Thursday, January 15, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្រ្តីក្រសួងវប្បធម៌ ព្រមាននឹងចាត់វិធានការ ចំពោះអ្នកផលិតករ សិល្បករណា ដែលផលិតភាពយន្តប៉ះពាល់ដល់សីលធម៌សង្គម តម្លៃស្ត្រី និងកុមារ

ភ្នំពេញ ៖ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើសុំដល់គ្រប់ភាគី ដែលពាក់ព័ន្ធក្នុងវិស័យភាពយន្ត ត្រូវខិតខំបន្ថែមទៀត ក្នុងការបញ្ចូលខ្លឹមសារអប់រំ នៅក្នុងបណ្តាភាពយន្ត ចម្រៀង និងជាពិសេសបុគ្គល ឬក្រុមដែលផលិតមាតិកាកម្សាន្ត លើបណ្តាញសង្គម សូមប្រកាន់ខ្ជាប់នូវវប្បធម៌អហឹង្សា និងលើកកម្ពស់ការរស់នៅ ប្រកបដោយភាពស៊ីវីល័យ ឲ្យស័ក្តិសមជាប្រទេស មានសុខសន្តិភាពនិងការអភិវឌ្ឍ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ព្រមាននឹងចាត់វិធានការ ចំពោះអ្នកផលិតករ សិល្បករណា ដែលផលិតភាពយន្តប៉ះពាល់ដល់សីលធម៌សង្គម តម្លៃស្ត្រី និងកុមារតាមរយៈការហៅមកអប់រំ និងចាត់វិធានការផ្លូវច្បាប់ផ្សេងៗទៀត ក្នុងករណីមិនរៀងចាល។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានថ្លែងបែបនេះ ក្នុងពិធីបើកសិក្ខាសាលាស្តីពីតួនាទីផលិតករ សិល្បករ រួមចំណែកក្នុងការលើកកម្ពស់សីលធម៌សង្គម និងទប់ស្កាត់ អំពើហឹង្សាលើស្រ្តី និងកុមារតាមរយៈវីដេអូខ្លី នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២២នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ក្នុងគោលបំណងឆ្លើយតបនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តីនិងជាអនុប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកិត្តិយសគណៈកម្មាធិការជាតិលើកកម្ពស់សង្គម តម្លៃស្រ្តីនិងគ្រួសារខ្មែរ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំសិក្ខាសាលាស្តីពីតួនាទីផលិតករ សិល្បករ រួមចំណែកក្នុងការលើកកម្ពស់សីលធម៌សង្គម និងទប់ស្កាត់ អំពើហិ.ង្សាលើស្រ្តី និងកុមារតាមរយៈ វីដេអូខ្លី ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តី និងមានការចូលរួមពីភាគីដែលពាក់ព័ន្ធរួមមាន៖ តំណាងអង្គភាពប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ តំណាង ក្រសួងកិច្ចការនារី តំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រុមប្រឹក្សាវិន័យ មន្ទីរវប្បធម៌ រាជធានី-ខេត្ត ផលិតកម្មជាតិ និងសិល្បករ សិល្បការិនីក្រៅប្រព័ន្ធដែលមានចំនួនសរុបជាង៨០រូប នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

យោងតាមរបាយការណ៍របស់លោកជំទាវ ម៉ិញ កុសនី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានធ្វើការវាយតម្លៃខ្ពស់លទ្ធផលដែលក្រុមការងារទទួលបាន នាពេលកន្លងមក និងបានលើកទឹកចិត្តក្រុមការងារជាបន្តក្នុងការរៀបចំផែនការណ៍សកម្មភាពយេនឌ័រក្នុងវិស័យវប្បធម៌ និងសិល្បៈ ដើម្បីរួមចំណែកជាមួយដៃគូពាក់ព័ន្ធទាំងអស់ធ្វើយ៉ាងណាសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

នាឱកាសនោះលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានលើកឡើងថាកន្លងមកសម្តេចតេជោនាយករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំដល់ក្រសួង ស្ថាប័ន ពាក់ព័ន្ធត្រូវសហការត្រួតពិនិត្យតាមដានជាប្រចាំនូវខ្លឹមសារ រូបភាព និងការសម្តែងតាមកម្មវិធីនានា ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយរូបភាព និងការសម្តែងផ្ទាល់ ត្រូវមានវិធានការនិងសារក្នុងគោលដៅអប់រំ និងថែរក្សាវប្បធម៌ ប្រពៃណីដ៏ល្អផូរផង់ ប្រកបដោយកិត្តិយស សេចក្តីថ្លៃថ្នូរ ព្រមទាំងរក្សាបាននូវតម្លៃនៃអក្សរសាស្រ្តជាតិ។

លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានបន្តទៀតថា បច្ចុប្បន្នវិស័យភាពយន្តនៅកម្ពុជាមានការរីកលូតលាស់ច្រើនគួរជាទីមោទនៈ ក្នុងនោះការផលិតវីដេអូកម្សាន្តនៅលើបណ្តាញសង្គមនានា ជាលក្ខណៈបុគ្គលឬក្រុមក៏មានច្រើនគួរឲ្យកត់សម្គាល់។ ស្របពេលជាមួយគ្នានេះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានមើលឃើញពីការខិតខំប្រឹងប្រែងរបស់ផលិតករ អ្នកនិពន្ធ ម្ចាស់ផលិតកម្ម និងអ្នកផលិតមាតិកាកម្សាន្តលើបណ្តាញសង្គមជាច្រើនដែលបានផលិតជាភាពយន្តឬវីដេអូវែងឬខ្លី ដែលមានការបញ្ចូលខ្លឹមសារអប់រំស្តីពីតម្លៃស្រ្តី និងការទប់ស្កាត់អំពើហឹង្សាលើកុមារជាដើមគឺនៅមានចំនួនតិចតួចនៅឡើយ។ ម្យ៉ាងទៀតភាពយន្ឬវីដេអូមួយចំនួនបានបង្កើតឲ្យមានវប្បធម៌ហឹង្សា ការសងសឹក ការប្រើប្រាស់គ្រឿងស្រវឹង គ្រឿងញៀន និងអំពើហឹង្សាក្នុងទម្រង់ធ្ងន់ធ្ងរ ដែលជាវប្បធម៌មួយមិនល្អ នាំឲ្យក្មេងៗជំនាន់ក្រោយបែរជាយកមកចម្លង និងអនុវត្តតាម។ ដូច្នេះក្នុងនាមជាថ្នាក់ដឹកនាំក្រសួង លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានស្នើសុំដល់គ្រប់ភាគីដែលពាក់ព័ន្ធក្នុងវិស័យនេះ ត្រូវខិតខំបន្ថែមទៀតក្នុងការបញ្ចូលខ្លឹមសារអប់រំ នៅក្នុងបណ្តាភាពយន្ត ចម្រៀង និងជាពិសេសបុគ្គលឬក្រុមដែលផលិតមាតិកាកម្សាន្តលើបណ្តាញសង្គម សូមប្រកាន់ខ្ជាប់នូវវប្បធម៌អហឹង្សា និងលើកកម្ពស់ការរស់នៅប្រកបដោយភាពស៊ីវីល័យឲ្យសាកសមជាប្រទេស មានសុខសន្តិភាពនិងការអភិវឌ្ឍ។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានផ្ដល់ជាអនុសាសន៍ឱ្យ អង្គភាពពាក់ព័ន្ធ ក្រោមឱវាទក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ត្រូវតាមដានលើមាតិកា ខ្លឹមសារ រូបភាព និងការសម្ដែងតាមកម្មវិធីនានា ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយគ្រប់រូបភាព និងការសម្ដែងផ្ទាល់ ដែលមានលក្ខណៈអាសអាភាស ប៉ះពាល់ដល់សីលធម៌សង្គម និងតម្លៃស្ត្រី ។ ត្រូវចាត់វិធានការរដ្ឋបាលនានា ក្នុងគោលដៅអប់រំណែនាំដល់ក្រុមគោលដៅ ឬបុគ្គលដែលបង្កហេតុ។
លោកជំទាវ សង្កត់ធ្ងន់ថា ក្នុងករណីមិនរៀងចាល អង្គភាពឬមន្ទីរ ត្រូវធ្វើរបាយការណ៍បញ្ជូនមកក្រសួង ដើម្បីក្រសួងស្នើសុំកិច្ចសហការជាមួយក្រសួង-ស្ថាប័នមានសមត្ថកិច្ចផ្សេងទៀតចាត់វិធានការបន្ត។

លោកជំទាវបានលើកឡើងថា ចៀសវាងឱ្យបានច្រើនបំផុតនូវវីដេអូអាសអាភាសនាំឱ្យប៉ះពាល់ដល់សិលធម៌សង្គម តម្លៃស្រ្តីខ្មែរ ។ មុនដំបូងយើងធ្វើការអប់រំ ហើយបើដឹងហើយ ប្រៀនប្រដៅហើយនៅតែធ្វើ យើងនឹងមានវិធានការ ។ កន្លែងខ្លះក្រសួងមិនចង់ ចាត់វិធានការទេ កន្លែងខ្លះបើតាមច្បាប់ធ្ងន់ណាស់គឺទោសព្រហ្មទណ្ឌ តែយើងមិនធ្វើទេយើងនៅតែអប់រំចំពោះសិល្បករ សិល្បការិនីរបស់យើងជាធំ។
លោកជំទាវ រដ្ឋមន្ត្រី បានបន្ថែមថា ផលិតករ អ្នកនិពន្ធ សិល្បករ សិល្បការិនី អ្នកផលិតមាតិកាកម្សាន្តលើបណ្ដាញសង្គម ត្រូវបញ្ជ្រាបខ្លឹមសារអប់រំក្នុងភាពយន្ត ឬវីដេអូ ដើម្បីចូលរួមទប់ស្កាត់ការប្រើប្រាស់អំពើហិង្សាលើស្ត្រីនិងកុមារ, ត្រូវប្រកាន់ភ្ជាប់នូវសីលធម៌ វិជ្ជាជីវៈរបស់ខ្លួន ក្នុងការផលិតស្នាដៃដើម្បីយកទៅផ្សព្វផ្សាយនៅតាមបណ្ដាញសង្គម, ត្រូវបង្កប់ន័យអប់រំដល់ទស្សនិកជន អ្នកគាំទ្រ ជាពិសេសយុវជន និងកុមារ,ត្រូវបញ្ឈប់រាល់ខ្លឹមសារ ឬរូបភាព ដែលបង្កឱ្យមានការប៉ះពាល់ដល់ សីលធម៌សង្គម ប្រពៃណី ទំនៀមទម្លាប់ និងតម្លៃស្ត្រី និងត្រូវបង្កើតស្នាដៃដែលមានផលវិជ្ជមានដល់បុគ្គល ក្រុម សហគមន៍ និងសង្គមជាតិ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×