Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តើរុស្ស៊ី និងអ៊ុយក្រែន នាំចេញធនធានសំខាន់ៗអ្វីខ្លះ ទើបជម្លោះនេះធ្វើឲ្យមានវិបត្ដិដល់ពិភពលោក?

spot_img

រដ្ឋធានីគៀវ៖ គិតត្រឹម ថ្ងៃទី១២ ខែឧសភា សង្គ្រាម រវាងរុស្ស៊ី និង អ៊ុយក្រែន កំពុងតែបន្ដវាយប្រយុទ្ធគ្នាយ៉ាងខ្លាំង ហើយជម្លោះបានធ្វើឲ្យពាល់ប៉ះយ៉ាងខ្លាំង ដល់សេដ្ឋកិច្ចរបស់ពិភពលោក ដោយសារតែប្រទេសទាំង២នេះ សម្បូរទៅ ដោយធនធានធម្មជាតិប្រេង និង ឧស្ម័នធម្មជាតិ និងជាប្រទេសនាំចេញអង្ករស្រូវសាលីដ៏ធំបំផុតមួយ នៅលើភពផែនដីនេះ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ថា រុស្ស៊ី និង អ៊ុយក្រែន ប្រទេសទាំង២នេះ សម្បូរទៅដោយធនធានធម្មជាតិប្រេង និង ឧស្ម័ន។ ប្រទេសរុស្ស៊ី មានឧស្ម័នបម្រុង រហូតដល់ ៤៨ ៩៣៨ពាន់លានម៉ែត្រគុប ក្លាយជាប្រទេសមានឧស្ម័នច្រើនជាងគេបំផុត នៅលើពិភពលោក។ ឧស្ម័នបម្រុងរបស់រុស្ស៊ី ជាង៧០ភាគរយ ត្រូវកាន់កាប់ ដោយក្រុមហ៊ុនហ្គាសព្រូម (Gazprom) ជាក្រុមហ៊ុនថាមពលដ៏ធំបំផុត គ្រប់គ្រងដោយរដ្ឋ។

រុស្ស៊ី បានផ្គត់ផ្គង់ ប្រហែល១ភាគ៣ នៃឧស្ម័នធម្មជាតិរបស់អឺរ៉ុប។ ចំណែកការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ជុំវិញជម្លោះនៅអ៊ុយក្រែន នេះ អាចរំខានដល់ការផ្គត់ផ្គង់ឧស្ម័ន ហើយវានឹងធ្វើឲ្យមានវិបត្តិថាមពល នៅក្នុងតំបន់អឺរ៉ុប កាន់តែធ្ងន់ធ្ងរឡើង។ ស្របគ្នានេះដែរ ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ បានបិទបំពង់បង្ហូរឧស្ម័ន Nord Stream 2 (ណត ស្ទ្រីម ២) ដែលជាគម្រោងបំពង់បង្ហូរឧស្ម័នដ៏ធំបំផុតរបស់រុស្ស៊ី មានតម្លៃ១១,៦ពាន់លានដុល្លារ សម្រាប់នាំឧស្ម័ន ១៥១លានម៉ែត្រគុប ក្នុង១ថ្ងៃៗ ចូលទៅកាន់ទ្វីបអឺរ៉ុប។

រុស្ស៊ី ក៏ជាប្រទេសមានប្រេងបម្រុងដ៏ធំបំផុតមួយរបស់ពិភពលោក ដោយមានប្រេង រហូតដល់៨០ពាន់លានបារ៉ែល ឬស្មើនឹង៥ភាគរយ នៃប្រេងសរុបរបស់ពិភពលោក។

ដោយឡែក អ៊ុយក្រែន វិញ ក៏មានប្រេងបម្រុង រហូតដល់៣៩៥លានបារ៉ែល និង មានឧស្ម័ន រហូតដល់ ៣៤៩ពាន់លានម៉ែត្រគុបផងដែរ។ អ៊ុយក្រែន ស្ថិតនៅចំណុចកណ្ដាល រវាងបច្ឆិមលោក (បស្ចិមលោក) និង រុស្ស៊ី ហើយដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការបញ្ចេញឧស្ម័ន ទៅកាន់ទីផ្សារនានា នៅក្នុងទ្វីបអឺរ៉ុប។

ក្រៅពីមានប្រភពធនធានប្រេង និង ឧស្ម័ន ដ៏ច្រើនសម្បូរបែបនោះ អ៊ុយក្រែន និង រុស្ស៊ី ទាំង២ប្រទេសនេះ ក៏បាននាំចេញអង្ករស្រូវសាលី ជាង១ភាគ៤ នៃការនាំចេញស្រូវសាលីរបស់ពិភពលោក។ ប៉ុន្ដែការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ឬសកម្មភាពយោធា ប្រឆាំងនឹងប្រទេសរុស្ស៊ី អាចមានផលប៉ះពាល់យ៉ាងខ្លាំង ដល់តម្លៃម្ហូបអាហារ ខណៈប្រទេសនាំចូល ស្វែងរកជម្រើសផ្សេង។ នៅក្នុងឆ្នាំ២០១៩ រុស្ស៊ី បាននាំចេញផលិតផលរបស់ខ្លួន ៤០៧ពាន់លានដុល្លារសហរដ្ឋអាមេរិក ហើយអ៊ុយក្រែន នាំចេញផលិតផល មានទំហំទឹកប្រាក់ ៤៩ពាន់លានដុល្លារ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×