ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពព្យុះទី១ ឈ្មោះ ណូកាន ដែលមានឥទ្ធិពលលើរបបខ្យល់មូសុងឦសានដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។
បន្ទាប់ពីធ្វើការតាមដាន វិភាគ និងព្យាករស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា សម្ពាធទាបដែលកើតមាននៅមហាសមុទ្រប៉ាស៊ីហ្វិក ខាងលិច បានវិវត្តទៅជាព្យុះទី១ឈ្មោះ ណូកាន(Nokaen) T2601។ គន្លងផ្លូវដើររបស់ព្យុះ ណូកាន នេះ ស្ថិតនៅ ក្បែរប្រទេសហ្វីលីពីន និងមិនប៉ះពាល់ដល់ប្រទេសកម្ពុជានោះទេ វាគ្រាន់តែមានឥទ្ធិពលលើរបបខ្យល់មូសុង ឦសានដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។
ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦៖
១.តំបន់វាលទំនាប៖ ខេត្តកំពង់ចាម ព្រៃវែង កណ្ដាល តាកែវ និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់និងខ្យល់ កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១០%។ ចំណែកខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ ស្វាយរៀង និងខេត្តត្បូងឃ្មុំ ពុំមានភ្លៀងធ្លាក់ទេ។
២.តំបន់ខ្ពង់រាប៖ ខេត្តប៉ៃលិន និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី១០%។ ចំណែកខេត្តកំពង់ស្ពឺ ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងតំបន់ជួរភ្នំដងរែក ពុំមាន ភ្លៀងធ្លាក់ទេ។
៣.តំបន់មាត់សមុទ្រ៖ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី១៥%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,២០ម៉ែត្រ។
យោងលើការព្យាករដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ ជាពិសេស បងប្អូនដែលធ្វើដំណើរតាមផ្លូវគោគ និងផ្លូវទឹក។ ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តធ្វើការតាមដាន និង វិភាគអំពីស្ថានភាពធាតុអាកាសដើម្បីជម្រាបជូនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួល៕ រក្សាសិទ្ធដោយ៖សុទ្ធលី



