពិតជាមានករណីផ្ទុះអាវុធមែន ដែលបង្កឡើងដោយជនដៃដល់ជាមុខសញ្ញាចាស់ជួញដូរគ្រឿងញៀន ដែលធ្លាប់បានគេចខ្លួន។ ហើយតុលាការបានចេញដីការចាប់ខ្លួន សមត្ថកិច្ចក៏បានចុះអនុវត្តដីកា បន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ថាជនល្មើសកំពុងស្នាក់នៅទីនោះ។
បើតាមលោកស្នងការ នោះការផ្ទុះអាវុធបានកើតឡើង គឺអាចដោយសារតែជនល្មើសដឹងខ្លួនមុន ក៏បានបើកការបាញ់ស្រោចមកលើសមត្ថកិច្ចភ្លាមៗតែម្តង។ ជនរងគ្រោះបាត់បង់ជីវិតមានឈ្មោះ ជុច សុភា ជាមេប៉ុស្តិ៍ទួលព្រិច និងឈ្មោះ រីម សុផាន់ណា មន្ត្រីផ្នែកគ្រឿងញៀន ដែលអ្នកទាំងពីរត្រូវបានមុខសញ្ញាគ្រឿងញៀន បាញ់ត្រូវជាច្រើនគ្រាប់។
តែយ៉ាងណាមិញ អ្វីដែលគួរឲ្យសោកស្តាយជាខ្លាំងនោះ គឺលោក រីម សុផាន់ណា ជាមន្រ្តីមួយរូបដែលត្រូវបានដឹងថាទើបរៀបការបាន ៣ ខែ ប៉ុណ្ណោះ ដែលមិនគួរណាលោកបាត់បង់ជីវិត ចាកចោលប្រពន្ធ និងក្រុមគ្រួសារ ទាំងនៅវ័យក្មេងក្នុងករណីមួយនេះសោះឡើយ។ ដោយឡែក ក្រឡេកមកលើទិដ្ឋភាពនេះវិញ ខណៈដែលប្រពន្ធ និងម្តាយ បានយំឱបប្តីឱបកូនស្ទើរគាំង ដែលឃើញហើយពិតជាគួរឲ្យស្រណោះខ្លាំង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង












