ភ្នំពេញ ៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាបង្គាប់ឲ្យឃុំខ្លួនអតីតអ្នកឧកញ៉ាម្នាក់នៅពន្ធនាគារ ពាក់ព័ន្ធករណីឆបោកតាមអនឡាញ និងលាងលុយកខ្វក់។
លោក ឆែ វិវឌ្ឍនៈ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទឈ្មោះលី គួង ភេទប្រុស អាយុ ៥០ឆ្នាំ នៅពន្ធនាគាររាជធានីភ្នំពេញ PJ ដើម្បីរង់ចាំការជំនុំជម្រះទោសតាមនីតិវិធីច្បាប់ បន្ទាប់ពីបានរកឃើញមានពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួន ជនត្រូវចោទរូបនេះត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទល្មើសមួយចំនួន រួមមានការជ្រើសរើសដោយមិនស្របច្បាប់សម្រាប់កេងប្រវ័ញ្ច បទឆបោកមានស្ថានទម្ងន់ទោស ជាក្រុមមានការចាត់តាំង និងបទសម្អាតប្រាក់។ បទល្មើសទាំងនេះត្រូវបានប្រព្រឹត្តនៅក្នុងប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។
យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួន ជននេះត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទល្មើសរួមមាន៖ ការជ្រើសរើសដោយមិនស្របច្បាប់សម្រាប់កេងប្រវ័ញ្ច បទឆបោកមានស្ថានទម្ងន់ទោស ជាក្រុមមានការចាត់តាំង និងបទសម្អាតប្រាក់ ដែលបានប្រព្រឹត្តនៅក្នុងប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន បទល្មើសមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៣៧៧ និងមាត្រា ៣៨០ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
ការសម្រេចឃុំខ្លួននេះ ធ្វើឡើងបន្ទាប់ពីកម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវយ៉ាងច្បាស់លាស់ និងរកឃើញភស្តុតាងដែលបង្ហាញពីសកម្មភាពមិនប្រក្រតី ក្នុងការកេងប្រវ័ញ្ចទ្រព្យសម្បត្តិរបស់អ្នកដទៃ ក្នុងរូបភាពជាការវិនិយោគ ឬការរកស៊ីដែលគ្មានតម្លាភាព រួចយកថវិកាទាំងនោះទៅធ្វើចរាចរណ៍ដើម្បីបន្លំភ្នែកសមត្ថកិច្ច សម្អាតប្រាក់ និងបានប្រើប្រាស់ទីតាំងកាស៊ីណូ និងសណ្ឋាគារ ដើម្បីបង្ខាំងមនុស្សឱ្យធ្វើការឆបោកអនឡាញ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។
បច្ចុប្បន្នជននេះ ត្រូវបានបញ្ជូនទៅកាន់មណ្ឌលអប់រំកែប្រែ ដើម្បីអនុវត្តតាមដីកាសម្រេចរបស់ចៅក្រមស៊ើបសួរ។ សំណុំរឿងនេះកំពុងស្ថិតក្នុងដំណាក់កាលស៊ើបសួរយ៉ាងយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀតមកផ្តន្ទាទោសតាមច្បាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី





