ភ្នំពេញ ៖ ពិតណាស់ មហាជនជាច្រើន កន្លងទៅបាន ភ្ញាក់ផ្អើលមិនតិចនោះទេ ដែលឮថា ស្នេហាប្តីប្រពន្ឋលោក ធ្លាប់សុខសាន្ត បែរជាបែកបាក់ ហើយលោក ផ្ទាល់ក៍មក សម្ងំរំសាយទុក្ខនៅ ស្រុកកំណើត។ យ៉ាងណាចម្រូងចម្រាស់ មួយនេះបានបិទបញ្ចប់ ដោយភរិយា របស់លោកព្រមបើកឱកាស សាងទ្រនំបន្តទៀត ធ្វើឲ្យអ្នកគាំទ្រស្ងប់ចិត្ត។

លោកស៊ុក សុភា បានកោសក់សាងផ្នួសសាមណេរ(នេន) រយៈពេលខ្លី នៅវត្តមួយនៅ ប្រទេសអូស្រា្ដលី ហើយត្រូវបានលោកសុភា អះអាងថាការទៅបួសនោះ គឺចំ ថ្ងៃកំណើតរបស់លោកទើប សម្រេច ចិត្តគ្រងស្បង់ចីពរ ដោយលោក បានហៅ ខ្លួនឯងថា ជា នេនទុំ ទៀតផង។ យ៉ាងណាលោកសុភា មិនប្រាប់ថាបួស មានរយៈពេលប៉ុន្មានថ្ងៃ ហើយនៅវត្តណានោះទេ តែការសាងផ្នួសរបស់លោកនេះ ត្រូវបានគេផ្សារភ្ជាប់ថា អតីតសង្សារអ្នកនាងចាន់ សុផានី រូបនេះចង់បង្ហាញទឹកចិត្តស្មោះសចំពោះភរិយាលោកអ្នកនាងហ្សារីណា បន្ទាប់ពីចំណងស្នេហាជួបរឿងរកាំ រកូសមួយរយៈក៍វិលមករកភាពផ្អែមល្ហែមសារជាថ្មី។
អ្នកខ្លះបានលើកឡើងថា លោក សុភា ដើរផ្លូវដូចលោកជា វិបុល ដែរព្រោះថាអំឡុងពេលដែលពិធីករ រូបនេះ មានបញ្ហាធំជាមួយ អ្នកនាងសុជាតិ គឺ លោក បានទៅសាងផ្នួសរយៈពេល១០ថ្ងៃដើម្បី ឲ្យភរិយាជឿរ ជាក់ លើលោកដូចដើមវិញ ក្រោយលោកវិបុល ផ្ទុះរឿងស្នេហាជាមួយនាងចាន់ កែវនិមលដែលធ្វើឲ្យសុជាតិ ដឹកចូលពេទ្យទាំងយប់ព្រោះឈឺចុក ចាប់បេះដូង ខ្លាំងពេក។

សូមបញ្ជាក់ថា កាលពីខែសីហាឆ្នាំ២០២១ លោកស៊ុក សុភា ធ្លាប់ត្រូវបានភរិយាកូន៥ អ្នកនាង ហ្សារីណា បានប្រកាសចែកផ្លូវស្នេហ៍ដោយមូលហេតុមកពីអតីតគូដណ្ដឹងខៀវ សុខា រ៉ាវី រូបនេះមិនចេះបែងចែក ឲ្យដាច់ស្រឡះ រវាង តួនាទីជាមួយក្រុមគ្រួសារនិងប្រពន្ធ កូន។ ដោយសារតែតុកស៊ិកខ្លាំងពេកទើបលោកសុភា បានមកសម្ងំនៅខ្មែរ មួយរយៈកាលពីខែវិច្ឆិកា ឆ្នាំ ២០២១ ហើយមិនយូប៉ុន្មានលោកសុភា ហៅនេនទុំ ក៏បានវិលទៅអូស្រា្ដលីនិងត្រូវគ្នាជាមួយភរិយាដូចដើម ធ្វើឲ្យអ្នកតាមដានរឿងស្នេហាលោកចង់អស់ជំនឿ ព្រោះថាប្ដីប្រពន្ធ១គូ នេះ ទោះជា ឈ្លោះគ្នាខ្លាំងយ៉ាងណាក៏នៅតែអាចវិលមករកភាពផ្អែមល្ហែមវិញបានដែរ៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM










