កាលពីពេលថ្មីៗនេះ (ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២) កម្មវិធីប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី4 ក្នុងវគ្គ judge audition គេបានឃើញបេក្ខជន-បេក្ខនារី ជាយុវវ័យជាច្រើន បានមកបញ្ចេញសមត្ថភាព ហើយក្នុងនោះ បេក្ខជនម្នាក់ឈ្មោះ ភៀន ភារិន បានធ្វើឲ្យ judge ទាំង៤ និងក៏ដូចអ្នកទស្សនាភ្ញាក់ផ្អើលតែម្តង ខណៈលើកយកបទចម្រៀងមួយបទមានចំណងជើងថា «ខ្ចីលុយម៉ែក្មេក»។ ជាការពិតណាស់ បើតាមស្តាប់មិនច្រឡំ នេះគឺជាបទក្រឡៃពីបទដើម «ម្តាយក្មេកមកលេង» -ច្រៀងដោយ៖ រស់ សេរីសុទ្ធា ដែលជាស្នាដៃនិពន្ធដោយកវីស្ទឹងសង្កែ គង់ ប៊ុនឈឿន តែម្តង។
ក្រោយពីបានឃើញយកស្នាដៃមរតកដើម មកក្រឡៃច្រៀងបំពានបំផ្លាញ និងសូម្បីរកស្តាប់មិនចូលត្រចៀកបែបនេះ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ កូនស្រីកវីស្ទឹងសង្កែ គង្គ ប៊ុនឈឿន បានចេញមុខប្រតិកម្ម តាមរយៈផេកហ្វេសប៊ុកឈ្មោះឪពុករបស់ខ្លួនយ៉ាងដូច្នេះថា៖ «យើងខ្ញុំជាក្រុមគ្រួសារសូម សំណូមពរម្ដងហើយម្ដងទៀត បញ្ឈប់ការយកស្នាដៃមរតកដើម យកមកច្រៀងបំពានបំផ្លាញសិទ្ធស្នាដៃកវីស្ទឹងសង្កែ គង្គ ប៊ុនឈឿន បទ សែនឈឺចិត្ត (ម្តាយក្មេកមកលេង) ម្ចាស់សំនៀង រស់ សេរីសុទ្ធា ច្រៀងមានដាក់ក្នុងប្រលោមលោក រឿងពិតរបស់ខ្ញុំ យកមកក្រឡៃដាក់ពាក្យថ្មី (ខ្ចីលុយម៉ែក្មេក) អ្នកដំបូងដែលយកបទ មកក្រឡៃ រហូតមានអ្នកមិនដឹងយកមកប្រលង ក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក ធ្វើអោយក្មេងជំនាន់ក្រោយកាន់តែយល់ច្រឡំ បទចម្រៀង មិនគិតពីម្ចាស់ដើម រួមទាំងការលួចរាប់រយបទផ្សេងទៀតរៀបរាប់មិនអស់។
សូមឆាប់ដកសាច់ភ្លេង ទំនុកច្រៀងចេញ ពីយូធូប រឺ អ្វីផ្សេងទៀត ពួកខ្ញុំមិនអនុញ្ញាតទេ បើពុំនោះទេ ត្រូវប្រឈមនឹងច្បាប់កម្មសិទ្ធបញ្ញា សូមបញ្ជាក់ថា ពួកខ្ញុំគាំទ្រស្នាដៃកូនខ្មែរបង្កើតថ្មី រក្សាទំរង់ដើមតែមិនក្រឡៃបទ ម្ចាស់ដើម។
កន្លងមក ដូចរឿងនាយចឺមច្រៀងបទ នឹកភូមិភ្នំធំ ដែលយកមកក្រឡៃថ្មី ធ្វើអោយក្រុមគ្រួសារខ្ញុំចេញមុខតវ៉ា។ កាលនោះមានមនុស្សជាច្រើនគិតថា ម្តាយខ្ញុំបានប្ដឹងបានលុយ បានអី ហើយដើររករឿងគេ គ្រាន់តែយកបទចម្រៀងមកច្រៀងថ្មីសោះ។ តាមការពិតក្រុមគ្រួសារខ្ញុំមិនដែលប្ដឹងអ្នកណា រីបានសំណងពីនរណាម្នាក់ទេ។
តើខុសទេ ដែលម្ចាស់ដើមទាមទារថែរក្សាកម្មសិទ្ធិ បទចម្រៀងរបស់ខ្លួន? សូមមានសុខភាពល្អ ដល់បងប្អូនគ្រប់ៗគ្នាដែលគាំទ្រចម្រៀងមរតកដើម សូមអរគុណ ដោយក្តីគោរពពីនាងខ្ញុំ ប៊ុនឈឿន សូរីវិល័យ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



