ជុំវិញករណីមន្រ្តីសមត្ថកិច្ច២រូប ដែលបានពលីជីវិតក្នុងប្រតិបត្តិការបង្រ្កាបគ្រឿងញៀន នៅភូមិចន្ទ្រាថ្មី ឃុំទួលព្រេច ស្រុកអង្គស្នួល កាលពីថ្ងៃទី២១ ខែមេសា ឃើញថាបានធ្វើឲ្យមហាជនសម្តែងក្តីរំជួលចិត្ត អាណិតអាសូរដល់ពួកគាត់ជាខ្លាំង ព្រោះតែតួនាទី ពួកគាត់ត្រូវជនល្មើសគ្រឿងញៀនបាញ់ស្រោចគ្មានញញើតដៃឡើយ។
តែយ៉ាងណាមិញ អ្វីដែលកាន់តែគួរឲ្យស្រណោះជាខ្លាំងនោះ គឺក្នុងចំណោមជនរងគ្រោះជាមន្ត្រីទាំងពីរ ម្នាក់ជាមេប៉ុស្តិ៍នគរបាលទួលព្រិច និងម្នាក់ទៀតជានាយរងផ្នែកគ្រឿងញៀនលោក រីម សុផាន់ណា ត្រូវបានដឹងថា ទើបរៀបការបាន១ខែប៉ុណ្ណោះ តែជីវិតត្រូវអស់ ចាកចោលប្រពន្ធ ក្រុមគ្រួសារ សាច់ញាតិ ដែលសឹងតែមិនអាចទទួលយកបាន។
ទន្ទឹមនឹងរឿងដ៏អាក្រក់នេះបានកើតឡើង គេក៏បានឃើញកីឡាករប្រដាល់គុនខ្មែរលោក រឿង សោភ័ណ្ណ បានបង្ហោះសារដ៏សោកសៅ និងពោលពាក្យយ៉ាងរំជួលចិត្តទៅកាន់ប្អូនប្រុសរបស់ខ្លួន ដែលជាមន្ត្រីនគរបាលផ្នែកគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដែលបានបាត់បង់ជីវិតពេលចុះប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ។
ក្នុងនោះ លោកបានសរសេររៀបរាប់ទាំងក្តីរំជួលចិត្តថា៖ «ប្អូនប្រុសក្រោកឡើង បងទទួលយកមិនបានទេ ហេតុអីបានជាប្អូនអាយុខ្លីម្លេ៉ះ ប្អូនបាត់បង់ជីវិតដោយសារចុះបង្ក្រាបគ្រឿងញៀននៅស្រុកអង្គស្នួល ហើយប្អូនទើបនឹងការហើយមិនទាន់បានមួយខែផង សូមវិញ្ញាណក្ខន្ធប្អូនទៅដល់ទីបរមសុខ កុំឲ្យអាយុខ្លីដូចជាតិនេះ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង











