ភ្នំពេញ៖ មន្រ្តីរដ្ឋាភិបាលបានលើកឡើងថា ការប្រើប្រាស់ទឹកមិនស្អាត នាំឲ្យពលរដ្ឋកម្ពុជាមានជំងឺច្រើន ហើយបានចំណាយថវិកាប្រមាណ ២៣០លានដុល្លារក្នុងមួយឆ្នាំ សម្រាប់ការថែទាំសុខភាព។
ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា យោងតាមការសិក្សារបស់ធនាគារអភិវឌ្ឍន៍អាស៊ី បានបង្ហាញថា ប្រទេសកម្ពុជា បានចំណាយលើការព្យាបាលសុខភាពប្រមាណ ២៣០លានដុល្លារក្នុងមួយឆ្នាំ ដែលស្មើនឹងប្រមាណ ៣ភាគរយនៃ GDPរបស់កម្ពុជា។
ឯកឧត្តមថា ការប្រើប្រាស់ទឹកមិនស្អាត ធ្វើឲ្យប្រជាជនយើងមានជំងឺច្រើន ជំងឺរាប់រយមុខ ដូច្នេះហើយបានប្រមុខរាជរដ្ឋាភិបាលចង្អុលតម្រង់ទិស ធ្វើយ៉ាងណាឲ្យបញ្ជ្រាបការយល់ដឹងអំពីការប្រើប្រាស់បណ្តាញលូ ការប្រើប្រាស់ទឹកស្អាតនេះឲ្យបានទូលាយ។
ឯកឧត្តមបន្តថា ដូច្នេះវា មានសារសំខាន់ណាស់ នៅក្នុងការចូលរួមជាមួយគ្នា ក្នុងការសម្អាតទឹកកខ្វក់ សម្អាតបរិស្ថាន ដើម្បីបាននូវសង្គមមួយ ដែលពោរពេញដោយផាសុខភាព តាមរយៈការប្រើប្រាស់ទឹកស្អាត។
នេះជាការលើកឡើងរបស់ឯកឧត្តម ក្នុងពិធីអប់រំផ្សព្វផ្សាយអំពីបណ្តាញលូ និងទឹកកខ្វក់ ក្នុងក្រុងសៀមរាប នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ដើម្បីប្រែក្លាយទីក្រុងសៀមរាប ឲ្យសក្តិសមជាទីក្រុងទេសចរណ៍ និងជាទីក្រុងឆ្លាតវៃ។
ចាប់តាំងពីឆ្នាំ ២០០០មក រាជរដ្ឋាភិបាលកម្ពុជា បានខិតខំរៀបចំហេដ្ឋារចនាសម្ព័ន្ធ ធ្វើយ៉ាងណាឲ្យមានភាពស្រស់បំព្រង ដែលក្នុងនោះ មានការរៀបចំនូវបណ្តាញលូ ដោយមានការញែកចេញដាច់ពីគ្នា នូវប្រព័ន្ធលូរំដោះទឹកភ្លៀង និងប្រព័ន្ធទឹកកខ្វក់។
សូមជម្រាបជូនថា ដើម្បីជំរុញឲ្យខេត្តសៀមរាប កាន់តែមានភាពទាក់ទាញ និងឆាប់បានសម្រេចគោលដៅជាទីក្រុងឆ្លាតវៃអាស៊ានផងនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានសម្រេចបញ្ចេញថវិកាប្រមាណជា ១៥០លានដុល្លារ ក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងសៀមរាប ដូចជាការកសាងផ្លូវ ៣៨ខ្សែ ការរៀបចំប្រព័ន្ធលូរំដោះទឹកភ្លៀង និងលូទឹកកខ្វក់ ព្រមទាំងការកែលម្អសោភណ្ឌភាពដងស្ទឹងសៀមរាប៕