Tuesday, May 24, 2022

លោកជំទាវ Wendy Sherman អនុរដ្ឋមន្ត្រីការបរទេសនៃសហរដ្ឋអាមេរិក លើកឡើងពីកង្វល់មួយចំនួន ទាក់ទងនឹង អភិវឌ្ឍមូលដ្ឋានទ័ពជើងទឹករាម និងស្ថានភាពលទ្ធិប្រជាធិបតេយ្យ របស់កម្ពុជា

អាមេរិក ៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានជំនួបទ្វេភាគីរវាងឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង លោកជំទាវអនុរដ្ឋមន្ត្រីការបរទេស Wendy Sherman។ លោកជំទាវ Wendy Sherman អនុរដ្ឋមន្ត្រីការបរទេសនៃសហរដ្ឋអាមេរិក បានលើកឡើងពីកង្វល់មួយចំនួនទាក់ទងនឹង អភិវឌ្ឍមូលដ្ឋានទ័ពជើងទឹករាម និងស្ថានភាពលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា , ចំពោះការអភិវឌ្ឍមូលដ្ឋានទ័ពជើងទឹករាម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអះអាងសាជាថ្មីអំពីការ ប្រកាន់ខ្ជាប់របស់កម្ពុជាចំពោះគោលការណ៍រដ្ឋធម្មនុញ្ញរបស់ខ្លួន ដែលហាមឃាត់វត្តមានយោធាបរទេស។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានពន្យល់ថា ទោះបីលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាមានភាពក្មេងខ្ចី ក៏ប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតយ៉ាងទៀងទាត់ ហើយបានលើកឡើងថា សិទ្ធិ និងសេរីភាព មិនមែនជាការគេចវេស ពីកាតព្វកិច្ចគោរពច្បាប់នោះទេ។

នៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២២ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ជួបពិភាក្សាការងារទ្វេភាគីជាមួយលោក ជំទាវ Wendy Sherman អនុរដ្ឋមន្ត្រីការបរទេសនៃសហរដ្ឋអាមេរិក នៅក្រសួងការបរទេសអាមេរិក រដ្ឋធានីវ៉ាស៊ីនតោន នៅអំឡុងពេលមុនកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានទទួលស្គាល់ថា ក្នុងរយៈពេលជាង៧០ឆ្នាំនៃទំនាក់ទំនង ទោះបីជាមាន ទស្សនៈខុសគ្នាខ្លះក៏ដោយ ក៏មានការខិតខំប្រឹងប្រែងយ៉ាងពិតប្រាកដ និងជាប់លាប់ក្នុងការពង្រឹង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ។ ពាណិជ្ជកម្មគឺជាគំរូដ៏ល្អ បំផុតនៃកិច្ចសហប្រតិបត្តិការដ៏ល្អដែលផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរ ជាពិសេសកម្មករស្តី ដ៏ច្រើនលើសលុបនៅក្នុងវិស័យវាយនភណ្ឌ ស្បែកជើង និងទំនិញធ្វើដំណើរ។ វិស័យសំខាន់ៗផ្សេង ទៀតរួមមានការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូរីដ-១៩ ការស្វែងរកអដ្ឋិធាតុទាហានអាមេរិក ការប្រឆាំងភេរវកម្ម ការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរ ប្រតិបត្តិការរក្សាសន្តិភាព កិច្ចសហប្រតិបត្តិការ វប្បធម៌ ជាពិសេសការអភិរក្ស និងការពារបេតិកភណ្ឌវប្បធម៌ ជាដើម។

លោកជំទាវអនុរដ្ឋមន្ត្រី បានគោរពកោតសរសើរកម្ពុជាចំពោះយុទ្ធនាការចាក់វ៉ាក់សាំងដែលទទួល បានជោគជ័យយ៉ាងត្រចះត្រចង់ និងបានសម្តែងអំណរគុណចំពោះសកម្មភាពឈរលើគោលការណ៍ របស់កម្ពុជា ក្នុងការគាំទ្រសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិស្ដីពីអ៊ុយក្រែន ដោយគិតគូរពីគោលការណ៍នៃការគោរពបូរណភាពទឹកដី និងការជៀសវាងការប្រើកម្លាំងប្រឆាំង នឹងរដ្ឋសមាជិកទាំងអស់នៃអង្គការសហប្រជាជាតិ។ លោកជំទាវបានសម្តែងការគាំទ្ររបស់សហរដ្ឋ អាមេរិកសម្រាប់ភាពជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំនេះ និងបានថ្លែងអំណរគុណកម្ពុជាសម្រាប់ការ គាំទ្រដល់ការសម្របសម្រួលកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិកនាពេលខាងមុខ។ លោកជំទាវក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានបំពេញតួនាទីជា ប្រេសិតពិសេសនៃប្រធានអាស៊ានលើបញ្ហាមីយ៉ាន់ម៉ា និងបានជំរុញឱ្យមានការប្រាស្រ័យទាក់ទងជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ លោកជំទាវក៏បានលើកឡើងពីកង្វល់មួយចំនួនទាក់ទងនឹង អភិវឌ្ឍមូលដ្ឋានទ័ពជើងទឹករាម និងស្ថានភាពលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា។

ជាការឆ្លើយតប ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា តាមរយៈបទពិសោធន៍ដ៏ឈឺចាប់ពី ជម្លោះ និងអំពើប្រល័យពូជសាសន៍អស់រយៈកាល៣០ឆ្នាំកន្លងមក កម្ពុជាតែងតែប្រកាន់យកនូវ វិធីសាស្ត្រប្រកបដោយសង្គតិភាពក្នុងការការពារសន្តិភាព និងគោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញ អង្គការសហប្រជាជាតិ នៅក្នុងការអនុវត្តនយោបាយការបរទេសរបស់ខ្លួន ជាពិសេសនៅក្នុងបរិបទ នៃបញ្ហាមីយ៉ាន់ម៉ា និងជម្លោះនៅអ៊ុយក្រែន។

ចំពោះការអភិវឌ្ឍមូលដ្ឋានទ័ពជើងទឹករាម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអះអាងសាជាថ្មីអំពីការ ប្រកាន់ខ្ជាប់របស់កម្ពុជាចំពោះគោលការណ៍រដ្ឋធម្មនុញ្ញរបស់ខ្លួន ដែលហាមឃាត់វត្តមានយោធាបរទេស។ កាយវិការដែលកម្ពុជាបានធ្វើឡើងក្នុងការអនុញ្ញាតឱ្យមានដំណើរទស្សនកិច្ចនានាទៅកាន់មូលដ្ឋាន នេះជាច្រើនលើកច្រើនសារ គឺជាកាយវិការដែលមិនធ្លាប់មានសម្រាប់ប្រទេសនានា បើពិនិត្យមើលពី ទិដ្ឋភាពក្នុង វិស័យយោធា។

អំពីស្ថានភាពលទ្ធិប្រជាធិបតេយ្យ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានពន្យល់ថា ទោះបីលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាមានភាពក្មេងខ្ចី ក៏ប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតយ៉ាងទៀងទាត់ចាប់តាំងពីឆ្នាំ ១៩៩៣ ហើយការបោះឆ្នោតទាំងនោះត្រូវបានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ទទួលស្គាល់ថា មានភាពសេរី យុត្តិធម៌ តម្លាភាព សន្តិភាព និងសណ្តាប់ធ្នាប់ល្អ។ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស តែងតែត្រូវបានរំលេចនៅក្នុងការបោះឆ្នោតទាំងនោះ ហើយការបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខ នឹងផ្ដល់វេទិកាសម្រាប់គណបក្សចំនួន ១៧ ចូលរួមប្រកួតប្រជែង។ ស្ថាប័នសារព័ត៌មានក្នុងទម្រង់ បោះពុម្ព និងឌីជីថលមានជាង២០០០ អង្គការក្រៅរដ្ឋាភិបាលជាង ៦០០០ សហជីពជាង ៦០០០ មានន័យថា រោងចក្រខ្លះមានសហជីព៥ ក្នុងរោងចក្រតែមួយ គឺជាតថភាពជាក់ស្តែងនៃលំហសេរីភាព និងវប្បធម៌ប្រជាធិបតេយ្យរបស់កម្ពុជា។ យ៉ាងណាក៏ដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា សិទ្ធិ និងសេរីភាពមិនមែនជាការគេចវេសពីកាតព្វកិច្ចគោរពច្បាប់នោះទេ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះការងារ របស់ប្រេសិតពិសេសស្តីពីបញ្ហាមីយ៉ាន់ម៉ា ហើយបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុង ការស្នើសុំឱ្យមានកិច្ចប្រជុំជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសតួអង្គដែលកំពុងស្ថិតនៅក្នុង ប្រទេសមីយ៉ាន់ម៉ា ដូចជាលោកស្រី អោង សាន់ស៊ូជី និងលោកអតីតប្រធានាធិបតី វីន មីន ដើម្បីជំរុញ វឌ្ឍនភាពនៃអាទិភាពក្នុងការបញ្ឈប់អំពើហិង្សា ការផ្ដល់ជំនួយមនុស្សធម៌ និងកិច្ចសន្ទនានយោបាយ ប្រកបដោយបរិយាប័ន្ន កម្ពុជានឹងបន្តការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះវិធីសាស្ត្រដែលដើរមួយជំហាន ម្តងៗ និងការផ្ដោតលើសកម្មភាពជាក់ស្ដែង តាមរយៈការអនុវត្តយន្តការកសាងទំនុកចិត្ត និងភាព ជឿជាក់ ក្នុងចំណោមភាគីពាក់ព័ន្ធផ្សេងៗ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី