រឿងរ៉ាវលែងលះរវាងលោក ជឿន ប៊ុនចក់ (ហៅ Admin ជីងចក់) និងអ្នកនាងទ្រិញ ផល្លា អ្នកលក់អនឡាញដ៏ស្រស់ស្អាត នៅពេលនេះ បានកំពុងធ្វើឲ្យហ្វេនៗ និងក៏ដូចមហាជនជាអ្នកតាមដាន ចង់វ៉ល់តែម្តង ព្រោះមិននឹកស្មានថា ខណៈអ្នកទាំងពីរមានរឿងលែងលះគ្នាដ៏ក្តៅគគុក បែរជាថ្មីៗនេះ ស្រាប់តែបែកធ្លាយរូបថត១សន្លឹក កៀកកើយគ្នាយ៉ាងស្និទ្ធស្នាល ហាក់ដូចគ្មានរឿងអ្វីកើតឡើងទាល់តែសោះ។
ពិតណាស់ តាមរយៈរូបភាពបែកធ្លាយនេះ អ្នកបង្ហោះបានប្រាប់ឲ្យដឹងថា អ្នកទាំងពីរបានត្រូវរ៉ូវគ្នាវិញហើយ បន្ទាប់ពីផ្ទុះរឿងលែងលះអ្នកនាង ផល្លា ហែកហួរអតីតប្តី ជីងជក់ ជុំវិញរឿងមានស្រីផិតក្បត់ប្រពន្ធ និងទង្វើចរិតប្ញកពាដ៏មិនល្អជាច្រើនទៀត ខ្ទេចគ្មានសល់មិនបានប៉ុន្មានផង។
តែយ៉ាងណាមិញ ក្រោយរូបភាព១សន្លឹកនេះ កំពុងធ្វើឲ្យមហាជនរិះគន់កប់ៗថា ជាពួកបំពុលសង្គម សម្តែងចង់ល្បី នៅពេលនេះ សមីុខ្លួនលោក ជីងចក់ បានចេញមុខឡាយបកស្រាយឲ្យមហាជនបានដឹងច្បាស់ៗថា៖ តាមពិតទៅរូបលោកគ្មានចេតនាថតរូបជាមួយអតីតភរិយាទេ ប៉ុន្តែ ចៃដន្យ ស្រ្តីម្នាក់ជាអ្នករាប់អាន បានអញ្ជើញរូបលោកទៅចូលខួបកំណើតកូនរបស់គាត់ ហើយស្រ្តីរូបនោះ ក៏បានអញ្ជើញអតីតភរិយាអ្នកនាង ទ្រិញ ផល្លា ទៅចូលរួមផងដែរ ដែលលោកមិនបានដឹងទាល់តែសោះ។
លោក ចក់ បានឲ្យដឹងថា នៅពេលនោះ លោកពិតជាស្រឡាំងកាំងតែម្តង នៅពេលបានឃើញវត្តមានអតីតភរិយា ហើយលោកក៏បានសួរស្រ្តីរូបនោះថា ហេតុអ្វីបានជាធ្វើបែបហ្នឹងទៅវិញ ភ្លាមៗនោះ ស្រ្តីជាម្ចាស់កម្មពិធីក៏បានប្រាប់ត្រង់ៗថា គាត់ចង់ឲ្យពួកខ្លួន «ត្រូវរ៉ូវ» គ្នាប៉ុណ្ណោះ។
តែទោះជាយ៉ាងណា សម្រាប់រូបភាពបែកធ្លាយនេះ លោក ជីងចក់ សូមប្រាប់ទៅមហាជនបានដឹងថា រវាងលោក និងអតីតភរិយា គឺមិនអាចយកគ្នាជាប្តីប្រពន្ធវិញបានឡើយ បើទោះជាបានថតរូបឃើញស្និទ្ធស្នាលជាមួយគ្នាកាលពីពេលថ្មីៗនេះយ៉ាងណាក៏ដោយ។ លោក ចក់ ក៏បានបង្ហាញជំហរដាច់អហង្ការបែបនេះ លោកមិនអាចត្រូវរ៉ូវគ្នាបានជាដាច់ខាត ព្រោះលោកមិនអាចទទួលយកបានឡើយ ដែលអតីតភរិយា បានប្រើសម្តីប្រមាថមើលងាយធ្ងន់ៗ និងចាត់ទុករូបលោកប្រៀបដូច «សំរាម» ត្រូវបោះចោល និងសូម្បីមើលងាយរាល់ដាលម្តាយរបស់ខ្លួនថែមទៀតផង ហេតុដូច្នេះ លោកថា គឺវាអត់មានលក្ខខណ្ឌណាដែលត្រូវយកគ្នាវិញឡើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង













