Friday, January 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានអាស៊ាន ជំរុញឱ្យបង្កើនកិច្ចសន្ទនាទូលំទូលាយថែមទៀត ចំពោះវិបត្តិអ៊ុយក្រែន-រុស្ស៉ី ដើម្បីបញ្ចប់ការប្រទូសរ៉ាយ

ភ្នំពេញ ៖ ក្នុងភាពជាសហប្រធានស្មើមុខស្មើមាត់ រវាង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន និងលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក, សម្ដេចតេជោ ហ៊ុន សែន បានជំរុញឲ្យមានការបន្តកិច្ចសន្ទនានយោបាយទូលំទូលាយ ថែមទៀតចំពោះវិបត្តិអ៊ុយក្រែន-រុស្ស៉ី ដើម្បីបញ្ចប់ភាពប្រទូសរ៉ាយ និងស្តារសន្តិភាពឡើងវិញ។

ការជំរុញរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន នាថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២, ហើយក្រសួងការបរទេសកម្ពុជា បានបញ្ជាក់បន្ថែមថា ពាក់ព័ន្ធនឹងបញ្ហាតំបន់ និងអន្តរជាតិ ជាពិសេស វិបត្តិអ៊ុយក្រែន-រុស្ស៊ី សម្តេចតេជោ ហ៊ុន សែន បានអះអាងឡើងវិញអំពីជំហររបស់កម្ពុជា ថា នាពេលកន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសប្រកាន់ជំហរប្រឆាំងដាច់ខាតចំពោះប្រទេសណាក៏ដោយ ដែលប្រើប្រាស់កម្លាំងយោធាដើម្បីឈ្លានពានប្រទេសដទៃ។ រាជរដ្ឋាភិបាលកម្ពុជា សូមគាំទ្រទាំងស្រុងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីដោះស្រាយវិបត្តិមនុស្សធម៌ និងការស្វែងរកដំណោះស្រាយសន្តិភាពមួយ ដើម្បីបញ្ចប់ជម្លោះនេះ។

គួរបញ្ជាក់ថា អង្គការសហប្រជាជាតិ កាលពីថ្ងៃទី០២ ខែមីនា បានរៀបចំមហាសន្និបាតជាបន្ទាន់មួយដើម្បីរៀបចំការបោះឆ្នោត លើសេចក្តីសម្រេចថ្កោលទោស និងទាមទារឱ្យរុស្ស៉ី ដកកងទ័ពចេញពីអ៊ុយក្រែន។ ក្នុងចំណោមប្រទេសសមាជិកទាំងអស់មាន ១៤១ប្រទេស បានបោះឆ្នោតគាំទ្រសេចក្តីសម្រេចនេះ ក្នុងនោះមានកម្ពុជាមួយផងដែរ, ៥ប្រទេសមិនគាំទ្រ ខណៈ ៣៥ប្រទេសអនុបវាទ, គ្រានោះ កម្ពុជា ត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិក បង្ហាញការកោតសរសើរ និងថ្លែងអំណរគុណ។

សូមបញ្ជាក់ថា នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ទីក្រុងវ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋអាមេរិក រយៈពេល២ថ្ងៃ គឺថ្ងៃ១២-១៣ ខែឧសភា ឆ្នាំ២០២២ ដែលលទ្ធផលទទួលបានជោគជ័យនិងផ្លែផ្កាជាច្រើនសម្រាប់អាស៊ាន និងប្រជាជនកម្ពុជា៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×