ភ្នំពេញ ៖ ក្នុងទិសដៅគោលនយោបាយយូរអង្វែង គឺត្រូវប្រែក្លាយកសិកម្មកម្ពុជា ជាកសិកម្មទំនើប មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព ដើម្បីធានាបាននូវសន្តិសុខ និងសុវត្ថិភាពស្បៀង ព្រមទាំងអាហារូបត្ថម្ភ សម្រាប់វិបុលភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជាគ្រប់រូប។
នៅសាលសន្និសីទចតុមុខ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ បានប្រារព្ធទិវាជាតិអាហារូបត្ថម្ភលើកទី៤ ក្រោមប្រធានបទស្តីពី “ផលិត និងបរិភោគអាហារចម្រុះសម្បូរជីវជាតិ”។ ក្នុងបរិបទនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមចូលរួមចែករំលែក នូវការចាប់អារម្មណ៍មួយចំនួនពាក់ព័ន្ធនឹងប្រធានបទនេះ។
ជាមួយគ្នានេះ លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានមានប្រសាសន៍ថា ត្រូវរួមគ្នាផ្តល់សេវាគាំទ្រមានគុណភាពខ្ពស់ ប្រកបដោយលក្ខណៈវិទ្យាសាស្ត្របច្ចេកទេស មានបទដ្ឋានគតិយុត្តអនុវត្តសមស្របសម្រាប់បម្រើឱ្យការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាព។
ក្នុងស្ថានភាពបច្ចុប្បន្ន គឺត្រូវបន្តអនុវត្តកម្មវិធីជាយុទ្ធសាស្ត្រទាំង៥របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពិសេសកម្មវិធី៣ជាសំខាន់គឺ៖១) ការបង្កើនផលិតភាព និងពិពិធកម្មកសិកម្ម ដោយត្រូវជំរុញកំណើនផលិតកម្ម គ្រប់មុខដំណាំក្នុងរង្វង់១០% ក្នុងមួយឆ្នាំ តាមរយៈការបង្កើនការស្រាវជ្រាវនិងផ្សព្វផ្សាយកសិកម្ម សំដៅបង្កើនទិន្នផលដំណាំ លើកកម្ពស់ផលិតភាព គុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម ពង្រឹងសមត្ថភាពសហគមន៍កសិកម្ម និងអង្គការកសិករនានា ដោយផ្សារភ្ជាប់ជាមួយផលិតកម្មកសិកម្មតាមកិច្ចសន្យា និងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងប្រើប្រាស់ដីកសិកម្មប្រកបដោយនិរន្តរភាព។ ២) ជំរុញផលិតកម្មសត្វនិងសុខភាពសត្វ តាមរយៈជំរុញការចិញ្ចឹមសត្វក្នុងអត្រាកំណើន៣% ក្នុងមួយឆ្នាំ ដោយផ្អែកលើប្រសិទ្ធភាពនៃការពិសោធន៍ស្រាវជ្រាវ និងផ្សព្វផ្សាយបច្ចេកទេសចិញ្ចឹមសត្វមានលក្ខណៈប្រកួតប្រជែង បង្កើនសមត្ថភាពបង្ការទប់ស្កាត់ជំងឺឆ្លងសត្វ ធានាការផ្គត់ផ្គង់សត្វ ផលិតផលសត្វ ប្រកបដោយអនាម័យ សុវត្ថិភាព និងនិរន្តរភាព ៣) ជំរុញការអភិវឌ្ឍវារីវប្បកម្មក្នុងកំណើន១៥% រៀងរាល់ឆ្នាំ ព្រមទាំងកែលម្អគុណភាពនិងសុវត្ថិភាពផល ផលិតផលជលផល សម្រាប់ការប្រើប្រាស់ក្នុងស្រុកនិងនាំចេញ។ ជាពិសេស ការអភិរក្សធនធានធម្មជាតិព្រមទាំងប្រភេទមច្ឆជាតិជិតផុតពូជនិងកាត់បន្ថយការនាំចូល។
លោកវេង សាខុន បានថ្លែងបន្តខិតខំជំរុញការអនុវត្តគោលការណ៍គ្រឹះនៃ “ប្រព័ន្ធកសិកម្មចម្រុះ” នៅកម្រិតសហគមន៍ មូលដ្ឋានជនបទ សាលារៀន និងគ្រួសារកសិករ ដើម្បីបង្កើនការផ្គត់ផ្គង់បន្លែ ផ្លែឈើ ត្រី សាច់ និងស៊ុត សម្រាប់ធានាបានអាហារូបត្ថម្ភ សុវត្ថិភាពចំណីអាហារ រួមចំណែកដល់កំណើនសេដ្ឋកិច្ចគ្រួសារ និងជីវភាពរុងរឿងរបស់ប្រជាជន។ ម្យ៉ាងទៀត ចំពោះបងប្អូនដែលរស់នៅ ពឹងអាស្រ័យទៅលើផល អនុផលព្រៃឈើ ក៏ត្រូវងាកមកធ្វើកសិកម្មចម្រុះ ទៅតាមសក្តានុពល នៃភូមិសាស្ត្រដីស្រែចម្ការរបស់ខ្លួន ឱ្យអស់លទ្ធភាព និងកាត់បន្ថយការធ្វើចំណាកស្រុក។
ក្នុងបរិបទនៃអាហារូបត្ថម្ភ ក្រសួងនឹងបន្តខិតខំជំរុញការងារពិសោធន៍ស្រាវជ្រាវពូជដំណាំស្បៀង ពូជសត្វ ត្រី ដែលផ្តល់សារធាតុចិញ្ចឹមខ្ពស់ សម្រាប់បង្កើនអាហារូបត្ថម្ភកម្រិតជាតិ និងសហគមន៍មូលដ្ឋាន ដោយត្រូវបង្កើនការវិនិយោគលើផ្នែកនេះឱ្យបានសមស្រមនិងមានប្រសិទ្ធភាពខ្ពស់។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា អាហារូបត្ថម្ភត្រូវផ្សារភ្ជាប់នឹងសុវត្ថិភាពចំណីអាហារ។ ក្នុងន័យនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងខិតខំបន្តនូវសកម្មភាពអាទិភាពនិងគោលការណ៍គ្រឹះនៃ “ការអនុវត្តផលិតកម្មកសិកម្មល្អ ការអនុវត្តការចិញ្ចឹមសត្វល្អ និងការអនុវត្តវារីវប្បកម្មល្អ ” ។ ជាមួយគ្នានេះ ក្រសួងនឹងខិតខំពុះពារជំរុញការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រផលិតកម្មកសិកម្ម ដោយបំពាក់បច្ចេកវិទ្យាទំនើបក្នុងការផ្គត់ផ្គង់ទឹក មានលក្ខណៈសន្សំសំចៃ សម្រាប់បម្រើដល់ការដាំដុះដំណាំរួមផ្សំ សាកវប្បកម្ម ដំណាំបន្លែ និងចិញ្ចឹមសត្វ នៅតាមសហគមន៍/សហករណ៍កសិកម្ម ជាពិសេសនៅលើតំបន់កសិករក្រីក្រ និងមានដីតិច។ លើសពីនេះទៀតនោះ គឺត្រូវបន្តជំរុញការអភិវឌ្ឍវារីវប្បកម្ម នៅតាមតំបន់ដែលមានប្រភពទឹកគ្រប់គ្រាន់ និងបង្កើនការការពារនិងអភិរក្សធនធានជលផល ដើម្បីធានាឲ្យបាននូវនិរន្តភាពធនធានជលផល ព្រមទាំងកែលម្អគុណភាព និងសុវត្ថិភាពផល ផលិតផលជលផលសម្រាប់ការហូបចុកប្រកបដោយសុវត្ថិភាពខ្ពស់៕ ដោយ៖បញ្ញាស័ក្តិ