កំពង់ឆ្នាំង ៖ សមត្ថកិច្ចបានឃាត់ខ្លួនលោក ឃឹម សុទ្ធារិទ្ធ មន្ត្រីវាស់វែង សុរិយោដីខេត្តកំពង់ឆ្នាំង តាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់លោក ម៉ៅ ស៊ីណា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញពីបទឆបោកក្លែងឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែងនៅក្រុងកំពង់ឆ្នាំង កាលពីព្រឹកទី២៨ មេសា ២០២២។
ជនត្រូវចោទឈ្មោះ ឃឹម សុទ្ធារិទ្ធ ជាអ្នកវាស់វែងដី នៃមន្ទីរសូរិយោដីនិងសំណង់ខេត្តកំពង់ឆ្នាំង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន តាមដីកា លោក ម៉ៅ ស៉ីណា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទ ឆបោកក្លែងឯកសារសាធារណៈ.និងប្រើប្រាស់ឯកសារសាធារណៈក្លែង ។

តាមចម្លើយសារភាពរបស់ជនត្រូវចោទឈ្មោះ ប៉ុន សុខកុសល្យ ភេទប្រុស គឺខ្លួនបានទិញសន្លឹកប័ណ្ណវិញ្ញាបនបត្រសំគាល់អចលនវត្ថុ ដែលមិនទាន់បញ្ចូលទិន្នន័យពីឈ្មោះ ឃឹម សុទ្ធារិទ្ធ ភេទប្រុស ជនជាតិខ្មែរ មុខរបរ មន្ត្រីវាស់វែងសុរិយោដីខេត្តកំពង់ឆ្នាំង មានអាសយដ្ឋានបច្ចុប្បន្ននៅឃុំកំពង់ឆ្នាំង ស្រុកកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ដើម្បីធាខាដល់កិច្ចស៊ើបសួរឱ្យបានពេញលេញ គប្បីសម្រេចនាំខ្លួនឈ្មោះ ឃឹម សុទ្ធារិទ្ធ ភេទប្រុស មកចំពោះមុខ ចៅក្រមស៊ើបសួរដើម្បីបំភ្លឺការពិត។
ហេតុដូច្នេះសម្រេច ឱ្យនាំខ្លួនឈ្មោះ ឃឹម សុទ្ធារិទ្ធ ភេទប្រុស ដែលមានអត្តសញ្ញាណខាងលើ មកសាលាដំបូងរាជធានីភ្នំពេញ ឲ្យបានមុនថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២២ ជាកំណត់។
បង្គាប់មកនគរបាលយុត្តធម៌ឲ្យចាប់ និងនាំខ្លួនឈ្មោះខាងលើនេះ មកប្រគល់ជូនសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី


