ភ្នំពេញ : តុលាការកំពូល កាលពីព្រឹកថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២២នេះ បានតម្កល់ទោស ជនជាប់ចោទម្នាក់ ដែលត្រូវបានតុលាការថ្នាក់ក្រោម កាត់ទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងបទល្មើស រួមភេទជាអនិតិជនក្រោមអាយុ១៥ឆ្នំា ប្រព្រឹត្តនៅ ភូមិស្រែជម្រៅ សង្កាត់ ចោមចៅខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ និងត្រង់ចំណុចភូមិក្បាលជ្រោយ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល កាលពីអំឡុង ឆ្នាំ ២០២១។
លោក គង់ ស្រ៊ីម ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះនៃសាលាកំពូល បានថ្លែងឲ្យដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ គុន គឹមអូន ភេទប្រុស អាយុ ២៨ ឆ្នាំ ។ ចំណែកឯ ជនរងគ្រោះអាយុ ១៤ ឆ្នាំ មានទីលំនៅ នៅភូមិក្បាលជ្រោយ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល។
នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទ ត្រូវបានសាលាដំបូងខេត្តកណ្តាល កាលពីអំឡុងឆ្នាំ ២០២១ ផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ : « រួមភេទជាអនិតិជនក្រោមអាយុ១៥ឆ្នំា « តាមមាត្រា ៤២ នៃច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទ ។

ជនជាប់ចោទ បានប្តឹងឧទ្ធរណ៍ តែសាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានតម្កល់ទោសទណ្ឌកម្មរបស់គាត់រក្សាទុកជាបានការដដែល ។ គាត់ក៏ប្តឹងសារទុក្ខ មកតុលាការកំពូលទៀត។
ជនជាប់ចោទត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២១ នៅភូមិក្បាលជ្រោយ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល ៕ រក្សាសិទ្ធដោយ ចន្ទា ភា

