Wednesday, May 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្ឌិតសភាចារ្យ សុខ ទូច ៖ លទ្ធភាពងាយៗដែលប្រជាជនកម្ពុជាអាចចូលរួមផ្សព្វផ្សាយអំពីទេសចរណ៍ និងផលិតផលរបស់ខ្លួនបានយ៉ាងមានប្រសិទ្ធភាព

ភ្នំពេញ៖ បើតាមរាជបណ្ឌិត្យសភាកម្ពុជា, ប្រទេសកម្ពុជាជាប្រទេសដ៏មានសក្ដានុពលទេសចរណ៍មួយនៅក្នុងតំបន់ និងពិភពលោក ជាមួយនឹងសក្ដានុពលមរតកវប្បធម៌ដ៏ចំណាស់ក្នុងតំបន់ និងសក្ដានុពលធម្មជាតិដ៏សម្បូរបែបនៅទូទាំងប្រទេស ខណៈដែលទេសចរណ៍វប្បធម៌ ប្រទេសកម្ពុជាមានសំណង់ប្រាសាទបុរាណរាប់ពាន់ ព្រមទាំងមរតកសិល្បៈរូបី និងអរូបីជាច្រើនផ្សេងទៀត។ ចំណែកឯសក្ដានុពលទេសចរណ៍មួយផ្សេងទៀតគឺ កម្ពុជាជាប្រទេសដែលសម្បូរទៅដោយទីកន្លែងធម្មជាតិប្រកបដោយអំណោយផលជាច្រើនកន្លែង។ «សក្ដានុពលទេសចរណ៍ច្រើន ប៉ុន្តែព័ត៌មានអំពីប្រទេសកម្ពុជាទៅកាន់ភ្ញៀវទេសចរអន្តរជាតិ ហាក់បីដូចជាពុំទាន់បានទូលំទូលាយនៅឡើយ ដែលទាមទារឱ្យមានការពង្រឹងការផ្សព្វផ្សាយកាន់តែទូលំទូលាយ និងខ្លាំងក្លាបន្ថែមទៀត។ មានលទ្ធភាពងាយៗមួយចំនួនដែលប្រជាជនកម្ពុជាអាចផ្សព្វផ្សាយអំពីទេសចរណ៍ និងផលិតផលរបស់ខ្លួនបានយ៉ាងមានប្រសិទ្ធភាព»។ នេះជាការលើកឡើងរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងនៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «ទេសចរណ៍កម្ពុជាក្នុងបរិបទជំងឺកូវីដ-១៩»។

តាមប្រសាសន៍របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រទេសកម្ពុជាមានលទ្ធភាពកសាងខ្លួនក្លាយទៅជាគោលដៅទេសចរណ៍ដ៏ចម្បងមួយ ក្នុងចំណោមគោលដៅទេសចរណ៍សំខាន់ៗលើពិភពលោក ដែលក្នុងនោះ មានសក្ដានុពលទេសចរណ៍សំខាន់ៗចំនួន៦ដែលកម្ពុជាអាចរៀបចំខ្លួនដើម្បីទទួលភ្ញៀវទេសចរបាន រួមមាន៖ ទេសចរណ៍វប្បធម៌ ទេសចរណ៍ឆ្នេរ ទេសចរណ៍បរិស្ថាន ទេសចរណ៍ផលិតផល ទេសចរណ៍សិប្បនិម្មិត និងទេសចរណ៍សុខាភិបាល។ ទោះជាយ៉ាងណា ទន្ទឹមនឹងសក្ដានុពលដែលមានខាងលើ ការផ្សព្វផ្សាយអំពីប្រទេសកម្ពុជា គឺជាកត្តាចម្បងមួយដែលចូលរួមចំណែកជំរុញវិស័យទេសចរណ៍កម្ពុជា។ ឯកឧត្ដមបណ្ឌិតសភាចារ្យបន្ថែមថា មានលទ្ធភាពងាយៗមួយចំនួនដែលប្រជាជនកម្ពុជាអាចផ្សព្វផ្សាយអំពីទេសចរណ៍ និងផលិតផលរបស់ខ្លួនបានយ៉ាងមានប្រសិទ្ធភាពនោះគឺ ការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់រូបតាមរយៈការបង្ហាញ និងទម្លាប់នៃការប្រើប្រាស់ផលិតផលក្នុងស្រុក។

ឯកឧត្ដមបណ្ឌិតសភាចារ្យបានសង្កត់ធ្ងន់ថា ប្រសិនបើយើងមិនបាន បង្ហាញ គេមិនអាចដឹងថាយើងមាននោះឡើយ ហើយការចូលរួមរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបក្នុងការបង្ហាញអំពីទេសចរណ៍ និងផលិតផលរបស់កម្ពុជា គឺជាការផ្សព្វផ្សាយងាយៗ មិនអស់ថវិកា និងថែមទាំងមានប្រសិទ្ធភាពថែមទៀតផង។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានលើកឡើងនូវការអភិរក្សនូវសិល្បៈការពារខ្លួនរបស់ខ្មែរ ហៅថា «ល្បុក្កតោ» ដែលគេអាចស្គាល់ច្បាស់ថាជារបស់ខ្មែរ ពុំមែនជាគុណតៃរបស់សៀមនោះឡើយ ហើយដែលខ្មែរយើងមានតឹកតាងសំខាន់នៅលើជញ្ជាំងប្រាសាទបាយ័ន ដែលវាបានសបញ្ជាក់បាន យ៉ាងច្បាស់ថាវាគឺជាក្បាច់គុណរបស់ដូនតាខ្មែរ។

បន្ថែមពីនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក៏បានលើកឡើងនូវការថែរក្សា និងបង្ហាញដល់ភ្ញៀវទេសចរណ៍អំពី «របាំអប្សរា» គឺជាការផ្សព្វផ្សាយដ៏សំខាន់ដែលគប្បីត្រូវបានរៀបចំឡើងឱ្យកាន់តែផុសផុល ដែលកន្លងមកខ្មែរយើងមានរៀបចំឱ្យសម្ដែងនៅក្នុងពិធីសំខាន់ៗនានា គួរគប្បីរៀបចំសម្ដែងនៅពេលដែលទេសចរចុះពីលើយន្តហោះ ហើយមកដល់កន្លែងទទួលភ្ញៀវភ្លាម។ បើតាមឯកឧត្ដមបណ្ឌិតសភាចារ្យ នេះគឺជាការបង្ហាញអត្តសញ្ញាណជាតិផង និងជាការទាក់ទាញចំណាប់អារម្មណ៍ឱ្យទៅទស្សនាចម្លាក់ប្រាសាទបុរាណនានារបស់ខ្មែរយើងផង។

ជាងនេះទៅទៀត ឯកឧត្ដមបណ្ឌិតសភាចារ្យបានថ្លែងសង្កត់ធ្ងន់ថា ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិកន្លងមកនេះ គឺជាឱកាសដ៏ពិសេស និងស័ក្តិសមបំផុត ដែលកម្ពុជាអាចបង្ហាញទៅដល់បរទេសនូវអ្វីដែលខ្មែរមាន ដូចជា សម្លៀកបំពាក់បំពាក់ប្រពៃណី របាំ-ល្បែងប្រជាប្រិយ រមណីយដ្ឋានវប្បធម៌ ទីកន្លែងទេសចរណ៍ធម្មជាតិ និងចំណុចពិសេសផ្សេងៗជាច្រើនទៀត ដែលអាចអន្ទងចិត្តទេសចរឱ្យចាប់អារម្មណ៍មកទស្សនាប្រទេសកម្ពុជា។

ក្នុងន័យបង្ហាញនូវអ្វីដែលខ្លួនមាននេះដដែល ឯកឧត្ដមបណ្ឌិតសភាចារ្យបានគូសបញ្ជាក់បន្ថែមថា ការទទួលភ្ញៀវទេសចរ គប្បីប្រើប្រាស់ទឹកផ្លែឈើ ឬម្ហូបអាហារគួរតែជាផលិតផល ដែលអាចបង្ហាញ ដល់ភ្ញៀវទេសចរថា ពួកគេពិតជាបានមកដល់ប្រទេសកម្ពុជា និងបានពិសារអាហារដែលត្រូវបានដាំដុះលើទឹកដីខ្មែរពិតប្រាកដមែន។

លើសពីនេះទៅទៀត ប្រជាជនខ្មែរគួរតែបណ្ដុះចិត្តគំនិតជាតិនិយម ចូលរួមជំរុញ និងផ្លាស់ប្ដូរនិន្នាការរបស់ខ្លួនងាកមកប្រើប្រាស់ផលិតផលក្នុងស្រុក ដែលវាជាសញ្ញាណមួយបង្ហាញដល់បរទេសថា ខ្មែរមានអ្វីដែលជារបស់ខ្លួន ហើយនៅពេលដែលពួកគេមកដល់ប្រទេសកម្ពុជា ពួកគេពិតជានឹងមានអារម្មណ៍ប្លែក ដោយបានមកស្គាល់ ស្វែងយល់ និងដឹងច្បាស់នូវអំពីការរស់នៅរបស់ជនជាតិខ្មែរ ព្រមទាំងបានស្គាល់នូវផលិតផលរបស់ខ្មែរពិតប្រាកដ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×