Friday, January 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចក្រឡាហោម ស ខេង ៖ វិស័យកសិកម្មនៅកម្ពុជា បាននិងកំពុងដើរតួនាទីសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ព្រមទាំងកាត់បន្ថយភាពក្រីក្រ

កំពត ៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទីនៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា វិស័យកសិកម្មនៅកម្ពុជា បាននិងកំពុងដើរតួនាទីសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ព្រមទាំងកាត់បន្ថយភាពក្រីក្រ របស់ប្រជាជន ពិសេសចូលរួមចំណែក២០ភាគរយ នៃផលិតផលក្នុងស្រុកសរុប។

សម្ដេចបានថ្លែងបែបនេះ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងឱកាសបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធរោងចក្រផលិតចំណីអាហាររបស់ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ ស្ថិតនៅឃុំជំពូវន្ត ស្រុកជុំគិរី ខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា។

អញ្ជើញមានប្រសាន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទីនៃរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា វិស័យកសិកម្ម កាន់តែដើរតួនាទីសំខាន់នៅក្នុងបរិបទនៃការប្រឈមុខនឹងវិបត្តិកូវីដ-១៩ និងការប្រែប្រួលជាអវិជ្ជមានមួយចំនួនរបស់សាកលោក។

សម្ដេចបន្តថា វិស័យកសិកម្មក៏ជាចលករជំរុញបដិវត្តន៍ឧស្សាហកម្មពិសេសកសិឧស្សាហកម្មសម្រាប់ ទាំងពេលបច្ចុប្បន្ន និងអនាគត ដែលនាំមកនូវពហុប្រយោជន៍ និងគុណតម្លៃជាច្រើន ដូចជាការបន្ថែមតម្លៃ ការបង្កើនគុណភាព និងរយៈពេលនៃការរក្សាទុកផលិតផល ការពង្រីកទីផ្សារកសិផល ការអភិវឌ្ឍសហគ្រាសធនតូចនិងមធ្យម ការបង្កើតការងារក្នុងស្រុក កាត់បន្ថយចំណាកស្រុក និងបង្កើនឱកាសសម្រាប់ការនាំចេញផលិតផល។

សម្ដេចបានគូសបញ្ជាក់ថា ការវិនិយោគរបស់ក្រុមហ៊ុន ស៊ី.ភី ដែលបង្កើតរោងចក្រកែច្នៃអាហារ តាមស្តង់ដាអន្តរជាតិ សម្ពោធនាពេលនេះ គឺជាដំណោះស្រាយយុទ្ធសាស្រ្ត និងទាន់ពេលវេលាឆ្លើយតបទៅនឹងតម្រូវការផលិតកម្មសត្វ បង្កើតឱកាសការងារ កាត់បន្ថយការធ្វើចំណាកស្រុក បន្ថែមលើការពង្រីកសក្ដានុពល វិស័យកសិឧស្សាហកម្មនោកម្ពុជា។ សម្ដេចបានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះដំណើរការរបស់ក្រុមហ៊ុនមួយនេះ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមសម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្ដេចក្រឡាហោម ស ខេង បានបង្ហាញការគាំទ្រ និងលើកទឹកចិត្តក្រុមហ៊ុនបន្តខិតខំកសាងរោងចក្រផលិតចំណីអាហារបែបនេះបន្ថែមទៀតនៅតាមបណ្ដាខេត្តដែលមានសក្ដានុពលនៅកម្ពុជា ហើយទន្ទឹមគ្នានេះ សម្ដេចក៏បានស្នើឱ្យក្រុមហ៊ុនជួយផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលបច្ចេកទេសដល់មន្រ្តីកសិកម្ម និស្សិត សហគមន៍ និងប្រជាកសិករអំពីបច្ចេកទេសថ្មីៗ។

នៅក្នុងឱកាសនោះដែរសម្ដេចក្រឡាហោម ក៏បានគូសបញ្ជាក់ជាថ្មីទៀតអំពីគុណតម្លៃនៃសន្តិភាព ការគោរពលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ជាពិសេសការប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ ដោយសម្ដេចបានបន្តថា «កម្ពុជាបានគោរពឥតងាករេតាមរដ្ឋធម្មនុញ្ញ បើទោះបីជាមានវិសោធនកម្មរដ្ឋធម្មនុញ្ញខ្លះ ប៉ុន្តែចំណុចដែលទាក់ទងការកំណត់អំពីរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្សនេះ គ្មាននរណាអាចប៉ះពាល់បាន ហើយជាក់ស្ដែងយើងមិនបានប៉ះពាល់នោះទេ»៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×