Sunday, January 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ GTAS ដល់គ្រប់បណ្ដាក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិហោះហើរ ចេញ-ចូលកម្ពុជា

ភ្នំពេញ៖ កម្ពុជា ប្រកាសដាក់អនុវត្តជាផ្លូវការ នូវការប្រើប្រាស់ប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស ​(Global Travel Assessment System – GTAS) ក្រោមកិច្ចសហការរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២។

ប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស (GTAS) ជាជំនួយហិរញ្ញប្បទាន សហប្រតិបត្តិការនៃឧបករណ៍បច្ចេកវិទ្យាព័ត៌មាន របស់អង្គការគយពិភពលោក (World Customs Organization – WCO) ដើម្បីប្រើប្រាស់ក្នុងការទទួលទិន្នន័យព័ត៌មានអ្នកដំណើរជាមុន និងកំណត់ត្រាឈ្មោះអ្នកដំណើរ ពីក្រុមហ៊ុនអាកាសរណ៍ជាតិ និងអន្តរជាតិ ឆ្លងកាត់តាមថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា សម្រាប់វិភាគហានិភ័យអ្នកដំណើរតាមផ្លូវអាកាស។

ប្រព័ន្ធ GTASនេះ ជាឧបករណ៍បច្ចេកវិទ្យាព័ត៌មាន ដែលមានភាពស៊ីចង្វាក់ និងមានសមត្ថភាព ទទួលយកទិន្នន័យអ្នកដំណើរតាមផ្លូវអាកាសជាមុន ពីក្រុមហ៊ុនអាកាសចរណ៍, ផ្ដល់ព័ត៌មានជូនអាជ្ញាធរមានសមត្ថកិច្ច ដោយទាញយកតាមរយៈថ្នាល CamDX ដើម្បីវិភាគហានិភ័យ និងប្រើប្រាស់តាមតួនាទីភារកិច្ចរៀងៗខ្លួន, តាមដានលំហូរព័ត៌មានអ្នកដំណើរ និងទំនិញរបស់អ្នកដំណើរ។

មន្ត្រីរដ្ឋាភិបាល ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា បានលើកឡើងថា ឆ្លើយតបនឹងបរិការណ៍នេះ ការប្រកាសដាក់អនុវត្តជាផ្លូវការ នូវការប្រើប្រាស់ប្រព័ន្ធ GTAS ជាសមិទ្ធផលថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា លើការអនុវត្តកាតព្វកិច្ចរបស់ខ្លួន ស្របតាមកម្មវិធីសន្តិសុខរបស់អង្គការគយពិភពលោក និងស្មារតីនៃសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបណ្តារដ្ឋជាសមាជិក ត្រូវសហការ និងពង្រឹងលើដំណើរការគ្រប់គ្រងសន្តិសុខអ្នកដំណើរតាមផ្លូវអាកាស នៅក្នុងប្រទេស តំបន់ និងពិភពលោក។

ការដាក់ឱ្យប្រើប្រាស់នេះ នឹងផ្តល់នូវផលប្រយោជន៍ជាច្រើន ដល់ការបង្កើនប្រសិទ្ធភាពការងាររបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, ចូលរួមទប់ស្កាត់បទល្មើសឆ្លងដែនតាមបណ្ដាអាកាសយានដ្ឋានអន្តរជាតិ, លើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មស្របច្បាប់ និងជំរុញលំហូរភ្ញៀវទេសចរ ដោយមិនតម្រូវឱ្យបន្ថែមបន្ទុកចំណាយថវិការដ្ឋ ដែលជាការចូលរួមគាំទ្រដល់ ផែនទីចង្អុលផ្លូវ (Roadmap) ស្ដីពីផែនការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិកូវីដ-១៩៕

×