មិនបាច់រៀបរាប់ ក៏បងប្អូនមហាជននៅក្នុងបណ្តាញសង្គមជាច្រើន បានស្គាល់រួចមកហើយ ឧកញ៉ាចិត្តធម៌ ទៀ វិចិត្រ ដែលលោកតែងបង្ហាញពីទង្វើដ៏សប្បុរសធម៌ ជួយចែករំលែកការលំបាកទៅដល់ពលរដ្ឋទីទ័លក្រជារឿយៗ ជាពិសេស ពេលធ្វើដំណើរជួបអ្នកក្រ ឬចាស់ជរាលក់ដូរតាមផ្លូវ គឺលោកតែងជួយទិញអស់ៗ និងសូម្បីផ្តល់លុយឲ្យបន្ថែមទៀតផង។
យ៉ាងណាមិញ តាមរយៈវីដេអូថ្មីមួយរបស់លោកឧកញ៉ា ទៀ វិចិត្រ ដែលបានបង្ហោះថ្មីៗនេះ បានធ្វើឲ្យអ្នកគាំទ្រ និងមហាជនជាច្រើន សម្តែងការត្រេកអរ និងរំភើបចិត្តជំនួសជាខ្លាំង ពេលឃើញលោកឧកញ៉ា មានចិត្តសប្បុរសជួយទិញអង្រ្កង និងផ្លែឈើ ពីលោកយាយម្នាក់ ដោយម៉ៅយកទាំងអស់ ហើយថែមទាំងជូនលុយដល់លោកយាយចំនួន ១០ ម៉ឺនរៀល ទៀតផងដែរ។
ក្រោយពីបានឃើញពីទង្វើដ៏ប្រពៃ និងទឹកចិត្តដ៏ទូលាយបែបនេះ អ្នកលេងបង្ហាញសង្គម បានសម្តែងនូវការកោតសរសើរ និងបញ្ចេញមតិមួយនេះថា «នេះជាកញ្ចក់មួយដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីតម្លៃនៃអំពើល្អរបស់បងប្រុស និងក្រុមគ្រួសារ។ បងប្រុសមានទាំងទ្រព្យ ហើយអ្វីដែលបងមានច្រើនជាងទ្រព្យទៀតនោះ គឺទឹកចិត្តនៃការចែករំលែក ទឹកចិត្តអាណិតអាសូរដល់បងប្អូនដែលលោកលំបាក។ សូមអោយអំពើរល្អរបស់បង ដែលបានសាងកន្លងមក វានិងហុចផលមកបងវិញ ជួយបងអោយមានសុខសុវត្ថិភាពគ្រប់ពេលវេលា និងមានសុភមង្គលក្នុងក្រុមគ្រួសារជានិច្ចតទៅ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង










