Monday, October 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្ឌិត យង់ ពៅ៖ កម្ពុជាប្រកាន់ឥរិយាបថមិនងាករេពីជំហរអព្យាក្រឹត្យ និងសន្តិសហវិជ្ជមាន ប្រយោជន៍ចូលរួមរក្សាតុល្យភាពភូមិសាស្ត្រនយោបាយ

ភ្នំពេញ ៖ ក្នុងឱកាសថ្លែងសុន្ទរកថាគន្លឹះបើកវេទិកាទំនាក់ទំនងអន្តរជាតិលើកទី៤ ស្ដីពី «គោលនយោបាយការបរទេសរបស់រដ្ឋតូច : ការទូតសន្តិភាពនិងការទូតបង្ការ» លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានថ្លែងជម្រាបជូនតំណាងស្ថានទូតបរទេសដែលបានចូលរួមក្នុងវេទិកាទំនាក់ទំនងអន្តរជាតិនាព្រឹកនេះថា ភាគីជាមិត្តបរទេសរបស់កម្ពុជាទាំងអស់ ពុំគួរមានការព្រួយបារម្ភចំពោះការដែលកម្ពុជាអាចនឹងងាករេចេញពីជំហរដែលខ្លួនបានប្រកាស ដែលអាចប៉ះពាល់តុល្យភាពភូមិសាស្ត្រនយោបាយតំបន់នោះឡើយ ព្រោះកម្ពុជាតែងតែប្រកាន់ជំហនយោបាយឯករាជ្យ អព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធ ផ្ដល់តម្លៃលើការដោះស្រាយបញ្ហាដោយសន្តិវិធី និងរួមរស់ដោយសន្តិសហវិជ្ជមានជាមួយបណ្ដាប្រទេសទាំងឡាយលើពិភពលោក។នេះបើតាមការចេញផ្សាយព័ត៌មានរបស់រាជបណ្ឌិត្យសភាកម្ពុជា។

ដោយចាប់ផ្ដើមពីការលើកឡើងអំពី សណ្ដាប់ធ្នាប់ពិភពលោកបច្ចុប្បន្ន ដែលហាក់ត្រូវបានរុះរើនៅចាប់តាំងពីក្រោយការបញ្ចប់សង្គ្រាមត្រជាក់ លោកបណ្ឌិត យង់ ពៅ បានកត់សម្គាល់ឃើញថា ការរង្គោះរង្គើរសណ្ដាប់ធ្នាប់ពិភពលោក ត្រូវបានកែប្រែជាបន្តបន្ទាប់ ទាំងមជ្ឈិមបូព៌ា អាស៊ី ពិសេសនៅតំបន់អាស៊ានដែលប្រទេសជាសមាជិកធ្លាប់មានសុខដុមនីយកម្មនឹងគ្នា ស្រាប់តែមានការប្រឈមនឹងវិបត្តិតាមរយៈបញ្ហាជម្លោះព្រំដែនរវាងកម្ពុជានិងថៃ។ ស្របពេលដែលជម្លោះព្រំដែនកម្ពុជាថៃ ដែលបានវិវត្តទៅជាបញ្ហាប្រឈមខ្លាំង ចំពោះសន្តិសុខ និងការប្រណាំងប្រជែងសព្វាវុធនៅក្នុងតំបន់អាស៊ាននោះ មានការលើកឡើងពីអ្នកវិភាគមួយចំនួនដែលបង្ហាញការព្រួយបារម្ភថា ជម្លោះព្រំដែនកម្ពុជា-ថៃ អាចនឹងក្លាយទៅជាការអូសទាញដៃមហាអំណាចឱ្យចូលរួម ដែលបង្កើតទៅជាការប្រឈមខាងភូមិសាស្ត្រនយោបាយ នៅក្នុងតំបន់ដែលមានប្រជាជនជាង៦០០លាននាក់នេះ។

លោកបណ្ឌិតបានគូសបញ្ជាក់ថា ភាគីជាមិត្តបរទេសទាំងអស់ មិនគួរមានការព្រួយបារម្ភចំពោះការវិវត្តពីជម្លោះព្រំដែនកម្ពុជា-ថៃ ក្លាយទៅជាការប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាចពិភពលោកនោះឡើយ ព្រោះរាជរដ្ឋាភិបាលកម្ពុជា បានប្រកាន់ជំហរអព្យាក្រឹត្យយ៉ាងម៉ឺងម៉ាត់នៅចំពោះមុខការប្រកួតប្រជែងរបស់មហាអំណាចពិភពលោក។ លោកបណ្ឌិតបានថ្លែងសង្កត់ធ្ងន់ថា ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣រហូតរៀងមក ថ្នាក់ដឹកនាំកម្ពុជា បានប្រកាន់យកយ៉ាងខ្ជាប់ខ្ជួននូវនយោបាយការបរទេសអព្យាក្រឹត្យអចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ ព្រមទាំងរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និងបណ្ដាប្រទេសដទៃទៀតទាំងអស់នៅលើពិភពលោក ដូចដែលមានចែងយ៉ាងច្បាស់នៅក្នុងមាត្រា ៥៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ លោកបណ្ឌិតបានបន្តថា មាត្រា ៥៣ ដដែលក៏បានចែងថែមទៀតថា “ព្រះរាជាណាចក្រកម្ពុជាមិនចងសម្ព័ន្ធយោធា ឬចូលក្នុងកិច្ចព្រមព្រៀងយោធាណាមួយ ដែលមិនស្របនឹងអព្យាក្រឹតភាពរបស់ខ្លួនឡើយ។”

ទោះជាយ៉ាងណា លោកបណ្ឌិតបានមានប្រសាសន៍គូសបញ្ជាក់ផងដែរថា ថ្វីដ្បិតតែមហាអំណាចមួយចំនួន ព្យាយាមប្រើឥរិយាបថបង្ខំឬបង្គាប់បញ្ជាឱ្យប្រទេសតូចៗ ប្រកាន់ជំហរទៅតាមយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីបង្កើនឥទ្ធិពលនៅក្នុងតំបន់ ប៉ុន្តែមហាអំណាចមិនត្រូវធ្វើអ្វីស្រេចតែនឹងចិត្ត ដែលអាចជាបច្ច័យនាំទៅដល់ការលាប់ឡើងនៃសង្គ្រាមត្រជាក់នោះទេ។ ជាមួយគ្នានេះ លោកបណ្ឌិតបានបន្ថែមទៀតថា គេក៏មិនត្រូវព្យាយាមអូសទាញមហាអំណាចមកចូលរួមជាអ្នកគាំទ្រភាគីណាមួយក្នុងជម្លោះនេះ រហូតឈានដល់ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយនោះទេ ព្រោះការណ៍នេះមិនមានផលចំណេញអ្វីទាល់តែសោះសម្រាប់ប្រទេសក្នុងតំបន់ និងមហាអំណាច។

បើតាមលោកបណ្ឌិត កម្ពុជាត្រូវតែចាប់ដៃជំរុញទំនាក់ទំនងល្អជាមួយមហាអំណាច ដើម្បីយកធ្វើជាដៃគូសហប្រតិបត្តិការ ជាតួអង្គអន្តរការីដើម្បីចូលរួមដោះស្រាយបញ្ហា ជាជាងអូសទាញឬដាក់បន្ទុកថា មហាអំណាចណាមួយផ្ដល់ការគាំទ្រភាគីនីមួយៗ ហើយបញ្ហាតានតឹងនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ នឹងមានភាពធូរស្រាលឆាប់រហ័ស ហើយឈានទៅបង្កើតប្រក្រតីភាពប្រសើរឡើងវិញ។

លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ជាថ្មីទៀតថា សម្រាប់កម្ពុជាក្នុងឋានៈជារដ្ឋតូច យើងតែងបានប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសអព្យាក្រឹត អចិន្ដ្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ ស្របតាមមាត្រា៥៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា តាំងពីឆ្នាំ១៩៩៣ ដែលជាគោលការណ៍គ្រឹះនៅក្នុងនយោបាយការបរទេសកម្ពុជា ប្រឈមនឹងការពង្រឹងយុទ្ធភូមិសាស្ត្រនយោបាយរបស់មហាអំណាចពិភពលោក និងមហាអំណាចតំបន់។ លោកបណ្ឌិតបានបន្ថែមទៀតថា ប្រសិនបើកម្ពុជាមិនអាចពង្រឹងជំហរអព្យាក្រឹត្យរបស់ខ្លួនបាននោះទេ នោះកម្ពុជានឹងធ្លាក់ក្នុងការប្រឈមភូមិសាស្ត្រនយោបាយរវាងមហាអំណាច ហេតុនេះ ទើបកម្ពុជាតែងតែព្យាយាមរក្សាលំនឹងទំនាក់ទំនងជាមួយមហាអំណាចទាំងអស់ តាមរយៈការបន្តប្រកាន់ខ្ជាប់ជំហរនយោបាយការបរទេសរបស់ខ្លួនដូចរៀបរាប់ខាងលើនេះ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×