ភ្នំពេញ ៖ រថយន្តម៉ាកតូយ៉ូតាព្រូសមួយគ្រឿង បើកបរក្នុងល្បឿនលឿន ជ្រុលទៅបុ.ករថយន្តម៉ាកផចស៊េរីទំនើប បើកឆ្លងផ្លូវចំពាក់កណ្តាលទ្វារមុខខាងឆ្វេង ពេញទំហឹងរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តបង្កវិញ រងការខូចខសតមួយកំណាត់មុខទាំងស្រុង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ៥១ កែងនឹងផ្លូវ១០៨ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តម៉ាកផចពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ2BF-4199 បើកបរតាមបណ្តោយផ្លូវ១០៨ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុផ្លូវបំបែកជាបួន ស្រាប់តែគេឃើញរថយន្តម៉ាកតូយ៉ូតាព្រូសមួយគ្រឿងទៀត ពណ៌ផ្ទៃមេឃពាក់ផ្លាកលេខ ភ្នំពេញ2AX-7107 បើកបរតាមបណ្តោយផ្លូវ៥១ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន ក៏ជាន់ហ្រ្វាំងមិនទាន់ក៏ជ្រុលទៅបុករថយន្តផច ចំពាក់កណ្តាលទ្វារខាងឆ្វេងពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តតូយ៉ូតាព្រូសវិញ ខូចខាតមួយកំណាត់មុខស្ទើរទាំងស្រុង សំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះ មិនបង្កឲ្យមានអ្នករងរបួសនោះទេ រងការខូចខាតតែរថយន្តសងខាងតែប៉ុណ្ណោះ។
បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់រួចក៏ទំនាក់ទំនង ទៅជំនាញចរាចរណ៍ឲ្យចុះមកវាស់វែង យករថយន្ដទាំងពីរគ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ រង់ចាំឲ្យភាគីទាំងពីរដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត










