Monday, October 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជបណ្ឌិត្យសភាកម្ពុជា រៀបចំវេទិកាទំនាក់ទំនងអន្តរជាតិលើកទី៤ ស្ដីពី «គោលនយោបាយការបរទេសរបស់រដ្ឋតូច : ការទូតសន្តិភាពនិងការទូតបង្ការ»

ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ១៣ រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមកិច្ចសហការនិងឧបត្ថម្ភថវិកាដោយមូលនិធិខុនរ៉ាដ អាដិណៅអ៊ែរ បានរៀបចំវេទិកាទំនាក់ទំនងអន្តរជាតិលើកទី៤ ស្ដីពី «គោលនយោបាយការបរទេសរបស់រដ្ឋតូច : ការទូតសន្តិភាពនិងការទូតបង្ការ»។ នេះបើតាមការចេញផ្សាយព័ត៌មានរបស់រាជបណ្ឌិត្យសភាកម្ពុជា។

វេទិកាទំនាក់ទំនងអន្តរជាតិលើកទី៤នេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយនិងទំនាក់ទំនងអន្តរជាតិ អ្នករៀបចំគោលនយោបាយ និងអ្នកសិក្សាស្រាវជ្រាវជាតិនិងអន្តរជាតិជាច្រើនរូបមកពីបណ្ដាប្រទេសនានា និស្សិត ព្រះសង្ឃ និងអ្នកសារព័ត៌មាន សរុបចំនួន ១៧៤ អង្គ/នាក់។

តាមការបញ្ជាក់របស់ឯកឧត្ដមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា វេទិកាទំនាក់ទំនងអន្តរជាតិលើកទី៤ ត្រូវបានរៀបចំឡើងដើម្បីស្វែងរកវិធីសាស្រ្តជាយុទ្ធសាស្ត្រសម្រាប់រដ្ឋតូចៗក្នុងការកំណត់មាគ៌ាត្រូវដើរក្នុងយុគសម័យនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយដែលកាន់តែខ្លាំងក្លាឡើង និងភាពមិនប្រាកដប្រជាជាសកល។ ឯកឧត្ដមបណ្ឌិត បានគូសបញ្ជាក់ថា ប្រធានបទនៅឆ្នាំនេះ “គោលនយោបាយការបរទេសរបស់រដ្ឋតូច៖ ការទូតប្រកបដោយសន្តិភាព និងការការពារ” ពិតជាប្រធានបទដែលសមស្របនឹងពេលវេលា និងចាំបាច់ខ្លាំង។ នៅក្នុងពិភពលោកដែលកំពុងវិវឌ្ឍន៍យ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ននេះ រដ្ឋតូចៗប្រឈមមុខនឹងបញ្ហាស្មុគស្មាញកាន់តែខ្លាំងឡើងដែលមានរាងជាគូប្រជែងអំណាចខ្លាំង ការគំរាមកំហែងឆ្លងដែន និងភាពមិនប្រាកដប្រជាជាសកល។ ទិដ្ឋភាពភូមិសាស្ត្រនយោបាយកំពុងត្រូវបានផ្លាស់ប្តូរដោយការប្រកួតប្រជែងលើអំណាច បច្ចេកវិទ្យា និងឥទ្ធិពល ខណៈដែលបញ្ហាថ្មីៗដូចជាការប្រែប្រួលអាកាសធាតុ អសន្តិសុខតាមអ៊ីនធឺណិត ភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងការពឹងផ្អែកជាយុទ្ធសាស្ត្រសាកល្បងភាពធន់របស់ប្រទេសតូចៗ។

ក្នុងឱកាសថ្លែងសុន្ទរកថាគន្លឹះបើកវេទិកាទំនាក់ទំនងអន្តរជាតិលើកទី៤ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា វេទិកាទំនាក់ទំនងអន្តរជាតិទាំងបីលើកកន្លងមក ក៏ដូចជាវេទិកានាព្រឹកនេះ គឺពិតជាផ្តល់ឱកាសដ៏មានតម្លៃសម្រាប់ការចែករំលែកទស្សនវិស័យ ការពិភាក្សាវែកញែកបែបគរុសភា (Aacademic debate) និងការបង្កើតគំនិតថ្មីៗប្រកបដោយនវានុវត្តន៍ក្នុងការរៀបចំគោលនយោបាយការបរទេសនិងការទូតសម័យថ្មីរបស់រដ្ឋតូចៗនាសតវត្សរ៍ទី២១នេះ។ ឯកឧត្ដមបណ្ឌិតបន្តថា ប្រធានបទនៃវេទិកាទំនាក់ទំនងអន្តរជាតិឆ្នាំនេះ ពិតជាមានសារៈសំខាន់និងទាន់ពេលវេលា ខណៈពិភពលោកបច្ចុប្បន្ន ជាពិសេសរដ្ឋតូចៗ កំពុងប្រឈមនឹងបញ្ហាសន្តិសុខនិងការអភិវឌ្ឍដ៏ស្មុគស្មាញ ដែលបណ្ដាលមកពីការប្រជែងដ៏ស្រួចស្រាល់រវាងមហាអំណាច ការគំរាមកំហែងឆ្លងដែន និងភាពមិនប្រាកដប្រជាជាសកល។

គួរបញ្ជាក់ផងដែរថា វេទិកាទំនាក់ទំនងអន្តរជាតិលើកទី៤ ស្ដីពី «គោលនយោបាយការបរទេសរបស់រដ្ឋតូច : ការទូតសន្តិភាពនិងការទូតបង្ការ» ត្រូវបានរៀបចំឡើងដោយមានការពិភាក្សាកម្រិតខ្ពស់ដែលមានការចូលរួមជាវាគ្មិន រួមមាន លោកសាស្រ្តាចារ្យបណ្ឌិត ប៊ុលឡាត អាគ្មេតខារីម៉ូហ្វ (Bulat AKHMETKARIMOV) សាកលវិទ្យាធិការនៃសាកលវិទ្យាល័យអន្តរជាតិប៉ារ៉ាហ្កន លោក ធន ឆាយពិសិដ្ឋ ប្រធាននាយកដ្ឋានស្តីទីនាយកដ្ឋានច្បាប់អន្តរជាតិ និងការទូតនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត ប៉ូ សុវីនដា គ្រូឧទ្ទេសន៍ជាន់ខ្ពស់នៃវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងលោកលោក ហ៊ីម រដ្ឋា អនុប្រធានមជ្ឈមណ្ឌលខ្មែសម្រាប់ការសិក្សាកិច្ចការតំបន់៕រក្សាសិទ្ធដោយ៖សុទ្ធលី

×