Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី២រូបរបស់កម្ពុជា ជួបសមាជិកសភាពអាមេរិក ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងប្រទេសកម្ពុជា ជាមួយសហរដ្ឋអាមេរិក

spot_img

អាមេរិក៖ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឆ្លៀតជួបជាមួយសមាជិកសភារបស់អាមេរិក ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងប្រទេសកម្ពុជា ជាមួយសហរដ្ឋអាមេរិក ព្រមទាំងចែករំលែកអំពីវឌ្ឍនភាព-បរិយាកាសធុរកិច្ចនៅកម្ពុជា។

ក្នុងដំណើរទៅកាន់សហរដ្ឋអាមេរិក ទាំងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា, មន្ត្រីជាន់ខ្ពស់ និងអ្នកធ្វើធុរកិច្ចរបស់កម្ពុជា ដែលបានអញ្ជើញអមដំណើរសម្តេចតេជោ បានប្រឹងប្រែង និងព្យាយាមក្នុងការស្វែងរកឱកាសពង្រឹង និងពង្រីកលើកិច្ចសហប្រតិបត្តិការលើការធ្វើពាណិជ្ជកម្ម និងវិនិយោគជាមួយសហរដ្ឋអាមេរិក។ បើទោះបីពេលវេលាខ្លីយ៉ាងណា តែសម្តេចតេជោ ហ៊ុន សែន ព្រមទាំងមន្ត្រីជាន់ខ្ពស់ និងអ្នកធ្វើធុរកិច្ច ដែលបានអមសម្តេច បានបែងចែកគ្នា ក្នុងការជួបជាមួយមន្ត្រី និងអ្នកធ្វើធុរកិច្ចរបស់អាមេរិក។

ថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០២២ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយ ឯកឧត្ដម ប៉ាន សូរស័កិ្ដ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ព្រមទាំងគណ:ប្រតិភូកម្ពុជា បានជួបពិភាក្សាជាមួយឯកឧត្ដម Ron Estes តំណាងរាស្ត្រនៅសង្កាត់ទី៤ នៃរដ្ឋ Kansas និងលោកជំទាវ Carol Miller តំណាងរាស្ត្រនៅសង្កាត់ទី៣ នៃរដ្ឋ West Virginia។

នៅក្នុងជំនួបពិភាក្សាការងារនេះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានជម្រាបជូនសមាជិកសភាអាមេរិកទាំងពីររូបអំពីការរីកចម្រើនរបស់កម្ពុជា វឌ្ឍនភាព និងសក្ដានុពលនៃការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន កំពង់ផែ និងភស្ដុភារកម្ម។ ជាមួយគ្នានោះ ឯកឧត្ដម ប៉ាន សូរស័កិ្ដ ក៏បានលើកឡើងអំពីបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគ និងពាណិជ្ជកម្មពាក់ព័ន្ធនឹងវិស័យឧស្សាហកម្មរ៉ែ ថាមពល និងប្រេងកាត ព្រមទាំងវិស័យកាត់ដេរ ជាពិសេសច្បាប់ស្ដីពីការវិនិយោគកម្ពុជា ដែលមានលក្ខណៈបើកចំហដ៏ល្អប្រសើរជាងគេមួយនៅតំបន់អាស៊ី។
ទន្ទឹមនឹងនោះដែរ ឯកឧត្ដម Ron Estes បានលើកឡើងពាក់ព័ន្ធនឹងបច្ចេកវិទ្យានៃការផលិតយន្តហោះ យានយន្ត និងឧស្សាហកម្មកម្មន្តសាលផ្សេងៗសម្រាប់នាំចេញទៅក្រៅប្រទេស និងលោកជំទាវ Carol Miller បានផ្ដោតលើវិស័យឧស្សាហកម្មថាមពល ដូចជា៖ ធ្យូងថ្ម ប្រេង និងឧស្ម័ន ដែលគោលបំណងសំខាន់នៃការលើកឡើងនេះ សំដៅចង់រឹតចំណងទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការ ពាណិជ្ជកម្ម និងវិនិយោគ ដើម្បីជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិកអនុគណៈកម្មាធិការទាំងពីរ ព្រមទាំងបានថ្លែងអំណរគុណចំពោះសហរដ្ឋអាមេរិកដែលបានផ្តល់ភាពអនុគ្រោះសម្រាប់ផលិតផលធ្វើដំណើរ ដែលបានចូលរួមចំណែកក្នុងការបង្កើនទំហំពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ ដែលនាំឱ្យសេដ្ឋកិច្ចកម្ពុជាស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សពីវិបត្តិជំងឺកូវីដ-១៩ ព្រមទាំងបានជម្រាបអំពីសមិទ្ធផលថ្មីៗ និងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចនៅកម្ពុជា ដូចជា ១) ការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗ ជាពិសេសកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន និងកម្ពុជា-កូរ៉េ និងកំពុងចរចាជាមួយដៃគូផ្សេងៗទៀត ២) ការដាក់ចេញនូវក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ ៣) ការកសាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តថ្មីៗ ៤) ការបន្តធ្វើទំនើបកម្មសេវាសាធារណៈ ការកាត់បន្ថយនីតិវិធីនិងកិច្ចសម្រួលពាណិជ្ជកម្មនានា ដែលបានជួយសម្រួលយ៉ាងច្រើនដល់ការធ្វើធុរកិច្ចនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។

ជាការឆ្លើយតប សមាជិកអនុគណៈកម្មាធិការទាំងពីរ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាពក្នុងការគ្រប់គ្រងស្ថានភាពនៃជំងឺកូវីដ-១៩ ដ៏មានប្រសិទ្ធភាពរបស់កម្ពុជា ក៏ដូចជាអបអរសាទរចំពោះការសម្រេចបាននូវសមិទ្ធផលថ្មីរបស់កម្ពុជា និងការងើបឡើងវិញយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចរបស់កម្ពុជា។
លើសពីនេះ សមាជិកអនុគណៈកម្មាធិការទាំងពីរ បានជម្រាបអំពីការយកចិត្តទុកដាក់របស់អាមេរិកលើបញ្ហាបរិស្ថាន ការប្រែប្រួលអាកាសធាតុ បទដ្ឋានការងារ ព្រមទាំងបានស្នើឱ្យកម្ពុជាពិនិត្យលទ្ធភាពក្នុងការនាំចូលឧស្ម័នហ្គាសពីសហរដ្ឋអាមេរិកបន្ថែមផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី និង ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្នើឱ្យសមាជិកសភាសហរដ្ឋអាមេរិក មកធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យវឌ្ឍនភាពជាក់ស្តែងនៅកម្ពុជា ព្រមទាំងបានអំពាវនាវឱ្យធុរជនអាមេរិកមកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត។

សូមជម្រាបជូនផងដែរថា ឯកឧត្ដមទេសរដ្ឋមន្ត្រី បានអញ្ជើញសមាជិកសភាអាមេរិកទាំងពីររូបមកបំពេញទស្សនកិច្ចនៅកម្ពុជានៅចុងខែសីហា ឆ្នាំ២០២២ នាពេលខាងមុខ ហើយជាការឆ្លើយតបសមាជិកសភាអាមេរិកទាំងពីររូប បានបញ្ជាក់ពីចំណាប់អារម្មណ៍របស់លោក ក្នុងការមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីបន្តជជែកពិភាក្សាបន្ថែមទៀតអំពីកិច្ចសហប្រតិបត្តិការ ក្នុងការពង្រីកសកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា សំដៅជំរុញវិនិយោគិនអាមេរិកមកបណ្ដាក់ទុននៅកម្ពុជាបន្ថែមទៀត និងអាចមើលឃើញអំពីស្ថានភាពរីកចម្រើនរបស់កម្ពុជាដោយផ្ទាល់ផងដែរ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×