Friday, January 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរប្រកាសដកហូតឧបករណ៍នេសាទល្មើសច្បាប់គ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

កំពង់ធំ ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី១២ ខែឧសភាឆ្នាំ២០២២នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការដកហូតឧបករណ៍នេសាទល្មើសច្បាប់គ្រប់ប្រភេទ ក្នុងភូមិសាស្ដ្រខេត្តកំពង់ធំ។

បើតាមសេចក្តីជូនដំណឹង សូមជម្រាបជូនដល់បងប្អូនប្រជានេសាទទាំងអស់នៅក្នុងខេត្តកំពង់ធំ ឲ្យបានជ្រាបថា៖ ដើម្បីចូលរួមទប់ស្កាត់បទល្មើសជលផល នៅក្នុងដែននេសាទក្នុងខេត្តកំពង់ធំ និងដើម្បីប្រើប្រាស់ធនធានជលផលប្រកបដោយនិរន្តរភាព ស្របតាមខ្លឹមសារច្បាប់ស្តីពីជលផល និងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ រដ្ឋបាលខេត្តកំពង់ធំ សូមជម្រាបជូន បងប្អូនប្រជានេសាទទាំងអស់ដែលកំពុងនេសាទ និងរក្សាទុកឧបករណ៍នេសាទ ល្មើសច្បាប់មានដូចជា៖ អួនអូសទឹកសាំប ឧបករណ៍ឆក់ត្រី ម៉ាញ់ ឈិបយន្ត ទ្រូងអូសលៀសដោយម៉ាស៊ីន និង ឧបករណ៍នេសាទ ដែលបង្កើតថ្មី ឬឧបករណ៍នេសាទដែលគ្មានកំណត់ក្នុងប្រកាស របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងឧបករណ៍ល្មើសច្បាប់ដទៃទៀត ត្រូវប្រគល់ជូនអាជ្ញាធរមានសមត្ថកិច្ច នៅក្នុងមូលដ្ឋានរៀងៗខ្លួន ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ជាកំហិត ។

ទន្ទឹមនឹងនេះ សូមបងប្អូនប្រជា នេសាទទាំងអស់ត្រូវបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់ថ្នាំពុល សារធាតុគីមី និងសកម្មភាពដទៃទៀត ដែលបណ្តាលឲ្យ ប៉ះពាល់ដល់ធនធានជលផល ។ ករណីមិនអនុវត្តតាមសេចក្តីជូនដំណឹងខាងលើនេះ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ ជាន់ថ្នាក់ នឹងចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន ។

ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ប្រធានមន្ទីរបរិស្ថានខេត្ត អភិបាលនៃគណៈអភិបាលក្រុង/ស្រុក រដ្ឋបាលឃុំ សង្កាត់ពាក់ព័ន្ធ និងបងប្អូនប្រជានេសាទទាំងអស់ ត្រូវចូលរួមសហការអនុវត្តតាមសេចក្ដីជូនដំណឹងនេះ ឲ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×