រាជធានីឡុងដ៍៖ ក្រោយពេលអ៊ុយក្រែនបានបាញ់ពន្លិចនាវាចម្បាំងដ៏ធំសម្បើមរបស់រុស្ស៊ី Moska នៅក្នុងសមុទ្រខ្មៅនោះមក រហូតមកដល់ពេលនេះ ទីភ្នាក់ងារចារកម្មរបស់ចក្រភពអង់គ្លេស បានដឹងច្បាស់ អំពីចំនួននាវាចម្បាំងរបស់ក្រុងមូស្គូ នៅក្នុងដែនសមុទ្រនេះ ទើបបញ្ជូនមីស៊ីលល្បឿនលឿន កាន់តែច្រើនទៅជួយដល់ក្រុងគៀវ ដើម្បីទប់ទល់នឹងសង្គ្រាមនេះ។
សង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន បង្កឡើង ដោយរុស្ស៊ី បានធ្វើឲ្យប្រទេសអឺរ៉ុបខាងកើតមួយនេះ ខាតបង់លើហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើន ហើយត្រូវបានប្រធានធនាគារពិភពលោក វាយតម្លៃអំពីការខាតបង់ រហូតដល់៦០ពាន់លានដុល្លារ ដោយមិនគិតពីការខូចខាតដល់សេដ្ឋកិច្ចនោះឡើយ។ រីឯប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី បានអះអាង អំពីតម្រូវការ រហូតដល់៧ពាន់លានដុល្លារសហរដ្ឋអាមេរិក ក្នុង១ខែៗ សម្រាប់ការកសាងប្រទេសឡើងវិញ។ សង្គ្រាមឈ្លានពាននេះ បានបង្កនូវមហាវិនាសកម្មយ៉ាងធំធេង ដោយបានសម្លាប់ជនស៊ីវិល កងទ័ពទាំងសងខាង រាប់ម៉ឺននាក់ ហើយកំពុងតែបន្ដសម្លាប់បន្ថែមទៀត ខណៈសង្គ្រាមកំពុងតែវាយប្រយុទ្ធគ្នាយ៉ាងខ្លាំង។
សារព័ត៌មាន Ukrinform បានចេញផ្សាយ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ថា អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានបញ្ជាក់ នៅលើបណ្ដាញសង្គមថា កងទ័ពអ៊ុយក្រែន បានកម្ទេចកម្លាំងទាហានរុស្ស៊ី ចំនួន២២ ៤០០នាក់ ចាប់តាំងពីការផ្ទុះសង្គ្រាម កាលពីថ្ងៃទី២៤ ខែកុម្ភៈ រហូតមកដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២។
អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានឲ្យដឹងទៀតថា ការវាយប្រយុទ្ធគ្នា ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ រហូតមកដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ មក បានធ្វើឲ្យកម្លាំងសត្រូវ ខាតបង់គ្រឿងយុទ្ធោបករណ៍យ៉ាងច្រើន រួមមាន រថក្រោះ ចំនួន៩៣៩គ្រឿង, រថពាសដែកប្រយុទ្ធ ចំនួន ២ ៣៤២គ្រឿង, ប្រព័ន្ធបាញ់កាំភ្លើងធំ ចំនួន៤២១គ្រឿង, ប្រព័ន្ធបាញ់បាញ់រ៉ុក្កែតចម្រុះ ចំនួន១៤៩គ្រឿង, ប្រព័ន្ធចម្បាំងប្រឆាំងនឹងយន្ដហោះ ចំនួន៧១គ្រឿង, យន្ដហោះចម្បាំង ចំនួន១៨៥គ្រឿង, ឧទ្ធម្ភាគចក្រ ចំនួន១៥៥គ្រឿង, យានយន្ដផ្សេងៗទៀត ចំនួន ១ ៦៦៦គ្រឿង, នាវា ចំនួន៨គ្រឿង, រថយន្ដដឹកប្រេងឥន្ធនៈ ចំនួន៧៦គ្រឿង, ដ្រូន ចំនួន២០៧គ្រឿង និង ប្រព័ន្ធ SRBM ចល័ត ចំនួន៤គ្រឿង។ ក្នុងរយៈពេលកន្លងមកនេះ កងទ័ពរុស្ស៊ី បានទទួលរងនូវការខាតបង់ច្រើនបំផុត នៅក្នុងគោលដៅ Kurakhove និង Izium ។
សារព័ត៌មានឥណ្ឌា Republic World បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ថា នៅក្នុងការធ្វើបច្ចុប្បន្នភាព លើការស៊ើបអង្កេតចុងក្រោយនេះ ក្រសួងការពារជាតិចក្រភពអង់គ្លេស បានបញ្ជាក់ថា ឥឡូវនេះកងទ័ពជើងទឹករុស្ស៊ី មាននាវាចម្បាំង ប្រហែល២០គ្រឿង ស្ថិតក្នុងតំបន់ប្រតិបត្ដិការសមុទ្រខ្មៅ ដោយរួមទាំង នាវាមុជទឹកផងដែរ។
ក្រសួងការពារជាតិចក្រភពអង់គ្លេស បានបន្ថែមថា «ច្រកសមុទ្របូស្ប៉ូរូស (Bosporus) នៅតែបិទដល់នាវាចម្បាំងមិនមែនជារបស់តួកគី ធ្វើឲ្យមានការលំបាកដល់រុស្ស៊ី មិនអាចយកនាវាផ្សេង មកជំនួសនាវាចម្បាំងខ្នាតយក្សមូសខ្វា (Moskva) ដែលត្រូវរងការវាយប្រហារ នៅក្នុងសមុទ្រខ្មៅបានឡើយ។ ប៉ុន្ដែបើទោះជាមានការខាតបង់យ៉ាងអាម៉ាស់ ចំពោះនាវា Saratov និង នាវាចម្បាំងខ្នាតយក្ស Moskva យ៉ាងក៏ដោយ កងនាវាចរណ៍សមុទ្រខ្មៅរបស់រុស្ស៊ី នៅតែរក្សាសមត្ថភាព នៅក្នុងការវាយប្រហារ ទៅលើគោលដៅនានា នៅក្នុងប្រទេសអ៊ុយក្រែន និង នៅតាមឆ្នេរសមុទ្រដដែល។
សារព័ត៌មាន The Times បានផ្សាយថា ចក្រភពអង់គ្លេស បានសម្រេចបញ្ជូនមីស៊ីលប្រឆាំងនឹងនាវាចម្បាំង ប្រភេទប៊ីមស្ដូន (Brimstone Missle) រាប់រយគ្រឿង ទៅជួយដល់ប្រទេសអ៊ុយក្រែន ក្នុងគោលបំណងពង្រឹងកិច្ចការពារដែនទឹក ក្រោយការលិចនាវាចម្បាំងដ៏ធំ Moskva របស់កងនាវាសមុទ្រខ្មៅរបស់រុស្ស៊ី។
លោក James Heappey មន្រ្ដីជាន់ខ្ពស់ក្រសួងការពារជាតិអង់គ្លេស បានអះអាងថា មីស៊ីល មានល្បឿនលឿន សម្រាប់ប្រឆាំងនឹងនាវាចម្បាំងនេះ នឹងទៅដល់ប្រទេសអ៊ុយក្រែន នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។
សារព័ត៌មាន BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ថា លោក បូរីស ចនសុន (Boris Johnson) នាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស បានបញ្ជាក់ កាលពីសប្ដាហ៍មុន ថា ចក្រអង់គ្លេស កំពុងតែសម្លឹងមើល អំពីមធ្យោបាយ ផ្គត់ផ្គង់មីស៊ីល ប្រឆាំងនឹងនាវាចម្បាំង ជួយដល់កងទ័ពអ៊ុយក្រែន រួមទាំង ការដំឡើងប្រព័ន្ធកាំជ្រួចប៊្រីមស្ដូន (Brimstone) របស់ខ្លួន បំពាក់នៅលើយានយន្ត។
សូមជម្រាបថា មីស៊ីលប៊ីមស្ដូន (Brimstone missiles) ត្រូវបានរចនាឡើង នៅក្នុងអំឡុងឆ្នាំ១៩៩៦ ហើយវាអាចប្រើប្រាស់ សម្រាប់ប្រឆាំងនឹងសកម្មភាពយ៉ាងលឿន នៅលើដី និង គោលដៅ នៅលើសមុទ្រ ហើយក៏អាចបាញ់ចេញពីលើយន្ដហោះ ផងដែរ។ មីស៊ីលប្រភេទនេះ ត្រូវបានផលិតឡើង ដោយក្រុមហ៊ុន MBDA របស់អង់គ្លេស ហើយមានល្បឿន ជាង១ ៦០០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ មីស៊ីលប៊ីមស្ដូន មានតម្លៃ ជាង២៥០ ០០០ដុល្លារ ក្នុង១គ្រឿង៕រក្សាសិទ្ធិដោយ ៖ សារាយSN