ដូចដែលប្រិយមិត្ត និងមហាជនបានទទួលជ្រាបរួចហើយ កាលពីយប់មិញនេះ (ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២) អ្នកនាង ផល្លា បានឡាយវីដេអូប្រកាសផ្តាច់សង្វាស់ប្តីប្រពន្ធជាមួយប្តីឈ្មោះ ជីងចក់ ជាសាធារណៈ ដោយបង្ហាញក្រដាសលែងលះគ្នាយ៉ាងច្បាស់ៗ ព្រោះតែអត់ទ្រាំពុំបានទៅនឹងទង្វើផិតក្បត់មួយលើកជា១០លើក ដែលអ្នកនាង ផល្លា ប្រើពាក្យធ្ងន់ៗថាមិនចោល «សន្តាន»។
ជាមួយគ្នានោះផងដែរ អ្នកនាងក៏បានប្រកាសថា ចាប់ពីថ្ងៃនេះតទៅ រវាងរូបអ្នកនាង និងបុគ្គល ចក់ លែងមានទំនាក់ទំនងអ្វីនឹងគ្នាទៀតហើយ ចង់បុគ្គលរូបនេះទៅធ្វើអ្វី គឺជារឿងរបស់បុគ្គលរូបនេះ ដោយអ្នកនាងមិនជាប់ពាក់ព័ន្ធដឹងឮឡើយ។
ពិតណាស់ នៅក្នុងការឡាយនិយាយហែកទម្លាយខ្ទេចថា បុគ្គល ជីងចក់ ជាអតីតប្តីរូបនេះ តាមពិតចូលមកក្នុងជីវិតរបស់នាង គឺមានតែសំបកខ្លួន ហើយសព្វថ្ងៃនេះ ជួលផ្ទះគេរស់នៅជាមួយក្មេងៗគ្នីគ្នាដើរតាមជាមួយប៉ុណ្ណោះ។
ដោយឡែក ទាក់ទងរឿងរថយន្ត Jeep វិញ អ្នកនាង ផល្លា បានបញ្ជាក់ឲ្យមហាជនបានដឹងថា រថយន្តម៉ាក Jeep ដែលមានស្លាកលេខ JingJork នោះ គឺជាទ្រព្យសម្បត្តិរបស់នាងប៉ុណ្ណោះ។ ហេតុនេះ អ្នកនាងក៏សូមប្រាប់ទៅលោក ចក់ ថា ចាប់ពីថ្ងៃនេះម៉ោងនេះតទៅ គឺលោកគ្មានសិទ្ធិមកប៉ះពាល់រថយន្តនេះទៀតឡើយ ព្រោះថា ឡាន Jeep ហ្នឹង គឺជាឡានដែលអ្នកនាងទិញឲ្យអតីតស្វាមី ចក់ ជិះ ដោយកាតគ្រី ជាឈ្មោះរបស់អ្នកនាង ហើយក៏ជាលុយអ្នកនាងទិញឲ្យជិះសុទ្ធសាធ។
អ្នកនាងបន្តថាទៀតថា អុីចឹង ចាប់ពីថ្ងៃនេះតទៅ បើសិនបងប្អូនឃើញឡានហ្នឹងនៅតាមផ្លូវកន្លែង សូមកុំយល់ច្រឡំថា ជីងចក់ ណា! មិនមែន ចក់ ទៀតទេ គឺជាអ្នកនាង ពីព្រោះ ជីងចក់ គ្មានសិទ្ធិពាក់ព័ន្ធជាមួយឡាននេះទៀតឡើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង










